បណ្ណាល័យសាស្ត្រាស្លឹករឹតធំជាងគេនឹងត្រូវសម្ពោធក្រោមព្រះរាជវត្តមាននៃព្រះមហាក្សត្រ
  • ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៧ នាទី រសៀល
បណ្ណាល័យសាស្ត្រាស្លឹករឹតធំជាងគេនឹងត្រូវសម្ពោធក្រោមព្រះរាជវត្តមាននៃព្រះមហាក្សត្រ
លោក ឡេង កុកអាន ប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ

នៅថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី នឹងយាង ជាព្រះរាជអធិបតីភាពសម្ពោធបណ្ណាល័យព្រះវនរ័ត កែន វង្ស ដែលជាទីតាំងរក្សាអភិរក្សសាស្ត្រាស្លឹករឹតដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ បណ្ណាល័យព្រះវនរ័ត កែន វង្ស ស្ថិតនៅក្នុងអគារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ (Fonds pour l’édition des Manuscrits du Cambodge)។ វិទ្យាស្ថាននេះដែលជាកម្មវិធីមួយរបស់សាលាបារាំងចុងបូព៌ាប្រទេស (EFEO) មានទីតាំងនៅក្នុងវត្តឧណ្ណាលោម។
TTN-Free-Banner-In-Article-PC

លោកសាស្ត្រាចារ្យ អូលីវីយេ ដឺ ប៊ែរណុង (Oliver de BERNON) ដែលជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរបានវាយតម្លៃថា៖«ព្រះរាជវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រនៅក្នុងពិធីសម្ពោធបណ្ណាល័យព្រះវររ័ត កែន វង្ស បង្ហាញពីព្រះរាជហឬទ័យយកចិត្តទុកដាក់បំផុតរបស់ព្រះអង្គចំពោះកិច្ចការអភិរក្ស ការការពារ និងការសិក្សាស្រាវជ្រាវសម្បត្តិបេតិកភណ្ឌខ្មែរ។»។ លោកសាស្ត្រាចារ្យរបស់សាលាបារាំងចុងបូព៌ាប្រទេសក៏បានកត់សម្គាល់ផងដែរថា ព្រះរាជអធិបតីភាពរបស់អង្គព្រះមហាក្សត្រនៅក្នុងពិធីសម្ពោធបណ្ណាល័យស្លឹករឹតនោះ ក៏ជាការប្រទានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតដល់បេសកកម្មរបស់សាលាបារាំងចុងបូព៌ាប្រទេសផងដែរ។


បណ្ណាល័យសាស្ត្រាស្លឹករឹតនឹងបើកទទួលតែអ្នកស្រាវជ្រាវតែប៉ុណ្ណោះ គឺពុំមែនសម្រាប់សាធារណជនទូទៅឡើយ។

មានសាស្ត្រាស្លឹករឹតប្រមាណ៩០០០ខ្សែដែលត្រូវបានប្រមូល និងរក្សាទុកនៅក្នុងបណ្ណាល័យព្រះវនរ័ត កែន វង្ស។ ការប្រមូល និងអភិរក្សសាស្ត្រាស្លឹករឹត គឺជាកិច្ចការងារបន្តពីព្រះវនរ័ត្ន កែន វង្ស អតីតចៅអធិការវត្តសារាវ័នដែលជាអ្នកស្រឡាញ់ និងប្រមូលសាស្ត្រាស្លឹករឹតរក្សាទុកនៅក្នុងវត្តសារាវ័នតាំងពីឆ្នាំ១៩៧៩។ នេះជាមូលហេតុដែលបណ្ណាល័យសាស្ត្រាស្លឹករឹតត្រូវបានដាក់ឈ្មោះជាបណ្ណាល័យព្រះវនរ័ត កែន វង្ស។



ក្នុងឆ្នាំ១៩៩០ សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតវិទ្យាស្ថានអភិរក្សសាស្ត្រាស្លឹករឹត ហើយបានជ្រើសរើសតែងតាំងលោកសាស្ត្រាចារ្យ អូលីវីយេ ដឺ ប៊ែរណុង (Olivier de BERNON) ជាអ្នកគ្រប់គ្រងវិទ្យាស្ថាន។ លោកសាស្ត្រាចារ្យ អូលីវីយេ បានធ្វើកិច្ចការប្រមូល និងរក្សាសាស្ត្រាស្លឹករឹតទាំងនេះជាមួយនឹងសហការីខ្មែររបស់លោកម្នាក់ គឺលោក ឡេង កុកអាន ដែលសព្វថ្ងៃគឺជាប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថាន។



ទើបតែនៅក្នុងឆ្នាំ ២០២១ វិទ្យាស្ថានបានបង្កើនការប្រមូលសាស្ត្រាស្លឹករឹតពីតាមបណ្ដាវត្តអារាមនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសពីវត្តមួយចំនួននៅក្នុងខេត្តកំពង់ចាម ទើបធ្វើឱ្យចំនួនសាស្ត្រាស្លឹករឹតកើនឡើង។ បន្ទាប់មក ដោយមានសមានចិត្តស្រឡាញ់ និងគាំទ្រការអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ លោកស្រី ខៀវ ស៊ីណា ដែលជាភរិយាលោកអតីតទេសាភិបាល ជា​ ចាន់តូ បានឧបត្ថម្ភការជួសជុលអគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ​ឡើងវិញដើម្បីរៀបចំបណ្ណាល័យផង។

លោក ឡេង កុកអាន ប្រធានផ្នែកអភិរក្ស សាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរគឺជាមនុស្សចម្បងម្នាក់ដែលបានបំពេញការងារច្រើនទាក់ទងនឹងការប្រមូលសាស្ត្រាស្លឹករឹតបន្ថែមជាច្រើនពីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជា។



លោក កុកអាន បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗនៅក្នុងបណ្ណាល័យយ៉ាងដូច្នេះថា លោកមានមោទនភាពដែលលោកបានចូលរួមចំណែកក្នុងការងារអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលជាកម្រងក្បូនច្បាប់ ប្រវត្តិប្រពៃណីរបស់ខ្មែរ៕





អ្នកសរសេរអត្ថបទ

Mr. LEANG Delux, born in 1980, from Kampong Cham province, started his career as journalist in 2000 after graduated from RUPP where he received a Bachelor degree in French literature and a diploma in Journalism. Prior to holding the current position as Publisher of the well-known online news, www.thmeythmey.com, which he is a founder, Mr. Delux has worked for some renowned media outlets such as: french speaking newspaper Cambodge soir (2000-2009), Radio France Internationale (2002-2013) and Rasmei Kampuchea (2009-2011). While carrying out his journalism career, Mr. LEANG Delux has actively involved in training young journalists. He also won many prize writing contests organized by embassies and NGOs in Cambodia and had covered many international events abroad.

© រក្សាសិទ្ធិដោយ thmeythmey.com

លាង ដឺ​លុច