១ខែដំបូងដើមឆ្នាំ កម្ពុជាបានចំណូល ១៨៧លានដុល្លារ ពីការនាំចេញស្រូវអង្ករ
- ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលប្រមាណ ១៨៧លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ ក្នុងខែមករា។

បើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក្នុងខែមករាកន្លងទៅ កម្ពុជាបាននាំចេញអង្ករ ៥៩ ០៨៦តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤៨.០៣លានដុល្លារ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងប្រមាណ ៦១៩ ៤៨៩តោន ឬស្មើ ១៣៩.៣៨លានដុល្លារផងដែរ។ ដូច្នេះ ទំហំទឹកប្រាក់សរុបបានមកពីការនាំចេញផលិតផលទាំងពីរនេះមានចំនួន ១៨៧.៤២លានដុល្លារ។
គោលដៅសំខាន់នៃការនាំចេញអង្ករកម្ពុជា មានចំនួន ៤៥ប្រទេស ក្នុងនោះ បណ្ដាប្រទេសនៅអឺរ៉ុបបញ្ជាទិញច្រើនជាងរហូតដល់ ៣៦ ៧១៤តោន ឬស្មើ ២៩.៧៩ លានដុល្លារ។ ចំណែក អាហ្រ្វិក និងមជ្ឈឹមបូព៌ា ឈរលេខ២ ដែលទិញក្នុងចំនួន ៩១ ៨៧តោន ឬស្មើ ៨.៣៧លានដុល្លារ, ប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ៩ ៤១៣តោន ឬស្មើ ៧.៣១លានដុល្លារ ឯចិន និងតំបន់បាលស្វយ័តបញ្ជាទិញចំនួន ៣ ៧៧២តោន ឬស្មើ ២.៥៦លានដុល្លារ។
អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់ ៩៣ភាគរយ។ ក្រៅពីនោះ ក៏មានអង្ករសគ្រាប់វែង អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ។ នេះតាមសហព័ន្ធស្រូវអង្ករ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: