បន្ថែមពីរាជវាំង ហាមបង្ហោះដ្រូននៅតំបន់ លំនៅដ្ឋានប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី
- ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:៥០ នាទី ល្ងាច

ភ្នំពេញ៖ ស្ថាប័នបីរួមគ្នាចេញបទប្បញ្ញត្តិ ហាមមិនឱ្យមានការបង្ហោះដ្រូន នៅតំបន់ លំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ស្ថាប័នរដ្ឋ មូលដ្ឋានយោធា រោងចក្ររ៉ែ ប្រេង ឧស្ម័ន និងអគ្គិសនីជាដើម។

ប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក(ដ្រូន) របស់ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញថ្ងៃទី១៤កុម្ភៈ មាន៦ជំពូក និង១៣ប្រការ។ ប្រកាសអន្តរក្រសួង ចែងពីគ្រប់គ្រងទិន្នន័យដ្រូន តំបន់ហាមឃាត់ និងការប្រើប្រាស់ដ្រូន ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ព្រះបរមរាជវាំង, ស្ថាប័នរដ្ឋ, មន្ទីរពេទ្យ, សាលារៀន និងផ្សារ, ពហុកីឡដ្ឋាន, តំបន់រមណីដ្ឋានអង្គរ និងបរិវេណប្រាសាទ, លំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី, និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ, មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ, ទីតាំង ឬឃ្លាំង ស្តុកសារធាតុងាយឆេះ ឬងាយផ្ទុះឆេះ, ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ រោងចក្រអគ្គិសនី និងអនុស្ថានីយ ត្រូវបានហាមមិនឱ្យបង្ហោះដ្រូន លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នសាមី។ នេះបើតាមប្រកាស៧ ហើយប្រកាស១០ ក៏ចែងមិនអនុញ្ញាតឱ្យបង្ហោះដ្រូន ក្នុងបរិវេណរង្វង់៤គីឡូម៉ែត្រ និងកម្ពស់មិនឱ្យលើសពី៩០ម៉ែត្រ ពីរបងអាកាសយានដ្ឋានស៊ីវិល និងអាកាសយានដ្ឋានយោធា។
ចំណែក អ្នកបង្ហោះដ្រូន ដែលផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើង សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ត្រូវតែយល់ដឹងពីអាកាសធាតុ បង្ហោះពីម៉ោង៦ព្រឹកដល់៦ល្ងាច និងត្រូវទទួលខុសត្រូវព្យសនកម្មនៃសកម្មភាពរបស់ខ្លួន។ ជាមួយគ្នាដែរ ហាមមិនឱ្យសំកាំង ឬឆ្វែសលើទីតាំងឯជន, មិនត្រូវបង្ហោះលើក្រុមមនុស្ស និងហ្វូងសត្វ, មិនត្រូវបង្ហោះលើទីតាំងឧបទ្ទវហេតុ, មិនត្រូវបង្ហោះផ្សព្វផ្សាយ ឬខិតបណ្ណឃោសនា និងហាមថតរូប សំឡេង ឬវីដេអូ ដោយគ្មានការអនុញ្ញាត។
អ្នកកាន់កាប់ដ្រូន ផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅ ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ត្រូវធ្វើស្វ័យប្រកាសទិន្នន័យដ្រូន នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ការធ្វើស្វ័យប្រកាសនេះ មិនមានការបង់ប្រាក់ឡើយ។
ចំពោះការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ដ្រូន ដែលផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅ ក្នុងវិស័យកសិកម្ម មន្ទីរកសិកម្មជាអ្នកទទួលខុសត្រូវ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com