- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:៣៣ នាទី ព្រឹក

សៀមរាប៖ ជំនាញគូរគំនូរមិនស្ថិតក្នុងចំណោមអាជីពដែលទទួលបានការឱ្យតម្លៃខ្លាំងឡើយនៅកម្ពុជា។ បូកផ្សំនឹងភាពមិនទៀងទាត់នៃចំណូលផងនោះ អាណាព្យាបាលខ្លះមិនចង់ឱ្យកូនជ្រើសរើសជំនាញសិល្បៈគំនូរនេះជាអាជីពប្រចាំជីវិតឡើយ។ សិល្បករ លឹម គន្ធា ស្ថិតក្នុងចំណោមអ្នកដែលប្រឈមសម្ពាធពីគ្រួសារពេលជ្រើសរើសជំនាញគូរគំនូរ។ ប៉ុន្តែគន្ធាបានព្យាយាមជម្នះឧបសគ្គដ៏ធំនេះ ហើយចាប់យកអាជីពជាសិល្បករគំនូរ និងក្លាយជាគ្រូបង្រៀនផ្នែកគំនូរដល់កុមារថែមទៀតផង។ គោលដៅចម្បងរបស់គន្ធា គឺព្យាយាមប្រើចំណេះបណ្តុះបណ្តាលក្មេងៗ និងជំរុញលើកទឹកចិត្តអាណាព្យាបាលឱ្យប្តូរការគិតលើជំនាញ គូរគំនូរ និងតបស្នងដល់ការលះបង់របស់ស្ត្រីជនជាតិជប៉ុនមួយរូបដែលបើកសាលាគំនូរនេះឡើង។
ធ្វើដំណើរតាមបណ្តោយ “ផ្លូវឫស្សី Bamboo Street» ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មិនឆ្ងាយពីវត្តដំណាក់ គេអាចឃើញផ្ទះវីឡាពីរជាន់មួយកន្លែងដែលត្រូវបានគេប្រើប្រាស់ជាថ្នាក់ រៀនគំនូរសម្រាប់កុមារ។ នៅខាងមុខមានស្លាក «Small Art School» ដែលត្រូវបានបង្កើតឡើង និងស្ថិតក្រោមការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីសំណាក់ជនជាតិជប៉ុនលោកស្រី Tomoko Kashahara។
ពេលដើរចូលទៅដល់ខាងក្នុងបរិវេណសាលា គេអាចសង្កេតឃើញមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែការណ៍ដែលគ្មានសំឡេងអ៊ូអរ នេះ មិនមែនមានន័យថា គ្មានសិស្សកំពុងរៀនទេ។ នៅក្នុងថ្នាក់រៀនជាន់ទីពីរ គេសង្កេតឃើញ មានក្មេងៗតូចពេញប្រៀប។ សិស្សនិមួយៗហាក់ព្យាយាមផ្ចង់អារម្មណ៍ស្លុងនឹងសន្លឹកកិច្ចការគំនូរដែលគេកំពុងគូរ ដោយមិនអនុញ្ញាតឱ្យអារម្មណ៍ងាយនឹងរងការរំខានពីសកម្មភាពផ្សេងឡើយ។
ងាកទៅមើលការរៀបចំបន្ទប់វិញ គេអាចឃើញតុវែងដែលត្រូវបានគេតម្រៀបជាប់គ្នាសម្រាប់ឱ្យសិស្សអង្គុយទល់មុខគ្នាពេលគូរគំនូរ។ បើនៅលើជញ្ជាំងឯណោះវិញ វាក៏មានដាក់តាំងផ្ទាំងគំនូរតូចធំច្រើនស្អេកស្កះ ដែលក្នុងចំណោមគំនូរទាំងនោះមានខ្លះជាស្នាដៃរបស់សិស្ស ហើយខ្លះទៀតជាស្នាដៃរបស់គ្រូនៅក្នុងសាលា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គំនូរភាគច្រើនមានពណ៌ឆើតឆាយ មានបង្ហាញពីធម្មជាតិ បង្កប់ដោយដើមឈើ។ ខ្លះទៀតបង្ហាញពីទិដ្ឋភាពគ្រួសារ ដែលលំអរដោយរូបក្មេងៗ និងឪពុកម្តាយជាដើម។ ក្រៅពីអាចធ្វើឱ្យអ្នកមកទស្សនាមានអារម្មណ៍រីករាយ អត្ថន័យនៃគំនូរទាំងនេះក៏បង្ហាញឱ្យឃើញពីអារម្មណ៍ស្រមើស្រមៃរបស់ក្មេងៗដែលរៀនគូរគំនូរដូចគ្នា។
នៅក្បែរតុនីមួយៗ គេក៏សង្កេតឃើញមានវត្តមានគ្រូបង្រៀនគំនូរដែលនៅចាំបកស្រាយចម្ងល់ និងណែនាំកុមារតូចៗដែរ។ ក្នុងចំណោមគ្រូបង្ហាត់គំនូរនោះគឺមាន លោក លឹម គន្ធា ដែលបានចាប់យកអាជីពជាគ្រូគំនូរ និងជាសិល្បករគំនូរអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
«ខ្ញុំគិតថា មានតែសាលានេះទេ ដែលដាក់តម្កល់សា្នដៃកុមារតូចតាមការស្រមៃច្រើនបែបនេះនៅស្រុកខ្មែរ»។ គន្ធា ថ្លែងបែបនេះអមដោយសំណើចតិចៗផង។
មុនមកដល់បច្ចុប្បន្ន គន្ធា បានចាប់ផ្តើមពីការរៀនគូរគំនូរដូចគ្នាទៅនឹងក្មេងៗដែលលោកកំពុងបង្រៀនបច្ចុប្បន្នដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ គន្ធាមានដំណើរផ្សងព្រេងដ៏វែងឆ្ងាយមួយ និងប្រឹងជម្នះឧបសគ្គជាច្រើនមុននឹងឈានទៅចាប់យកអាជីពគូរគំនូរ និងក្លាយជាគ្រូបង្រៀនគំនូរដូចបច្ចុប្បន្ន។
ស្រលាញ់គំនូរ ប៉ុន្តែគ្មានការលើកទឹកចិត្តពីគ្រួសារ និងមនុស្សជុំវិញ
មានស្រុកកំណើតភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្ថិតក្នុងក្រុងសៀមរាបដែរ គន្ធា មានឪពុកម្តាយជាអាជីវករដែលប្រកបរបរលក់ដូរកៅអីធ្វើពីថ្មដុស។ បើតាមសិល្បករគំនូរមានវ័យ ៣៤ឆ្នាំរូបនេះ ការក្លាយជាសិល្បករគំនូរ និងជាគ្រូបង្រៀនគំនូរដល់កុមារតូចៗមិនមែនជារឿងចៃដន្យ និងងាយស្រួលនោះទេ។
ក្រោយរៀនចប់វិទ្យាល័យភ្លាមក្នុងឆ្នាំ ២០១០ គន្ធា ចង់បន្តការសិក្សាជំនាញស្ថាបត្យកម្មឯណោះទេ។ ប៉ុន្តែបំណងតែមួយនេះមិនបានទទួលជោគជ័យទេ ដ្បិតខ្វះការគាំទ្រពីគ្រួសារ និងមានបញ្ហាហិរញ្ញវត្ថុផង។ ផ្ទុយទៅវិញ គន្ធាត្រូវបង្ខំចិត្តសិក្សាជំនាញផ្សេងដែលខ្លួនមិនស្រលាញ់ពេញចិត្ត ដើម្បីបំពេញបំណងមា្តយឪពុក។ នោះគឺជំនាញអក្សរសាស្ត្រអង់គ្លេស។
«ពេលចប់វិទ្យាល័យភ្លាម ខ្ញុំចង់រៀនស្ថាបត្យកម្ម។ ខ្ញុំស្រលាញ់ជំនាញនេះខ្លាំង។ ប៉ុន្តែយើងខ្វះធនធាន និងការគាំទ្រ»។ ឪពុកម្តាយខ្ញុំស្នើឱ្យខ្ញុំរៀនជំនាញអក្សរសាស្ត្រអង់គ្លេសទាំងដែលខ្ញុំមិនចង់រៀនផង»។ គន្ធា រំលឹកអតីតកាលខ្លួនដូច្នេះ។
ក្នុងពេលកំពុងសិក្សាអក្សរសាស្ត្រអង់គ្លេស គន្ធា ក៏ព្យាយាមស្វែងរកថវិកាខ្លះៗផងដើម្បីគាំទ្រដល់ការសិក្សាខ្លួនឯង ក្នុងគោលបំណងកាត់បន្ថយបន្ទុកគ្រួសារ។ ដូច្នេះហើយ អាជីពដំបូងដែល គន្ធា ចាប់យកនាពេលនោះគឺ ជាកូនកាំបិត ឬចុងភៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងខេត្ត។
រហូតដល់ឆ្នាំ ២០១១ គន្ធា មានឱកាសបានស្គាល់សាលាគំនូរ Small Art School តាមរយៈការណែនាំពីមិត្តភក្តិ។ ដោយការរៀនគំនូរ គោលដៅចម្បងរបស់យុវជនរូបនេះ គឺចាប់យកអាជីពជាសិល្បករគំនូរ។ ប៉ុន្តែដំណើរកសាងអាជីពផ្ទាល់ខ្លួនរបស់លោក គន្ធា បានរងព្យុះភ្លៀងច្រើនមិនតិចដែរ។
«ជំនាញជាជាងគំនូរ មិនទូលំទូលាយដូចជំនាញផ្សេងៗទេ។ ទោះវាជាក្តីស្រមៃខ្ញុំ ប៉ុន្តែយើងប្រឈមឧសគ្គច្រើន»។ គន្ធារៀបរាប់បែបនេះ ដោយលើកឡើងពីការជំទាស់ពីអាណាព្យាបាល និងអ្នកនៅជុំវិញខ្លួន។
គន្ធា បន្ថែមដូច្នេះ៖ «គេថា រៀនចប់វិទ្យាល័យ១២ឆ្នាំហើយ មករៀនត្រឹមជំនាញគំនូរកំប៉ិកកំប៉ុក។ ប៉ុន្តែខ្ញុំបានស្នើសុំទៅឪពុកម្តាយខ្ញុំឱ្យទុកពេលឱ្យខ្ញុំពីរឆ្នាំសិន។ បើសិនជាខ្ញុំមិនកើតជាការ ឬរកលុយមិនបានចិញ្ចឹមជីវិត ខ្ញុំនឹងព្រមតាមការចាត់ចែងរបស់ពួកគាត់លើជីវិតខ្ញុំ»។
ដូចការសន្យា គន្ធាបានខិតខំប្រឹងប្រែងរហូតទទួលជោគជ័យនៅលើផ្លូវដែលខ្លួនជ្រើសរើសតាមរយៈការបន្តសិក្សាផ្នែកគំនូរ ហើយជោគជ័យនេះបណ្តាលមកពីការប្តេជ្ញាចិត្ត និងប្រឹងប្រែងផ្ទាល់ខ្លួន។ ក្រៅពីទទួលបានជំនាញគំនូរ សិល្បកររូបនេះក៏បានទទួលការការលើកទឹកចិត្ត និងផ្តល់ឱកាសដើម្បីបន្តការងារបង្ហាត់បង្រៀនគំនូរដល់ក្មេងៗថែមទៀត។
សម្រាប់ គន្ធា ឧបសគ្គធំ និងលំបាកបំផុត មិនមែនជាការរៀនជំនាញគំនូរទេ ប៉ុន្តែវាការប្រឹងប្រែងឱ្យឈ្នះពាក្យសម្តី និងការបន្តុចបង្អាក់របស់មនុស្សដែលនៅជុំវិញខ្លួន។ យ៉ាងណាមិញ សិល្បករវ័យ ៣៤ ឆ្នាំរូបនេះយល់ថា សម្តីរបស់អ្នកដទៃ ទោះជាក្នុងន័យលើកទឹកចិត្ត ឬបន្តុះបង្អាប់ក្តីសុទ្ធតែមានចំណែកជួយរុញច្រានឱ្យមនុស្សម្នាក់ៗប្រឹងប្រែងដូចគ្នា។
ការលះបង់របស់អ្នកគ្រូ Tomoko ផ្តល់កម្លាំងចិត្តឱ្យខ្ញុំប្រឹងប្រែង
ការក្លាយជាគ្រូបង្រៀនគំនូរដល់កុមារ មិនមែនគោលដៅរបស់គន្ធាទេ។ រូបគេគ្រាន់តែចាប់អារម្មណ៍នឹងរៀនយកជំនាញគូរគំនូរ និងចង់ប្រឡូកក្នុងការងារនេះតែមួយមុខប៉ុណ្ណោះ។ ប៉ុន្តែ ដំណើរជីវិតការងារនៅសាលា Small Art School និងការបណ្តុះបណ្តាល និងផ្តល់ឱកាសបំពេញការងារក្នុងសាលាពីស្ថាបនិកជនជាតិជប៉ុនលោកស្រី Tomoko បានបណ្តាលឱ្យ គន្ធា យល់ច្បាស់ពីតម្លៃ និងស្មារតីផ្តល់ត្រឡប់ទៅសង្គមវិញតាមរយៈការបង្ហាត់បង្រៀនជំនាញនេះដល់ក្មេងៗជំនាន់ក្រោយ។
គន្ធាលើកសរសើរលោកស្រី Tomoko ដែលបច្ចុប្បន្នស្ថិតក្នុងវ័យជាង ៧០ឆ្នាំ មិនដាច់ពីមាត់។ រូបគេបានរៀបរាប់បែបនេះ៖«អ្នកគ្រូរបស់ខ្ញុំចង់ឱ្យជនជាតិខ្មែរបង្រៀន ឬជួយខ្មែរគ្នាឯង។ សម្រាប់ខ្ញុំ ការខំប្រឹងធ្វើការងារនេះមិនមែនត្រឹមតែដើម្បីរកលុយប៉ុណ្ណោះទេ ប៉ុន្តែសម្តីអ្នកគ្រូ ធ្វើឱ្យខ្ញុំមានចិត្តចង់ជួយ មានកម្លាំងចិត្ត និងមានស្មារតីចង់បន្តការងារទៅមុខទៀត»។
ការលះបង់ និងប្រឹងប្រែងមិនខ្លាចនឿយហត់ជួយដល់ក្មេងៗកម្ពុជារបស់អ្នកគ្រូ Tomoko ជំរុញស្មារតីមនុស្សជាច្រើនក្នុងស្ថាប័ន មិនមែនត្រឹមតែ គន្ធា ម្នាក់នោះទេ។
ត្រឡប់ទៅផ្តោតលើដំណើរការរបស់សាលាវិញ វាអាចដំណើរការទៅបានដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់អ្នកស្រី Tomoko ដែលលោកស្រីចំណាយពេលវេលាសន្សំអស់ ៤០ឆ្នាំ។
កាលពីមុនសាលាក៏ធ្លាប់បើកទទួលយកជំនួយ និងវិភាគទានផ្សេងទៀតពីសប្បុរសជនដែលមានចំណាប់អារម្មណ៍ចង់គាំទ្រសាលាផងដែរ។ យ៉ាងណាមិញ លោក គន្ធាបានពន្យល់ថា ការបន្តទទួលយកជំនួយពីខាងក្រៅបន្ថែមបន្ទុកធំលើលោកស្រី Tomoko ដែលជានាយិកា និងកំពុងមានវ័យកាន់តែចាស់។ ហេតុនេះជា សាលាចាំបាច់ត្រូវកាត់បន្ថយការទទួលជំនួយពីក្រៅ។
និយាយដល់បន្ទុក គន្ធាពន្យល់យ៉ាងខ្លីថា តម្លាភាព និងភាពច្បាស់លាស់ ជាផ្នែកមួយនៃវប្បធម៌ជប៉ុន ដែលវាជាហេតុដែលតម្រូវឱ្យ លោកស្រី Tomoko ទទួលបន្ទុកធ្ងន់ ក្នុងការរៀបចំរបាយការណ៍ចំណូលចំណាយឱ្យអ្នកផ្តល់ជំនួយបានដឹងជាទៀងទាត់។
យ៉ាងណាក៏ដោយ បេសសកម្មផ្គត់ផ្គង់ និងដឹកនាំសាលារបស់អ្នកគ្រូ Tomoko នៅសល់ប្រហែល ២ឆ្នាំទៀតប៉ុណ្ណោះ ដ្បិតថា លោកស្រីដាក់គោលដៅបើកដំណើរការសាលានេះយ៉ាងតិចណាស់ឱ្យបាន ២០ឆ្នាំ។ ចំណែកក្តីស្រមៃធំបំផុតរបស់គន្ធានាពេលបច្ចុប្បន្នគឺ ជួយជ្រោមជ្រែងធ្វើយ៉ាងណាឱ្យក្តីស្រមៃរបស់អ្នកគ្រូ Tomoko ជោគជ័យ។
ពេលសាកសួរពីអនាគតសាលាបន្ទាប់ពីបេសកកម្មលោកស្រី Tomoko ឈានដល់ទីបញ្ចប់ គន្ធាឆ្លើយតបវិញថា រូបគេនៅតែមានសុទិដ្ឋិនិយមក្នុងការបន្តដំណើរការសាលាតាមរយៈយុទ្ធសាស្ត្រថ្មីដែលគេអាចកំណត់ពេលបាននៅពេលអនាគត។
យុទ្ធសាស្ត្រដែលជាជម្រើសធំៗដែលគន្ធា និងថ្នាក់ដឹកនាំសាលាគិតគូរពិចារណាគឺ ប្រឹងប្រែងធ្វើស្នាដៃល្អដើម្បីលក់រកចំណូល ដែលវាអាចធានាថា សាលាអាចបន្តដំណើរការទៅមុខទៀតដោយមិនឈមនឹងការរាំងស្ទះ។
គន្ធា រៀបរាប់ដោយសុទិដ្ឋិនិយមដូច្នេះ៖ «វាជាបេសកកម្មដ៏ធំមួយ ហើយខ្ញុំនឹងព្យាយាមតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ សាលានេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំដូច្នេះដែរ។ ការលះបង់របស់អ្នកគ្រូគឺធំធេងណាស់សម្រាប់យើងគ្រប់គ្នា»។
«គាត់មកជួយខ្មែរដោយទឹកចិត្ត។ ដូច្នេះហើយរាល់ថ្ងៃខ្ញុំយកបេះដូងមកធ្វើការដើម្បីបង្ហាត់បង្រៀនក្មេងៗតាមចំណេះនិងសមត្ថភាពខ្ញុំ។ ទោះក្មេងៗគាត់មិនយកវាជាអាជីព ខ្ញុំក៏រំពឹងថាពួកគាត់នឹងយកចំណេះនេះទៅប្រើប្រាស់បង្ហាត់បង្រៀនកូនៗគាត់នៅពេលអនាគត»។
លើសពីការបង្រៀនក្មេងឱ្យចេះគូរ៖ បង្កើតស្នាមញញឹមសម្រាប់កុមារ
ងាកមកផ្តោតលើគន្ធាវិញ អ្វីដែលជាចំណុចខ្លាំងរបស់សិល្បកររូបនេះ គឺភាពប៉ិនប្រសប់ក្នុងការគូរ មានលទ្ធភាពយល់ពីក្មេងច្រើន និងមានតួនាទីសំខាន់ក្នុងការដឹកនាំសាលាដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលក្មេងផ្នែកសិល្បៈគំនូរ។
«យើងរៀនស្វែងយល់ពីក្មេងៗ។ ក្មេងដែលយើងបង្រៀនមានអាយុចាប់ពី ៣ឆ្នាំ ពីថ្នាក់មតេយ្យរហូតដល់សិស្សវិទ្យាល័យ និងមនុស្សពេញវ័យ»។ គន្ធា រៀបរាប់ដូច្នេះ ហើយបន្ថែមថា ចំណុចដែលចាំបាច់បំផុតគឺលទ្ធភាពស្គាល់ពីរបៀបបង្រៀន និងយល់ពីអ្វីដែលសិស្សទាំងនោះចង់បាន។
យ៉ាងណាមិញ គន្ធា បានរៀបរាប់ថា រូបគេបានចំណាយពេលវេលាភាគច្រើនជាមួយកុមារតូចដែលមកទទួលការបង្ហាត់បង្រៀនផ្នែកគំនូរ។ ការសង្កេត ការជជែក ពន្យល់ពីរបៀបគូរ និងស្វែងយល់ពីអ្វីដែលក្មេងៗចង់បាន ជាចំណុចស្នូលនៃការងាររបស់ គន្ធា។
«យើងសង្កេតមើលគាត់ មិនមែនបង្រៀនគាត់ទេ។ ឧទាហរណ៍យើងផ្តល់ប្រធានបទជាក់លាក់ ហើយឱ្យគាត់ស្រមៃ និងគូសតាមការគិតរបស់គាត់។ យើងក៏ឱ្យគាត់គូសលើក្រដាសព្រាងសិន ដើម្បីឱ្យគាត់មានពេលគិត និងរៀនស្រមៃដើម្បីគូស»។ គន្ធា រៀបរាប់ដូច្នេះ។
លោកបន្តថា សិស្សម្នាក់ក៏ទទួលបានការណែនាំឱ្យបង្កើតពណ៌ដោយខ្លួនឯង តាមរយៈការផ្តល់សម្ភារៈនានាដែលចាំបាច់ដូចជាពណ៌ទៀន និងពណ៌ទឹកជាដើម។ ចំពោះការប្រើប្រាស់ពណ៌ និងគូសនេះ គន្ធា ពន្យល់ថា គ្រូបង្រៀនគំនូរដូចជា សិស្សម្នាក់ៗមានសិទ្ធិលាយពណ៌ និងគូរតាមការយល់ឃើញរបស់ខ្លួន មុននឹងទទួលបានការពន្យល់និងកែលំអរចំណុចខ្វះខាតពីគ្រូបង្គោលម្នាក់ៗ។
លើសពីជំនាញ និងសមត្ថភាពអាចគូសគំនូរបានល្អ គ្រូគំនូរវ័យ ៣៤ឆ្នាំរូបនេះបន្ថែមថា សាលាក៏ផ្តោតលើការជួយបណ្តុះឱ្យក្មេងៗចេះស្រមើស្រមៃ និងជំរុញការច្នៃប្រឌិត ដោយការបើកទូលាយឱ្យសិស្សគូរគំនូរដែលខ្លួនចង់គូរ ជំនួសឱ្យការតម្រូវឱ្យគេគូរតាមគម្រូដែលមានស្រាប់។
«យើងទទួលបានការណែនាំ ពីអ្នកគ្រូដោយសារគាត់បង្រៀននៅជប៉ុន។ គាត់យល់ឃើញថា ការដាក់មេរៀនឱ្យក្មេងៗគូសតាម វាមិនមែនជាចំណុចល្អ និងជួយឱ្យពួកគាត់លូតលាស់លឿនទេ។ ដូច្នេះហើយយើងផ្តល់ឱកាសឱ្យក្មេងៗធ្វើអ្វីដែលគាត់ចង់ធ្វើតាមអ្វីដែលគាត់ចង់»។ គន្ធា អធិប្បាយដូច្នេះ។
មិនត្រឹមតែជួយបង្រៀនឱ្យក្មេងចេះលាយពណ៌ ប្រើប្រាស់ពណ៌ និងគូរគំនូរមួយមុខទេ សាលា Small Art School ក៏ជួយបង្រៀនឱ្យសិស្សមានលទ្ធភាពចេះមើលគំនូរ និងចេះច្នៃសម្ភារៈចាស់ៗដើម្បីធ្វើជាគំនូរថែមទៀត។
គន្ធា ក៏យល់ឃើញផងដែរថា នៅក្នុងប្រទេសដទៃ កុមារដែលទទួលបានការសិក្សាផ្នែកគំនូរ ប្រហែលភាគច្រើនជាកុមារដែលមកពីគ្រួសារមានលទ្ធភាព និងមានធនធាន។ ដូច្នេះហើយ សាលា Small Art School ព្យាយាមជួយឱ្យកុមារទាំងអស់មានឱកាសចូលរៀនផ្នែកគំនូរស្មើៗគ្នា។
«សម្រាប់អ្នកគ្រូខ្ញុំ គាត់ចង់ឱ្យក្មេងៗមានសិទ្ធិ និងលទ្ធភាពស្មើគ្នា។ យើងថែមទាំងផ្តល់សម្ភារៈជូនគាត់សម្រាប់គូរថែមទៀត»។ គន្ធា រៀបរាប់បែបនេះ។
បច្ចុប្បន្ន សិស្សសរុបដែលរៀនថ្នាក់គំនូរនៅសាលា Small Art School មានប្រហែល ៤០០នាក់។ កាលដើមឡើយក្មេងៗដែលចាប់អារម្មណ៍ចង់រៀនគូរអាចចូលរៀនដោយសេរី ហើយម៉ោងសិក្សាមានចំនួនពីរថ្ងៃពោលគឺ ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ក្រោយមក ម៉ោងសិក្សានេះត្រូវបានផ្លាស់ប្តូរទៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដោយសារការសិក្សាមិនគិតថ្លៃផង ការផ្លាស់ប្តូរវេនសិក្សាទៅចុងសប្តាហ៍ បានទាក់ទាញចំណាប់អារម្មណ៍សិស្សយ៉ាងច្រើនឱ្យដាក់ពាក្យចូលរៀន។
«អ៊ីចឹងយើងតម្រូវឱ្យអាណាព្យាបាលបំពេញព័ត៌មានលម្អិតនានាជាពិសេសការប្តេជ្ញាចិត្តថាកូនគាត់ពិតចង់រៀនគំនូរប្រាកដមែន។ បច្ចុប្បន្នគឺយើងសម្រេចឱ្យអ្នកចូលរៀនមានអាយុ៧ឆ្នាំឡើង។ ដោយសារការសិក្សាមិនគិតថា យើងចង់ផ្តោតលើការផ្តល់ឱកាសឱ្យអ្នកចង់រៀនពិត»។ គន្ធា ពន្យល់ដូច្នេះ។
ក្រៅពីបង្រៀនក្នុងសាលាផ្ទាល់ គន្ធាក៏ចំណាយពេលវេលាជួយបង្រៀនសិស្សនៅតាមសហគមន៍នានាតាមខេត្តផងដែរ។ បើតាមការឱ្យដឹងពីសិល្បកររូបនេះ មុនមានជំងឺរាតត្បាតកូវីដ ១៩ រូបគេបានបំពេញបេសកកម្មច្រើនទៅតាមខេត្តដើម្បីជួយបណ្តុះបណ្តាលជំនាញគូរគំនូរដល់កុមារដែលស្ថិតនៅសាលាដាច់ស្រយាល។ យ៉ាងណាមិញ ដោយសារការចំណាយធនធានច្រើន សាលាក៏ចាប់ផ្តើមកំណត់យកទីតាំងបង្រៀនដែលចំគោលដៅ ជាពិសេសជាកន្លែងមានក្មេងចង់រៀន និងមានអ្នកខ្វះខាតច្រើន។
«ពេលខ្លះយើងក៏ទទួលបានការអញ្ជើញពីស្ថាប័នសាមី ដូចជាពីសាលា និងមានការអញ្ជើញពីអង្គការផ្សេងទៀតឱ្យយើងទៅជួយបណ្តុះបណ្តាលសិស្សផង»។ គន្ធា រៀបរាប់បែបនេះ។
ទាក់ទិននឹងការបណ្តុះបណ្តាលនេះដែរ គន្ធា បានពន្យល់ថា បទពិសោធន៍ និងមានចំណេះច្រើនពីការបង្ហាញរបៀបគូរគំនូរដល់កុមាររបស់គ្រូបង្រៀននៅសាលា Small Art School មានចំណែកសំខាន់ក្នុងការធានាប្រសិទ្ធភាពក្នុងពេលបង្រៀន។ ការដាក់ពិន្ទុ និងវាយតម្លៃលើស្នាដៃសិស្សជារឿងស្មុគស្មាញ និងលំបាកបំផុតមួយ បើតាមការរៀបរាប់របស់គន្ធា។
«បើសួរថា យើងដាក់ពន្ទុបែបម៉េចដល់ស្នាដៃសិស្ស គឺយើងផ្តោតលើការយកចិត្តទុកដាក់របស់សិស្សម្នាក់ៗ។ យើងព្យាយាមស្វែងយល់ថា គាត់ចង់បង្ហាញពីអ្វី ក្នុងស្នាដៃគាត់។ គំនូរនីមួយៗសុទ្ធតែបង្ហាញពីអ្វីមួយ វាសុទ្ធតែចេញពីគំនិត ចេញពីអារម្មណ៍ បានជាគាត់អាចគូរចេញ។ លើសពីនេះ យើងក៏មើលពណ៌ និងអត្ថន័យដើម្បីអាចវាយតម្លៃស្នាដៃគាត់បានគ្រប់ជ្រុងជ្រោយ»។ គន្ធា ពន្យល់បែបនេះ។
បើផ្តោតលើរយៈពេលវេលារៀនវិញ គន្ធា បានរៀបរាប់ថា រយៈពេលនៃការសិក្សាគំនូរមិនមានការកំណត់ពេលវេលាជាក់លាក់ទេ។ ក្មេងៗដែលជាសិស្សថ្នាក់គំនូរអាចមានលទ្ធភាពរៀនក្នុងរយៈពេលណាមួយស្របទៅតាមចំណង់របស់គេ ដ្បិតបេសកកម្មចម្បងរបស់សាលាគឺ បង្កើតអនុស្សាវរីយ៍ល្អ អនុញ្ញាតឱ្យក្មេងៗធ្វើអ្វីដែលគេចង់ធ្វើ ឬអាចនិយាយបានថា ថែរក្សាស្នាមញញឹមរបស់ក្មេងៗ និងធ្វើឱ្យគាត់សប្បាយរីករាយ។
ឪពុកម្តាយគួរលើកទឹកចិត្តឱ្យកូនសិក្សាគំនូរពីក្មេងខ្ចី
ការគូរគំនូរមានផលប្រយោជន៍ច្រើនសន្ធឹកសម្រាប់ក្មេង បើតាមការលើកឡើងរបស់អ្នកជំនាញ លឹម គន្ធា។ ដូច្នេះហើយ ឪពុកម្តាយជាអាណាព្យាបាលគួរលើកទឹកចិត្ត និងជំរុញឱ្យកូនតូចៗរបស់ខ្លួនចាប់ផ្តើមសិក្សាសិល្បៈគំនូរ បើសិនជាមានឱកាស។
ប្រយោជន៍មួយដែលគន្ធាយល់ឃើញនោះគឺ គំនូរជួយឱ្យក្មេងមានលទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍការស្រមើស្រមៃ និងអាចមានការអត់ធ្មត់ច្រើនជាក្មេងដទៃ។ ម្យ៉ាងវិញទៀត ក្មេងៗទាំងនោះក៏រៀនលត់ដំចិត្ត កសាងចិត្តអំណត់ ចេះដាក់គោលដៅធ្វើអ្វីមួយ និងហ៊ានសម្រេចចិត្តដោយឯករាជ្យថែមទៀត។
គន្ធា ពន្យល់បែបនេះ៖ «ទោះគាត់មិនមានលទ្ធភាពបង្កើតស្នាដៃធំៗក៏ដោយ ពួកគាត់មានចិត្តតស៊ូ និងប្រឹងប្រែងសម្រេចគោលដៅខ្លួនឯងឱ្យបាន។ ខ្ញុំឃើញ ពួកគាត់ព្យាយាមប្រើខួរក្បាលដើម្បីស្រមើស្រមៃ និងសាកល្បងសម្រេចចិត្ត។ សម្រេចចិត្តនោះគឺ លើរបៀបគូររូប និងធ្វើម៉េចបង្ហើយស្នាដៃគាត់ឱ្យបាន»។
រូបគេបន្ថែមថា៖ «ជាធម្មតាពួកគាត់ជាម្ចាស់រូប។ គាត់ជាអ្នកសម្រេចចិត្តថា រូបគាត់ត្រូវបញ្ចប់ត្រឹមណា។ វាជាការសម្រេចចិត្តចុងក្រោយរបស់គាត់»។
ពេលនិយាយដល់ការលើកទឹកចិត្តពីសំណាក់អាណាព្យាបាល និងការសម្រេចចិត្តឱ្យក្មេងរៀនគូរ គន្ធា ក៏នឹកទៅដល់ដំណើរផ្សងព្រេងរបស់រូបគេ ដែលមិនទទួលបានការលើកទឹកចិត្តនិងគាំទ្រសោះពីគ្រួសារ។
«អ្វីដែលជំរុញឱ្យខ្ញុំប្រឹងប្រែងខ្លាំងគឺ ខ្ញុំចង់មានឱកាសនិយាយទៅកាន់មនុស្សដទៃពីសារសំខាន់ និងតម្លៃនៃសិល្បៈគំនូរ។ យើងមានសិល្បៈនេះតាំងពីដូនតា ប៉ុន្តែសិល្បៈនេះគឺពាក់ព័ន្ធនឹងបញ្ហាច្រើន ក្នុងនោះគឺជម្នះភាពអត់ឃ្លាន តស៊ូប្រឹងប្រែងណាស់ ហើយប្រឹងប្រែងធ្វើពីចិត្ត និងពីបេះដូង ដោយមិនសូវមានការលើកទឹកចិត្ត»។ គន្ធា អះអាងដូច្នេះ។
ដូច្នេះហើយសារសំខាន់ដែល គន្ធា ចង់ផ្តល់ទៅឱ្យអាណាព្យាបាលដទៃ គឺ ព្យាយាមបើកចិត្ត ទទួលយកគុណតម្លៃនៃសិល្បៈគំនូរក្នុងជីវិតរបស់ក្មេងៗ ព្រោះវាមិនមែនត្រឹមតែជាការគូរលំអ ឬធ្វើឱ្យរួចពីដៃទេ។
«កាលពីមុន អាណាព្យាបាលដាក់កំហិតលើកូន និងទាមទារឱ្យកូនធ្វើអ្វីដែលខ្លួនចង់បាន។ នេះ ជាចំណុចអវិជ្ជមានបំផុតមួយ។ ប៉ុន្តែបច្ចុប្បន្ន ក្មេងៗមានឱកាសធ្វើអ្វីដែលខ្លួនចង់ធ្វើ។ ក្រៅពីរៀនគូសវាស គាត់រក្សាអនុស្សាវរីយ៍របស់គាត់ជាមួយនឹងជំនាញនេះ»។ នេះជាសម្តីរបស់ គន្ធា ។
គន្ធា សង្កេតឃើញថា ផ្នត់គំនិត និងឥរិយាបថរបស់អាណាព្យាបាលជះឥទ្ធិពលខ្លាំងលើកុមារ ពេលគាត់អប់រំពួកគេពីអាជីពគូរគំនូរ និងការសិក្សាផ្នែកគំនូរនេះ។
«បើគាត់ថា គ្មានតម្លៃ កូនគាត់ប្រាកដជាយល់ដូចគ្នា។ ខ្ញុំចង់ឃើញការប្រែប្រួលក្នុងសង្គម មានការចូលរួមពីខាងភាគីពាក់ព័ន្ធដើម្បីចែករម្លែកពីអ្វីដែលយើងធ្វើជាពិសេសតម្លៃនៃសិល្បៈគំនូរនេះ»។ គន្ធា សង្កត់ធ្ងន់ដូច្នេះ។
អ្វីដែលគួរឱ្យស្ងើចសរសើរ គឺ ការបង្ហាត់បង្រៀនគំនូររបស់ ក៏មានចំណែកជួយលើកកម្ពស់ចំណេះដឹងផ្នែសុជីវធម៌របស់ក្មេងៗផងដែរ។ គន្ធា យល់ឃើញថា ខណៈដែលឪពុកម្តាយមានទំនួលខុសត្រូវអប់រំកូននៅផ្ទះសម្បែងរៀនខ្លួន សិស្សទាំងនោះក៏អាចមានលទ្ធភាពទទួលបានការណែរនាំពីសុជីវធម៌សង្គមក្នុងម៉ោងសិក្សាគំនូរដូចគ្នា។
«នៅសង្គមយើងបច្ចុប្បន្ន សុជីវធម៌នៅមានភាពទន់ខ្សោយណាស់។ ពិតហើយដែលអាណាព្យាបាលមានតួនាទីអប់រំក្មេងៗ តែខ្ញុំក៏មានលទ្ធភាពធ្វើតាមអ្វីដែលយើងអាចធ្វើបានពេលពួកគេមករៀនគំនូរជាខ្ញុំ។ ឪពុកម្តាយភាគច្រើន គាត់មើលឃើញពីចំណុចល្អ និងភាពវិជ្ជមានច្រើនដែរពីការរៀនគូរ។ ខ្ញុំសង្កេតឃើញបែបនេះ»។ គន្ធា លើកឡើងដូច្នេះ។
បង្កើតស្នាដៃថ្មីផ្នែកគំនូរជាគោលដៅចម្បងពេលអនាគត
តួនាទីគ្រូបង្រៀនជំនាញគំនូររបស់គន្ធា មានសារសំខាន់ក្នុងការជួយឱ្យកុមារកសាងជំនាញ និងត្រៀមសម្រាប់ការបង្កើតអនាគតដ៏វិជ្ជមានមួយ។ ថ្វីបើមិនមែនបណ្តុះឱ្យក្មេងៗក្លាយជាអ្នកមាន យ៉ាងហោចណាស់ វាក៏ជួយឱ្យក្មេងៗមានភាពរឹងមាំ ចេះអត់ធ្មត់ ចេះច្នៃប្រឌិត និងមានសីលធម៌ ល្មមសម្រាប់ពួកគេត្រៀមលក្ខណៈជាពលរដ្ឋល្អ មិនបង្កផលលំបាកដល់សង្គមដែរ។
លើសពីការបង្រៀនដល់ក្មេង និងជួយជ្រោមជ្រែងដល់សាលាដែលជាផ្ទះទីពីររបស់ខ្លួន គន្ធា ក៏លួចគិតដាក់គោលដៅដ៏ធំមួយដែរនាពេលអនាគតក្នុងវិថីសិល្បៈគំនូរ។ នោះគឺក្លាយជាសិល្បករដែលមានសមត្ថភាពបង្កើតស្នាដៃថ្មីក្នុងផ្នែកគំនូរ និងចម្លាក់។
«ខ្ញុំយល់ថា ខ្ញុំត្រូវចំណាយពេលវេលាយូរ ហើយត្រូវចំណាយថវិកាច្រើនដែរដើម្បីសម្រេចគោលដៅនេះ។ ប៉ុន្តែ វាជាគោលដៅចម្បងរបស់ខ្ញុំ។ ខ្ញុំចង់ប្រឹងប្រែងបង្កើតរូបស្រមើស្រមៃ ឬក៏ផ្អែកតថភាពសង្គម និងបរិស្ថាន ដើម្បីបង្កើតជាសារអប់រំសម្រាប់អ្នកទៃ»។
កន្លងមកស្នាដៃគំនូររបស់គន្ធាទទួលបានការឱ្យតម្លៃច្រើនពីសាធារណជន។ គន្ធា បានរៀបរាប់ថា ខ្លួនក៏បានដាក់ស្នាដៃចូលរួមក្នុងការប្រកួត និងបានទទួលពានរង្វាន់ជាច្រើនដងមកដែរ។ ការចូលរួមប្រកួតលើកដំបូងរបស់គន្ធា គឺនៅឆ្នាំ ២០១២ ដែលសិល្បកររូបនេះឈ្នះបានពានបីផ្ទួនគ្នាក្នុងកម្មវិធីតែម្តង។ សិល្បកររូបនេះក៏ឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រលងគំនូរដែលរៀបចំដោយជនជាតិជប៉ុន លើកទឹកចិត្តវិចិត្រករនៅខ្មែរ White Canvas ក្នុងឆ្នាំ ២០២១ និង ២០២២។
«ការឈ្នះចាញ់ឈ្នះជារឿងធម្មតាក្នុងការប្រកួត ប៉ុន្តែវាជួយឱ្យយើងវាស់ស្ទង់ស្នាដៃ។ អ្វីដែលសំខាន់ គឺចែករំលែកអ្វីដែលយើងចង់បានបង្ហាញដល់សាធារណជន»។ គន្ធា ពន្យល់បែបនេះ។
គោលដៅចម្បងរបស់ គន្ធា គឺអាចបង្កើតផលវិជ្ជមានសម្រាប់ខ្លួនឯងផង និងសម្រាបសង្គមទាំងមូលផង។ ដោយបានឆ្លងកាត់ពិសោធន៍ច្រើន មានលំបាកផង និងរីករាយផង គន្ធា យល់ថាឃើញថា ការប្រឹងប្រែងឈរនិងជម្នះបញ្ហាដោយខ្លួន មានសារសំខាន់បំផុត ហើយការឱ្យតម្លៃ និងផ្តល់ការគាំទ្រពីមនុស្សជុំវិញជាកម្លាំងចលករសំខាន់ដែរក្នុងការជួយឱ្យការប្រឹងប្រែងនោះទទួលជោគជ័យ។
យ៉ាងណាក៏ដោយ ប្រហែលមានមនុស្សមិនតិចទេ ដែលមានដំណើរជីវិតស្រដៀងនឹងគន្ធា ដែលជ្រើសរើសជំនាញសិល្បៈគំនូរជាអាជីពចិញ្ចឹមជីវិត។ ប៉ុន្តែមនុស្សប្រហែលមិនច្រើនទេដែលជម្នះឧបសគ្គ និងបន្តផ្សងព្រេងរហូតដល់ឈរជើងដោយខ្លួនឯងបាន។ សម្រាប់គន្ធាការយកឈ្នះបញ្ហាប្រឈមក្នុងគ្រួសារ និងមនុស្សជុំវិញជារឿងមួយ ប៉ុន្តែគន្លឹះសំខាន់បំផុតគឺការប្រឹងប្រែងដើម្បីយកឈ្នះខ្លួនឯង។
«អ្វីដែលខ្ញុំចង់និយាយចេញពីបេះដូងគឺ ផ្តល់សិទ្ធិឱ្យក្មេងៗគាត់បន្តអ្វីដែលគាត់ចង់ធ្វើទៅ។ ឆន្ទៈដែលយើងចង់ធ្វើ ធ្វើវាឱ្យដល់គោលដៅ និងជម្នះធ្វើអ្វីដែលយើងចង់ធ្វើ។ ក្រៅពីអាណាព្យាបាល វាមានតែខ្លួនយើងទេ ដែលយើងត្រូវជម្នះ»។ គន្ធា សង្កត់ធ្ងន់ដូច្នេះ៕