សម្ដេច ហ៊ុន ម៉ាណែត ជួយកម្លាំងដោះមីន២១០នាក់ ឱ្យបន្តការងារធម្មតា ទោះគ្មានជំនួយអាម៉េរិក
- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:៣៩ នាទី រសៀល

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួយកម្លាំងដោះមីន២១០នាក់ ដែលប្រឈមបាត់បង់ការងារ ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ ឱ្យបន្តការងារធម្មតាវិញ។ នេះជាការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១៥ ខែកុម្ភៈ។

លោក ហេង រតនា លើកឡើងបែបនេះថា៖«ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្ដេច ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹង ដោយអនុញ្ញាតិឱ្យអង្គភាព CMAC រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ»។
កន្លងទៅ ប្រតិបត្តិការរំដោះមីនរបស់កម្ពុជាទទួលបានជំនួយពីអង្គការចំនួន៣ របស់អាម៉េរិក ដែលមានថវិកាប្រមាណ ២លានដុល្លារ ក្នុងមួយឆ្នាំ។ ការប្រកាសផ្អាកជំនួយរបស់រដ្ឋាភិបាលអាម៉េរិកសម្រាប់រយៈពេល៨៥ថ្ងៃដំបូងនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការនៃអង្គភាព CMAC ចំនួន២១០នាក់ ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងខេត្តចំនួន ៩រួមមាន កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ អង្គការដៃគូទាំងនោះ ក៏បានស្នើទៅកាន់ CMAC ដើម្បីសុំរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់អាម៉េរិក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: