ISI ប្ដេជ្ញាធ្វើឲ្យបានល្អ នៅក្នុងទឹកដីខ្លួន ខណៈភ្នំពេញក្រោន ស្រែកឃ្លានជ័យជម្នះ
  • ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:១៩ នាទី រសៀល
ISI ប្ដេជ្ញាធ្វើឲ្យបានល្អ នៅក្នុងទឹកដីខ្លួន ខណៈភ្នំពេញក្រោន ស្រែកឃ្លានជ័យជម្នះ
(ឆ្វេង)លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុម អាយអេសអាយ ដង្កោសែនជ័យ និងលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន។

អាយ អេស​ អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ ភ្នំពេញក្រោន ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋាន AIA KMH Park ម៉ោង ៦:០០ល្ងាច។ លោក ទុំ សារ៉ាយ គ្រូបង្វឹក អាយ អេស អាយ ដង្កោសែនជ័យ លើកទឹកចិត្តឲ្យកីឡាករប្រឹងលេងឲ្យអស់ពីលទ្ធភាព ចំពោះការប្រកួតក្នុងដី។ ចំណែកគ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi ប្ដេជ្ញារកពិន្ទុបន្ថែមដើម្បីឲ្យក្រុមនៅតែរក្សាចំណាត់ថ្នាក់ល្អ សម្រាប់ចំណាត់ថ្នាក់ Top 6។
TTN-Free-Banner-In-Article-PC

នេះ គឺជាការប្រកួតចុងក្រោយសម្រាប់ ភ្នំពេញក្រោន និងអាយ អេស អាយ ដង្កោសែនជ័យ ក្នុងជុំទី២ នៃការប្រកួតលីគ រដូវកាល២០២៤-២០២៥។ លោក ទុំ សារ៉ាយ ហាក់មិនសូវមានជំនឿចិត្តក្នុងការយកឈ្នះលើភ្នំពេញក្រោនឡើយ ។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹបរបស់ អាយ អេស អាយ គ្រាន់តែបញ្ជាក់ថា កូនក្រុមលោកនឹងមិនឲ្យភ្នំពេញក្រោនឈ្នះដោយងាយស្រួលនោះទេ នៅកីឡដ្ឋាន AIA KHM Park ។

លោក ទុំ សារ៉ាយ បាននិយាយថា៖«ភ្នំពេញក្រោន គឺជាក្រុមមួយ ដែលប្រកួតប្រជែងជាមួយក្រុមស្វាយរៀង មែនទែន។ យើង មិនអាចឲ្យគេរំពឹងថាឈ្នះលើ អាយ អេស អាយ បានដោយងាយស្រួលទេ។ យើង នឹងប្រឹងអស់លទ្ធភាព ១០០ភាគរយ។ នៅក្នុងទឹកដីយើង យើងរំពឹងថានឹងបានលទ្ធផលល្អ។»។

រីឯគ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi នៅតែដាក់គោលដៅយក ៣ពិន្ទុពីការប្រកួតនេះ ដើម្បីឈរនៅចំណាត់ថ្នាក់ល្អ ជាពិសេសគឺការប្រកួត Top 6 បន្ទាប់ពីចប់ជុំទី២នេះ។ ម្យ៉ាងវិញទៀត ក្រុមរបស់លោក Oleg ក៏កំពុងប្រដេញពិន្ទុគ្នាជាមួយ ព្រះខ័នរាជស្វារៀង ដែលជាហេតុធ្វើឲ្យក្រុមភ្នំពេញក្រោន មិនអាចចាញ់ក្រុមណាមួយឡើយ ព្រោះវានាំឲ្យមានគម្លាតពិន្ទុកាន់តែឆ្ងាយ។

លោក Oleg Starynskyi បាននិយាយថា៖«នេះ គឺជាការប្រកួតចុងក្រោយរបស់យើង ក្នុងជុំទី២។ យើង កំពុងស្ថិតនៅចំណាត់ថ្នាក់ល្អ មុនពេលយើងជួបជាមួយក្រុមខ្លាំងចំនួន ៥ផ្សេងទៀត។»។

ក្នុងថ្ងៃជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្ដាតចាស់។

ដោយឡែក ក្នុងសប្ដាហ៍ទី២២ នៃពានរង្វាន់ Cambodian Premier League ក្រុមវិសាខា បានយកឈ្នះ បឹងកេត លទ្ធផល២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ អង្គរថាយហ្គឺរ ឈ្នះ ឡាយហ្វ ព្រះសីហនុ ២-០ នៅកីឡដ្ឋាន Akihiro Kato។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ក្រុមការពារតំណែងជើងឯកនេះ បានលត់ក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ លទ្ធផល ៥-០ នៅកីឡដ្ឋានខេត្តស្វាយរៀង៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា