តើកំហាប់ភាគល្អិតនិចលPM2.5 ផ្តល់ផលប៉ះពាល់បែបណាលើសុខភាព?
- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព Canva
PM2.5 ឬកំហាប់ភាគល្អិតនិចល ជាកំហាប់ភាគល្អិតដែលជាសមាសធាតុពុលក្នុងខ្យល់ ដោយអាចបង្កជំងឺ និងផលប៉ះពាល់ផ្នែកសុខភាពផ្សេងៗ ទៅលើមនុស្សតាមរយៈផ្លូវដង្ហើម។ កំហាប់នេះ កើតចេញពីធូលី និងកម្ទេចនៃចំហេះឥន្ធនៈផ្សេងៗចូលក្នុងបរិយាកាស។ PM2.5 បង្កជំងឺដល់សួត និងប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។

ខណៈពិភពលោក កំពុងជួបនូវបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាធាតុពុលក្នុងបរិយាកាស ក៏ជាបញ្ហាសកលចម្បងមួយ ដែលមនុស្ស កំពុងព្រួយបារម្ភ។ កំហាប់ភាគល្អិតនិចល (PM2.5) ក្នុងខ្យល់ នាពេលថ្មីៗនេះ បានបង្កក្ដីបារម្ភដល់ប្រជាពលរដ្ឋតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផង ដ្បិតស្ថានភាពបរិយាកាស កំពុងតែវាយលុកដោយកម្រិតនៃកំហាប់ភាគល្អិតនិចលនេះ យ៉ាងខ្ពស់។
តើអ្វីជាកំហាប់ភាគល្អិតនិចល?
កំហាប់ភាគល្អិតនិចល ឬPM2.5 គឺជាកំហាប់ភាគល្អិតដែលជាសមាសធាតុពុលក្នុងខ្យល់ ដោយអាចបង្កជំងឺ និងផលប៉ះពាល់ផ្នែកសុខភាពផ្សេងៗ ទៅលើមនុស្សតាមរយៈផ្លូវដង្ហើម។
PM2.5 មានពាក្យពេញ Particle Matter 2.5 និងមានអត្ថន័យជាខ្មែរថា«កំហាប់ភាគល្អិតនិចល»។ 2.5 គឺជាចំនួនទស្សភាគដែលបញ្ជាក់ពីទំហំនៃកំហាប់ភាគល្អិតនេះ ដោយតាមស្តង់ដា វាមានទំហំជាមធ្យម២,៥មីក្រូម៉ែត្រក្នុងមួយឯកតាម៉ូលេគុល។ ទំហំ ២,៥មីក្រូម៉ែត្រ គឺស្មើនឹង០,០០២៥មីលីម៉ែត្រ ពោលគឺវាតូចជាងទំហំសរសៃសក់ទៅទៀត។
តើកម្ទេច MP2.5 មានធាតុផ្សំអ្វី ហើយកើតចេញប្រភពណាខ្លះ?
ជាទូទៅ កំហាប់ភាគល្អិតនិចល ជាកម្ទេចតូចដែលកើតចេញពីធូលី ផេះផង់ សមាធាតុគីមីសរីរាង្គ កម្ទេចលម្អងរុក្ខជាតិ ផ្សិត បាក់តេរី និងកម្ទេចក្អែលរបស់សត្វជាដើម។ សមាសធាតុល្អិតទាំងនេះរួមផ្សំគ្នាក្នុងខ្យល់ និងបង្កើតបានជាកំហាប់ភាគល្អិតនេះដែលរសាត់ពាសពេញបរិយាកាសផែនដី។

រូបភាព Canva
ក្រៅពីនេះ PM2.5 ក៏មានប្រភពចម្បងចេញពីគ្រឿងម៉ាស៊ីន និងចំហេះផ្សេងៗ ផងដែរ។ ចំហេះឥន្ធនៈរបស់រថយន្ត និងគ្រឿងចក្រផ្សេង ផ្សែងរោងចក្រ ផ្សែងពីចំហេះរុក្ខជាតិ ការដុតជញ្ជ្រាំងស្រូវ និងភ្លើងឆេះព្រៃ សុទ្ធតែជាប្រភពសកម្មភាពដែលបង្កឱ្យកំហាប់ភាគល្អិតនិចលនេះ មានវត្តមានក្នុងបរិយាកាស។
តើកម្ទេចនេះផ្ដល់ផលប៉ះពាល់ដល់សុខភាពដូចម្ដេចខ្លះ?
កំហាប់ភាគល្អិតនិចល ជ្រាបចូលក្នុងសរីរាង្គមនុស្សតាមផ្លូវដង្ហើម ទៅដល់ក្នុងសួត។ យ៉ាងណាមិញ កំហាប់ធាតុពុលនេះ មិនប៉ះពាល់សុខភាពមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលខ្លីនោះទេ ដោយវា បង្កជំងឺធ្ងន់ធ្ងរក្នុងរយៈពេលវែង។
ក្នុងដំណើរការជ្រាបចូលសារពាង្គកាយមនុស្ស PM2.5 បង្កឱ្យមនុស្សមានអាការក្អក ផ្ដាសាយ ក្ដៅខ្លួន និងស្ថានភាពមិនប្រក្រតីផ្សេងទៀតដូចជាពិបាកដកដង្ហើមជាដើម។ អាការពិបាកដកដង្ហើមនេះ អាចបង្កជាជំងឺគាំងបេះដូងដល់បុគ្គលដែលមានបញ្ហាបេះដូងប្រចាំខ្លួនស្រាប់ទៀតផង។
សម្រាប់ផលប៉ះពាល់រយៈពេលវែង ភាគល្អិតពុលនេះ ធ្វើឱ្យមានការធ្លាក់ចុះនៃដំណើរការសួត និងបញ្ហាផ្លូវដង្ហើម។ អ្វីដែលអាក្រក់ជាងនេះ PM2.5 បង្កជារោគកាចសាហាវដូចជាមហារីកសួត និងការស្លាប់មុនអាយុ។
របាយការណ៍សង្កេតក្នុងឆ្នាំ២០១៥ របស់ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC)បានបញ្ជាក់ថា កំហាប់ភាគល្អិតនិចលក្នុងខ្យល់កខ្វក់នៃបរិយាកាសខាងក្រៅ បង្កឱ្យមនុស្ស កើតជំងឺមហារីកសួត។
ជនរងគ្រោះដែលងាយរងគ្រោះពីកំហាប់ភាគល្អិតនិចលនេះ គឺកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ។ ផលប៉ះពាល់ពីPM2.5 នឹងកាន់តែធ្ងន់ធ្ងរចំពោះកុមារ មនុស្សចាស់ និងស្រ្តីពរពោះណាដែលមានសុខភាពខ្សោយ និងជំងឺប្រចាំកាយស្រាប់។
ការស្រាវជ្រាវ បានចង្អុលបង្ហាញថា មនុស្សមានវ័យជរាដែលមានផ្ទុកជំងឺបេះដូង និងសួតប្រចាំកាយ និងមនុស្សមានបញ្ហាផ្លូវដង្ហើម គឺងាយនឹងរងគ្រោះផ្នែកសុខភាពដោយសារកំហាប់ភាគល្អិតនិចល។
កុមារ ជាជនរងគ្រោះពីការស្រូបសមាសភាគពុលនេះ ដ្បិតពួកគេដកដង្ហើមចូលច្រើន និងលឿនជាងមនុស្សពេញវ័យ។ មួយវិញទៀត កុមារមានប្រព័ន្ធការពាររាងកាយខាងក្នុងខ្សោយជាងមនុស្សជំទង់។ ប្រព័ន្ធភាពស៊ាំរបស់កុមារ មិនអាចទប់ទល់នឹងមេរោគ និងបាក់តេរីកាចសាហាវឱ្យមានប្រសិទ្ធភាពដូចមនុស្សធំទេ។
ផ្អែកតាមការសិក្សាសុខភាពកុមាររបស់ស្ថាប័នក្រុមប្រឹក្សាធនធានខ្យល់កាលីហ្វ័រញ៉ា(CARB) កុមាររស់នៅក្នុងសហគមន៍ដែលមានកម្រិត PM2.5 ក្នុងបរិយាកាសខ្ពស់ មានកម្សោយលើការលូតលាស់សួត និងមានទំហំសួតតូចជាងកុមារដែលរស់នៅក្នុងសហគមន៍ដែលមានកម្រិត PM2.5 ទាប គិតក្នុងអាយុ១៨ឆ្នាំ។
វិធីបង្ការការស្រូបយកភាគល្អិតក្នុងផ្លូវដង្ហើម
ប្រាកដណាស់ថា ការបង្ការមិនឱ្យមានការស្រូបយកកម្ទេច PM2.5 ក្នុងផ្លូវដង្ហើមឱ្យបាន១០០ភាគរយ គឺជារឿងដែលសឹងតែមិនអាចទៅរួចនោះទេ។ ប៉ុន្តែ មានវិធីមួយចំនួនដែលមនុស្សត្រូវប្រណិបត្តជាចាំបាច់ ដើម្បីកាត់បន្ថយការស្រូបយកសមាសធាតុនេះ ចូលរាងកាយ។
វិធីចម្បង គឺការនៅក្នុងផ្ទះ បន្ទប់ ឬកន្លែងបិទជិតឱ្យបានច្រើនជាងនៅខាងក្រៅ។ ការនៅកន្លែងបិទជិតនេះដែរ គឺតម្រូវឱ្យមានឧបករណ៍បន្សុទ្ធ ឬសម្អាតខ្យល់ ដើម្បីធានានូវខ្យល់បរិសុទ្ធដែលគ្មានកម្ទេច PM2.5។ ក្នុងករណីគ្មានឧបករណ៍ទាំងនេះ អ្នកអាចបង្កើតជាបន្ទប់ស្អាត និងបិទជិតមួយសម្រាប់សម្រាក កម្សាន្ត និងធ្វើការ ដែលធានានូវកម្រិត PM2.5 ទាប។
ម្យ៉ាងទៀត មនុស្សត្រូវបង្កើនទម្លាប់ពាក់ម៉ាស ឬឧបករណ៍ជំនួយផ្លូវដង្ហើមនៅពេលចេញក្រៅផ្ទះ ឬទៅធ្វើការជាដើម។ ការធ្វើបែបនេះ ជួយកាត់បន្ថយការស្រូបយកកម្ទេច PM2.5 បានមួយផ្នែក។
មួយវិញទៀត មនុស្សត្រូវកាត់បន្ថយការអនុវត្តសកម្មភាពណា ដែលបង្កើនដំណើរការផ្លូវដង្ហើម។ ការហាត់ប្រាណ ការរត់ និងការធ្វើការងារធ្ងន់ សុទ្ធតែធ្វើឱ្យការដកដង្ហើមរបស់មនុស្សលឿន និងច្រើនជាងធម្មតា។ ជំនួយឱ្យសកម្មភាពទាំងនេះ មនុស្សគួរជ្រើសរើសការអានសៀវភៅ ការធ្វើសមាធិ និងការកម្សាន្តផ្សេងទៀត ដែលធ្វើឱ្យផ្លូវដង្ហើម មានសភាពធម្មតា៕
អ្នកសរសេរអត្ថបទ
ហៃ សុហេម បានបញ្ចប់រិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីបំពេញការងារជាអ្នកសារព័ត៌មានអន្តរជាតិ នៅសារព័ត៌មានថ្មីៗ សុហេម ក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌកម្ពុជាសម្រាប់ការសិក្សាតំបន់ (CCRS) ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: