ជប៉ុនផ្ដល់ជំនួយ២០ម៉ឺនដុល្លារ ដើម្បីសង់កំពងផែ និងដំឡើងម៉ាស៊ីនផលិតអវយវៈសិប្បនិម្មិត
- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ភ្នំពេញ៖ ជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីសាងសង់កំពង់ផែថ្មីមួយ នៅកោះរ៉ុង និងដំឡើងម៉ាស៊ីនផលិតអវយវៈសិប្បនិម្មិត ដល់រោងចក្រផលិតឧបករណ៍សិប្បនិម្មិត នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាចំនួន ២០៤.៧២០ដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងចំនួនពីរនៅកម្ពុជា។ សម្រាប់គម្រោងទី១ មានថវិកា ៦៣,៤៧០ ដុល្លារ ដែលប្រគល់ឱ្យរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ដើម្បីដំឡើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឲ្យម៉ាស៊ីនចាស់កម្រិតទាប។ ទូតជប៉ុន រំពឹងថា ម៉ាស៊ីនថ្មីនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាព ក៏ដូចជា ចំណេញពេលវេលា ក្នុងការផលិតឧបករណ៍សិប្បនិម្មិត។

ចំពោះ គម្រោងទី២ មានថវិកា ១៤១,២៥០ដុល្លារ ត្រូវប្រគល់ឱ្យរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីសាងសង់កំពង់ផែថ្មីមួយ ដែលជួយសម្រួលដល់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះ នឹងផ្តល់ឱ្យពលរដ្ឋមូលដ្ឋានប្រមាណ ៣,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៀត ផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ចូនទំនិញ ក៏ដូចជាគាំទ្រសកម្មភាពរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានាផងដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុន បានអនុវត្តជិត ៧០០គម្រោង នៅទូទាំងប្រទស តាមរយៈជំនួយឥតសំណងគូសាណូណ៌។ គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពពលរដ្ឋកម្ពុជានៅកម្រិតមូលដ្ឋាន៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: