អភិបាលរាជធានី លើកទឹកចិត្តពលរដ្ឋដើរកម្សាន្តតាមផ្លូវថ្មើរជើង និងចូលអានសៀវភៅបណ្ណាល័យចល័ត
- ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

ភ្នំពេញ៖ ផ្លូវថ្មើរជើង ឬWalk Street បានដាក់ដំណើរការសាកល្បង ៣សប្ដាហ៍មកហើយ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តជាបន្តបន្ទាប់ ដូចជា ការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ និងបណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋដើរកម្សាន្តតាមផ្លូវថ្មើរជើង និងចូលអានសៀវនៅបណ្ណាល័យចល័ត។ លោកអភិបាល ចាត់ទុកការអានសៀវភៅ គឺជាផ្នែកសំខាន់នៃការកម្សាន្ត និងចំណេះដឹង។

លោក ឃួង ស្រេង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ កុម្ភៈ បែបនេះថា៖«សូមក្មួយៗ និងបងប្អូនដែលដើរកម្សាន្តតាមផ្លូវថ្មើរជើង អញ្ជើញចូលរួមអានសៀវភៅនៅបណ្ណាល័យចល័ត ដើម្បីកម្សាន្តអាម្មរណ៍ និងបង្កើននចំណេះដឹងបន្ថែមទៀត»។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បង ផ្លូវថ្មើរជើង ឬWalk Street កាលពីថ្ងៃទី១ ខែកុម្ភៈ។ ផ្លូវនេះ រៀបចំឡើងនៅលើផ្ទៃដី ៥៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ តាមបណ្ដោយវិថីព្រះស៊ីសុវិត្ថ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០។ តាមគម្រោងផ្លូវថ្មើរជើងនេះ ត្រូវបែងចែកជា ៣តំបន់ផ្សេងគ្នា ដោយមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជា pub street ដើម្បីបម្រើដល់ការកម្សាន្ត និងដើរទិញទំនិញនៅពេលយប់របស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទាំង ៣នេះ នឹងបិទមិនឱ្យឡាន និងម៉ូតូ ចូលធ្វើចរាចណ៍នោះទេ ដើម្បីបង្កភាពងាយស្រួលការដើរកម្សាន្តរបស់ពលរដ្ឋ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕

អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: