តើ ពុធ សំបូរ អាចបំបែកកំណត់ត្រារបស់ ជ័យ កុសល និង បឺត សង្ឃឹម នៅទឹកដីអូស្ដ្រាលីទេ?
  • ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
តើ ពុធ សំបូរ អាចបំបែកកំណត់ត្រារបស់ ជ័យ កុសល និង បឺត សង្ឃឹម នៅទឹកដីអូស្ដ្រាលីទេ?
រូបពី លោក ស្រ៊ឺ ស្រេង

កីឡាករ-កីឡាការិនី២រូប នឹងត្រូវទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នៅទឹកដីអូស្ដ្រាលី នាថ្ងៃទី២២ កុម្ភៈ។ កីឡាករគុនខ្មែរ បានបរាជ័យក្នុងការដណ្ដើមខ្សែក្រវ៉ាត់នេះ ចំនួន២លើករួចមកហើយ។
TTN-Free-Banner-In-Article-PC

ប្រធានសមាគមប្រដាល់ឃីគបុកស៊ីងប្រចាំនៅកម្ពុជា (ISKA) និងជាផលិតករគុនខ្មែរ លោក ស្រ៊ឺ ស្រេង នឹងដឹកនាំកីឡាករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្ន ទៅប្រកួតនៅប្រទេសអូស្ដ្រាលី លើសង្វៀន WBC។ កីឡាករ ពុធ សំបូរ ត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ជាមួយ Wanchaloem របស់ថៃ ខណៈ សំ ថារ័ត្ន ត្រូវប្រកួតជាមួយ Jane Koo កីឡាការិនីកូនកាត់អូស្ដ្រាលីកូរ៉េ លក្ខណៈមិត្តភាពអូស្ដ្រាលី-កម្ពុជា។ 

លោក ស្រ៊ឺ ស្រេង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមតេឡេក្រាមថា កាលពីឆ្នាំ២០០៨ កីឡាករ ជ័យ កុសល បានបរាជ័យ ក្នុងការដណ្ដើមខ្សែក្រវ៉ាត់ WBC នៅទឹកដីអូស្ដ្រាលីម្ដងរួចមកហើយ ។ ចូលមកឆ្នាំ២០២៤ ក្រោមការដឹកនាំទៅប្រកួតរបស់ផលិតកររូបនេះ កីឡាករ បឺត សង្ឃឹម ក៏បរាជ័យម្ដងទៀត។ លោក ស្រ៊ឺ ស្រេង នៅតែរំពឹងខ្ពស់ចំពោះកីឡាករគុនខ្មែរ ថានឹងអាចដណ្ដើមខ្សែក្រវ៉ាត់អន្ដរជាតិនេះ មកប្រទេសវិញ។

ប្រធាន ISKA រូបនេះ មានសុទិដ្ឋិនិយមថា ការទៅប្រកួតនេះ គឺជាការផ្សព្វផ្សាយគុនខ្មែរទៅកាន់អន្ដរជាតិ។​ «បើខ្ញុំគ្មានសង្ឃឹមជាមួយកីឡាករ ខ្ញុំនឹងមិនដឹកនាំទៅទេ។ ការផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ទោះជាយើងចេញក្រៅបានច្រើនយ៉ាងណាក៏ដោយ ក៏យើងមិនទាន់ ត្រូវនឹងតម្រូវការរបស់គេដែរ។ នោះ បានន័យថានៅមានប្រទេសខ្លះ មិនទាន់ស្គាល់យើងដែរ។ យើង ត្រូវតែប្រឹង​ប្រឡូកសិន។ យើង ត្រូវប្រឡូកដើម្បីឲ្យគេចាប់ផ្ដើមស្គាល់យើង។ ឥឡូវនេះ យើងទៅវាយដោយជ្រកក្រោមកម្មវិធីរបស់គេ ថ្ងៃក្រោយយើងនឹងបង្កើតកម្មវិធីដោយខ្លួនឯង»។ ផលិតកររូបនេះ បាននិយាយដូច្នេះ៕


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា