សម្ដេច ហ៊ុន ម៉ាណែត មិនជឿរឿងពលរដ្ឋតូចតាច ហ៊ានប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំ
- ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០៤ នាទី រសៀល

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត មិនជឿសោះឡើយថា ពលរដ្ឋតូចតាច មានលទ្ធភាពដល់ថ្នាក់ប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំនោះ។ សម្តេចនាយករដ្ឋមន្ត្រី យល់ថាពលរដ្ឋតូចតាយដែលជាប្រជានេសាទទៅវិញទេ ជាជនរងគ្រោះ និងជាអ្នកខាតប្រយោជន៍ នៅពេលមានបទល្មើសនេសាទធំៗបន្តកើតមាន។ នេះជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងឃ្លីបវីដេអូជាង១នាទី ដែលថ្លែងក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ។

សម្រាប់ការបង្ក្រាបបទល្មើសនេសាទ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាទៅ អាជ្ញាធរពាក់ព័ន្ធដែលចុះល្បាត ទប់ស្កាត់បទល្មើស ឱ្យតម្កល់ប្រយោជន៍មូលដ្ឋានជាធំ និងបន្តតាមកម្ចាត់ក្រុមជនល្មើសដែលអុងអាត់ ប្រព្រឹត្តបទល្មើសទ្រង់ទ្រាយធំ។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ព្រោះរឿងហ្នឹង គឺសុំឱ្យច្បាស់! គឺ(ទុកប្រយោជន៍)ពលរដ្ឋជាគោល។ បើយើងអនុវត្តន៍ គឺអនុវត្តទៅលើអ្នកដែលទ្រង់ទ្រាយធំ ហើយខូចប្រយោជន៍ធំ។ ហើយសម្រាប់ប្រជាពលរដ្ឋ គឺត្រូវមានភាពបត់បែន(ចាត់វិធានការសមស្រប) ដូចលើកអ៊ីចឹង ព្រោះជួនកាល ប្រជាពលរដ្ឋអត់មានទេ អួនខ្លះ មួយគីឡូ(ម៉ែត្រ)ដីនោះ។ បើថា ប្រជាពលរដ្ឋសហគមន៍ មានអួនដល់មួយគីឡូ(ម៉ែត្រ)ដី ខ្ញុំពិបាកជឿណាស់។»។
ក្រៅពីថ្លែងយ៉ាងម៉ឺងម៉ាត់ដូច្នេះហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា តាមរយៈការកម្ចាត់ និងទប់ស្កាត់បទល្មើសទ្រង់ទ្រាយធំបានមួយចំនួន នាពេលកន្លងមក បានធ្វើឱ្យ ទិន្នផលត្រី មានកំណើនឡើង និងមានតម្លៃសមរម្យ ដែលអាចឱ្យពលរដ្ឋមានលទ្ធភាពទិញបរិភោគ ទោះជាតម្លៃមិនទាន់ល្អក៏ដោយ។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«សុខចិត្តមានត្រីច្រើនអត់ទីផ្សារ ប្រសើរជាងអត់ត្រីឱ្យប្រជាជន ដោយសារការគ្រប់គ្រង់ធនធានធម្មជាតិរបស់យើងអត់បាន។ ពលរដ្ឋលក់ត្រីសល់បានចំណូល ជាជាងអត់អីលក់។ លក់ត្រីថោកសម្រាប់អ្នកហូប ប្រសើរជាងលក់ត្រីថ្លៃ ប្រជាពលរដ្ឋអត់មានលទ្ធភាពទិញ។»។
សូមរំឭកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។
បើគិតពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣៦នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសនេសាទ។ ជនដែលបានជាប់ឃុំ គឺជាជនល្មើសដែលស្ថិតក្នុងចំណោមសំណុំរឿង ៩០ករណី ដែលអាជ្ញាធរបញ្ជូនទៅតុលាការ។
ក្រៅពីនេះ អន្តរក្រសួងពាក់ព័ន្ធនឹងបទល្មើសជលផល ក៏ចាប់បានឧបករណ៍អួន អូសទឹកសាប៧៤វង់, ម៉ាញ់១៥វង់, ឆក់ត្រជាក់ និងក្តៅ១៨៤០គ្រឿង, ឈិបយន្ត២៨គ្រឿង, អួនហ៊ុម៣៩វង់, របាំងស្បៃមុង និងសាច់អួន២២៣៦០៨១ម៉ែត្រ, លូ និងលប ៣២ ២២០មាត់, បង្គោលចម្រឹង ៩៧៨ ៦២៩ដើម ឈ្នក់រួមផ្សំភ្លើង១៣៥វង់, កាណូត២៣៤គ្រឿង និង ម៉ាស៊ីន១៤៥គ្រឿង ផងដែរ។
អត្ថបទទាក់ទង
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទ និងវារីវប្បកម្ម បានចំនួន ៩២៦ ៩៣៤ តោន ក្នុងនោះផលនេសាទទឹកសាប មាន ៤៦៧ ៣៤៤ តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និងផលវារីវប្បកម្ម ៣២០ ២៨០ តោន។ ចំនួននេះកើនឡើង ៦០ ៦៨៤ តោន ឬស្មើ ៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍សង្ខេប លទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផល ដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ អាជ្ញាធរបង្រ្កាបបានបទល្មើសនេសាទចំនួន ៣ ១៩៤ ករណី កើន ១៤០ ករណី ធៀបនឹងឆ្នាំ២០២៣៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: