នៅពេលដែលការអនុវត្តអត្រាប្តូរប្រាក់រៀល និងដុល្លារ មិនត្រូវតាមគោលការណ៍!
  • ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤៧ នាទី រសៀល
នៅពេលដែលការអនុវត្តអត្រាប្តូរប្រាក់រៀល និងដុល្លារ មិនត្រូវតាមគោលការណ៍!

ភ្នំពេញ៖ ហេតុអ្វីបានជាអ្នករកស៊ីមួយចំនួនកំណត់អត្រាប្តូរប្រាក់ខ្ពស់ពី៤១០០ទៅ៤២០០រៀលក្នុង១ដុល្លារ ខណៈអត្រាប្តូរប្រាក់លើទីផ្សារ បច្ចុប្បន្ន ត្រឹមពី៤០០០ ទៅ៤០២០រៀល? ចម្ងល់ដែលសារព័ត៌មានឌីជីថលថ្មីៗ បានសាកសួរនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ទទួលបានការចូលរួមមតិយោបល់ចម្រុះពីអ្នកជំនាញ ក្រុមអាជីវករ ក្រុមអ្នកគាំទ្រការចាយលុយរៀល និងសាធារណជនទូទៅ។
TTN-Free-Banner-In-Article-PC


«មកពីទម្លាប់, មកពីទីផ្សារសេរីពេក, ហាងឆេងតាមមាត់, ចង់ចំណេញហួសហេតុ, មកពីគ្មានការគ្រប់គ្រងត្រឹមត្រូវ, កង្វះយន្តការត្រួតពិនិត្យ, មិនគាំទ្រលុយរៀល, មិនឱ្យតម្លៃប្រាក់រៀលខ្មែរ, ទំនិញនាំចូលគិតជាដុល្លារ, មកពីស្រុកយើងចាយលុយចម្រុះសាសន៍ពេក, គិតម្លៃថេរ៤១០០រៀលក្នុង១ដុល្លារ, ដុល្លារឡើងចុះមិនទៀង ម្តង៤០ ម្តង៤១ ម្តង៤២»។ ទាំងនេះ គឺជាទឡ្ហីករណ៍ ដែលបានលើកឡើង ពាក់ព័ន្ធនឹងការអនុវត្តអត្រាប្តូរនៅលើទីផ្សារបច្ចុប្បន្ន ជាពិសេសរវាងប្រាក់រៀល និងដុល្លារអាម៉េរិក។

អ្នកចូលរួមបញ្ចេញមតិយោបល់មួយចំនួន បានទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការចំពោះអ្នករកស៊ីដែលកំណត់ប្តូរប្រាក់លើសហាងឆេងនៅលើផ្សារ និងជំរុញឱ្យអាជីវករគិតតម្លៃប្រាក់រៀលជាគោលវិញ ដែលក្នុងន័យលើកកម្ពស់ប្រាក់រៀលផង និងមិនស្មុគស្មាញច្រើនចំពោះអត្រាប្តូរនៅទីផ្សារ ខណៈប្រាក់រៀលមានស្ថិរភាពល្អប្រសើរ នារយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ 

អ្នកខ្លះមើលឃើញពីការកំណត់អត្រាប្តូរប្រាក់ហួសហេតុដល់៤២០០រៀលក្នុង១ដុល្លារ  គឺជាផ្នែកមួយធ្វើឱ្យពលរដ្ឋ (អ្នកទិញ) មិនចង់ចាយលុយរៀល។ តែជាមួយគ្នានេះ ក៏មានក្រុមអ្នករកស៊ីមួយចំនួន អះអាងពីការសម្រេចចិត្តរបស់ខ្លួន លើការកំណត់អត្រាប្តូរប្រាក់រៀលផងដែរ។



អ្នករកស៊ីម្នាក់ បានបញ្ជាក់ថា ពេលទិញទំនិញមកស្តុក មានតម្លៃដុល្លារស្មើនឹង៤១០០រៀល តែពេលធ្លាក់ចុះមក៤០០០រៀល គាត់មិនអាចលក់តាមហាងឆេងទេ ព្រោះចំណេញតិច និងប្រឈមនឹងខាត។

គាត់បានបន្ថែមថា៖ «បើរកស៊ីមិនចំណេញសូម្បីតែ១០០រៀល តើរកស៊ីធ្វើអ្វី ហើយបើឆ្ងល់រឿងហ្នឹង ក៏ត្រូវឆ្ងល់រឿងទឹកសុទ្ធផងដែរ លក់ក្រៅតែ៥០០ ទៅ១០០០រៀល ប៉ុន្តែក្នុងម៉ាត (Mart) ថ្លៃដល់ទៅ៤០០០ ឬ១ដុល្លារឯណោះ»។

សម្រាប់ក្រុមអ្នករកស៊ីតូចតាចមួយចំនួន កត្តានេះ មិនគួរបន្ទោសអ្នកលក់ឡើយ តែត្រូវបន្ទោសដល់ក្រុមហ៊ុននាំចូល ដែលក្រុមហ៊ុនខ្លះនៅរក្សាអត្រាប្ដូរប្រាក់ ៤១០០ ឬ ៤២០០រៀល។ «គួរមានវិធានការលើក្រុមហ៊ុនធំៗ មិនមែនសំដៅតែអ្នកលក់បន្ដទេ»។ នេះជាយោបល់ដែលបានលើកឡើង។

ស្របពេលជាមួយគ្នា អ្នករកស៊ីធំៗក្នុងស្រុកមួយចំនួនបានពន្យល់ថា ការនាំចូលទំនិញពីបរទេសជាលុយដុល្លារ ការទូទាត់ឱ្យគេវិញក៏ជាលុយដុល្លារ។ អ៊ីចឹងហើយ បានជាគេគិតកន្ទុយ ព្រោះត្រូវចំណាយពេលទៅដាក់លុយក្នុងកុង [ធនាគារ] ហើយចំនួនលុយ[រៀល]វាច្រើន បើធៀបជាមួយលុយដុល្លារ។

«មានតែអ្នករកស៊ីទេទើបយល់។ បានជាដុល្លារ យើងត្រូវទៅទិញដុលា្លរ អត្រាខុសគ្នា។ បើគេគិតដុល្លារ យើងឱ្យលុយជាដុល្លារទៅចប់រឿងបាត់ទៅហើយ។  ត្រូវចាំថាអ្នកលក់ដូរធំៗ មិនមែនទិញ-លក់ថ្ងៃហ្នឹងទេ»។ នេះជាការពន្យល់បន្ថែមរបស់ក្រុមអាជីវករ ដោយបានបន្ថែមថា ពេលទិញទំនិញចូលមិនប្រាកដថា អត្រាប្តូរប្រាក់៤០៤០ ឬ៤០៥០រៀលក្នុងមួយដុល្លារទេ ដើម្បីងាយស្រួលគិត គឺគិតត្រឹម៤១០០រៀលតែម្តងទៅ។

ក្នុងចំណោមមតិយោបល់ដ៏ចម្រុះនោះ ក៏មានអ្នកជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ តាមរយៈការស្នើឱ្យមានការឯកភាពលើប្រាក់បៀវត្សរ៍ជាប្រាក់រៀល និងការចាយវាយជាប្រាក់រៀល ដើម្បីសេដ្ឋកិច្ចរីកចម្រើន។ «នៅប្រទេសមួយចំនួន គេអាចធ្វើបានដោយចាយលុយជាតិគេ។ ហេតុអ្វីនៅយើងធ្វើមិនបាន មកពីពួកយើងមិនគាំទ្រកាចាយប្រាក់រៀល»។ នេះជាការក្រើនរំលឹកមួយ។

សាកលវិទ្យាល័យខ្លះ គិតថ្លៃសិក្សាជាដុល្លារ ខណៈនិស្សិតភាគច្រើនគឺជាកូនកសិករ ដោយគិតអត្រាប្តូរប្រាក់ដុល្លារ ៤១០០ ឬ៤២០០រៀលក្នុង១ដុល្លារ។ ជាមួយគ្នានេះ ក៏មានមតិយោបល់រិះគន់ស្ថាប័នរដ្ឋមួយចំនួន ដែលគិតថ្លៃសេវាកម្ម ដោយមិនអើពើអត្រាប្តូរប្រាក់នោះដែរ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បញ្ញាវ័ន្ត ចង់ឃើញការទូទាត់លុយខ្មែរជាមូលដ្ឋាននៅតាមបណ្តាហាងលក់ដូរ។ លោកបានលើកឡើងពីជម្រើស៣ ក្នុងករណីជួបប្រទះការប្តូរប្រាក់មិនតាមគោលការណ៍ ដោយក្នុងនោះមានការប្រើប្រាស់ KHQR ដែលមានការកំណត់អត្រាប្តូរ ប្រាក់តាមការប្រែប្រួលជាក់ស្តែងរបស់ធនាគារដើម្បីស្កេន, ការថតបង្ហោះហាងដែលមិនគោរពគោលការណ៍នៅលើបណ្តាញសង្គម និងការចាយដុល្លារតែម្តង។

លោកបានបន្ថែមថា បើម្ចាស់អាជីវកម្ម និងអ្នករកស៊ី រួមសហការគ្នាទទួលយកការទូទាត់ប្រាក់រៀលជាគោល គឺអាចជំរុញការលើកកម្ពស់ប្រាក់រៀល។ ក្នុងន័យនេះ បើករណីយកលុយដុល្លារមកចាយ គឺគួរគិតត្រឹម៣៨០០ ឬ៣៩០០រៀល។ ដូច្នេះ ម្ចាស់អាជីកម្មចំណេញច្រើនពីអ្នកចាយដុល្លារ និងចូលរួមយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រាក់រៀល។ 

លោក ឃូ វុឍ្ឍី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិ នៃកម្ពុជា ក៏ស្ថិតក្នុងចំណោមអ្នកបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុករបស់សារព័ត៌មានឌីជីថលថ្មីៗផងដែរ។

សម្រាប់អ្នកជំនាញរូបនេះ វាដល់ពេលហើយដែលត្រូវពង្រឹងច្បាប់ក្នុងការដាក់អត្រាប្តូរប្រាក់ ដើម្បីមានភាពយុត្តិធម៌ សម្រាប់ទាំងអ្នកទិញ និងអ្នកលក់។ លោកបញ្ជាក់ថា ៖ « ច្បាប់ក្នុងការកំណត់អត្រាប្តូរប្រាក់ គឺមានតែអ្នកទទួលបានការអនុញ្ញាតពីអាជ្ញាធរប៉ុណ្ណោះ ទើបមានសិទ្ធិកំណត់អត្រាប្តូរប្រាក់។ ពេលក្លាយជាអ្នកប្តូរប្រាក់ផ្លូវការ គាត់ហ្នឹងត្រូវគោរពយន្តការនៃការកំណត់អត្រាប្តូរ ដែលមានអាជ្ញាធរជាអ្នកត្រួតពិនិត្យ»។

កម្ពុជាមានច្បាប់ ស្តីពី «ការគ្រប់គ្រងការប្តូរប្រាក់» ដោយបានចែងថា អាជីវករប្តូរប្រាក់ដល់ដៃដែលមានទីតាំងអចល័តឬចល័តអាចធ្វើសកម្មភាពប្តូរប្រាក់បានលុះត្រាតែបានទទួលការអនុញ្ញាតជាមុនពីធនាគារកណ្តាល ។ ក្រៅពីច្បាប់, ធនាគារជាតិក៏បានអនុវត្តនូវគោលនយោបាយអត្រាប្តូរប្រាក់ គោលដៅចម្បងរក្សាស្ថិរភាពថ្លៃលើទីផ្សារ។ 

ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ធនាគារជាតិនឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាព អត្រាប្តូរប្រាក់ទៅតាមគោលដៅដែលបានកំណត់ ដោយចេញនូវអត្រាប្តូរប្រាក់ផ្លូវការជាប្រចាំថ្ងៃ។ អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ។ 

អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជាជាមួយនឹងភាគីពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជាអត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជន ផងដែរ ។

បច្ចុប្បន្ន អត្រាប្តូរប្រាក់គោលេរវាងរូបិយវត្ថុជាមួយរូបិយប័ណ្ណបរទេស ត្រូវបានធនាគារជាតិចេញផ្សាយពីរម្តងក្នុងថ្ងៃ ពោលគឺពេលព្រឹក និងពេលល្ងាច នៅលើផ្លែតហ្វមធនាគារជាតិនៃកម្ពុជា(NBCP)។ ធនាគារជាតិ ធ្វើបែបនេះ គឺដើម្បីជួយសម្រួលដល់ការចុះបញ្ជិកា និងការទូទាត់នានាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់ធនាគារពាណិជ្ជ និងវិស័យឯកជន យកអត្រាប្តូរប្រាក់ផ្លូវការនេះ ធ្វើជាមូលដ្ឋានក្នុងការគិតគូរ និង សម្រេចដាក់ចេញអត្រាប្តូរប្រាក់ទីផ្សារ តាមស្ថាប័នអាជីវកម្មរៀងខ្លួនៗ។  

ធនាគារជាតិ បានបញ្ជាក់ថា ៖ «អត្រាប្តូរប្រាក់នាចុងថ្ងៃនៃប្រតិបត្តិការ នឹងមានកម្រិតដូចគ្នានឹងអត្រាប្តូរប្រាក់នាពេលព្រឹកបន្ទាប់ ដោយសារអត្រាប្តូរប្រាក់ទាំងពីរនេះ ទទួលបានពីការគណនាចេញពីអត្រាមធ្យមថ្លឹងនៃអត្រាប្តូរប្រាក់ទីផ្សារអន្តរធនាគារ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោះដូរនៅក្នុងថ្ងៃ នៅលើផ្លែតហ្វមធនាគារជាតិនៃកម្ពុជា(NBCP)»។

សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈនេះ អត្រាប្តូរប្រាក់គោលដែលចេញផ្សាយដោយធនាគារជាតិរវាងប្រាក់រៀល និងដុល្លារ គឺមានតម្លៃ៤០០៥រៀលក្នុងមួយដុល្លារ។ សម្រាប់អត្រាប្តូរលើទីផ្សារនៅតាមគ្រឹះស្ថានធនាគារ និងកន្លែងប្តូរចល័ត និងអចល័តដែលទទួលបានការអនុញ្ញតពីធនាគារជាតិ  គឺមានតម្លៃចន្លោះ៤០០០-៤០០៦រៀលក្នុង១ដុល្លារ។ នេះជាតម្លៃដែលយកដុល្លារទៅទិញ ឬដូរយកប្រាក់រៀល។ ចំពោះ ការយកលុយរៀលទៅទិញ ឬដូរ យកលុយដុល្លារនៅលើទីផ្សារវិញ គឺមានតម្លៃចន្លោះ ៤០២០-៤០៣០រៀលក្នុង១ដុល្លារ។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រាក់រៀលរបស់កម្ពុជា គឺមានស្ថិរភាពល្អដោយរក្សាបានតម្លៃលើទីផ្សារក្នុងរង្វង់៤ ១០០រៀលក្នុង១ដុល្លារ។ ចូលមកដល់ឆ្នាំ២០២៥នេះ ស្ថានភាពប្រាក់រៀលកាន់តែល្អ មានតម្លៃចន្លោះពី៤ ០០០-៤ ០៤០រៀល ក្នុង១ដុល្លារ។ ការណ៍នេះ ប្រជាពលរដ្ឋគួរគម្បី ងាកមកប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយឱ្យធនាគារជាតិ នៃកម្ពុជា មានលទ្ធភាពកាន់តែពេញលេញ ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ៕ 

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន