រដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម នាសម័យ ខ្មែរក្រហម
- ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។ រូបពី រដ្ឋសភា
ភ្នំពេញ៖ រដ្ឋសភា បានប្រជុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំ លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី១៨កុម្ភៈ ក្រោមការដឹកនាំប្រជុំរបស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

យោងតាមការផ្សាយរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់ថ្មីនេះ មានចំនួន៧មាត្រា។ ច្បាប់នេះ ប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជា ធិបតេយ្យ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គល ទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឬអំឡុងសម័យខ្មែរក្រហម។
អត្ថិភាពនៃឧក្រិដ្ឋកម្មនាសម័យខ្មែរក្រហម ត្រូវបានទទួលស្គាល់ ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ការកាត់ក្ដីនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនោះ វិលត្រឡប់មកវិញ។
ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីនេះ ដោយ១១៥សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន១១៥រូប។
ពេលជាមួយគ្នាដែរ រដ្ឋសភា ក៏បានអនុម័តសេចក្ដីព្រាងច្បាប់មួយទៀតដែរ គឺសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលមានចំនួន៤ជំពូក និង១៥មាត្រា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: