ម៉ារ៉ាតុងគឺចម្ងាយ៤២,១៩៥គីឡូម៉ែត្រ មិនមែនម៉ារ៉ាតុង៥ ឬ១០គីឡូម៉ែត្រឡើយ!
  • ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៧ នាទី រសៀល
ម៉ារ៉ាតុងគឺចម្ងាយ៤២,១៩៥គីឡូម៉ែត្រ មិនមែនម៉ារ៉ាតុង៥ ឬ១០គីឡូម៉ែត្រឡើយ!
ស្នាដៃ​រូបថត​របស់អ្នកថតជនជាតិអាម៉េរិក លោក Burton Holmes បង្ហាញពីសកម្មភាពអត្តពលិក៣រូបហ្វឹកហាត់សម្រាប់អូឡាំពិកក្រុងអាតែនឆ្នាំ១៨៩៦

ម៉ារ៉ាតុង គឺជាការរត់ប្រណាំងលើផ្លូវថ្នល់ចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ។ នេះជានិយមន័យដែលពន្យល់ក្នុងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយភ្ជាប់ឧទាហរណ៍ដូចជា អ្នកចូលរួមរត់ប្រណាំងម៉ារ៉ាតុងអង្គរ, ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ។
TTN-Free-Banner-In-Article-PC
 

អ្នកនាំសាររត់ពីក្រុងបុរាណម៉ារ៉ាតុងទៅក្រុងអាតែន

ម៉ារ៉ាតុង មានសាវតាចេញពីរឿងព្រេងនិទានអំពីអ្នកនាំសារក្រិកមួយរូបឈ្មោះ Pheidippides ដែលបានរត់ពីក្រុងម៉ារ៉ាតុង ឆ្ពោះទៅកាន់ក្រុងអាតែន លើចម្ងាយផ្លូវប្រមាណ៤០គីឡូម៉ែត្រ (២៤,៨៥ម៉ាយ៍) នៅ៤៩០ឆ្នាំមុនគ្រឹស្តសករាជ្យ ដើម្បីប្រកាសជ័យជម្នះរបស់ទ័ពក្រិកលើទ័ពពែរ្សក្នុងសមរភូមិម៉ារ៉ាតុង (Battle of Marathon) ហើយបន្ទាប់មក លោកក៏បានដាច់ដង្ហើមស្លាប់ដោយសារអស់កម្លាំង។


រូបសំណាកអ្នកនាំសារក្រិក លោក Pheidippides ដែលបាន​រត់ពីក្រុងម៉ារ៉ាតុង ទៅក្រុងអាតែនលើចម្ងាយផ្លូវ៤០គីឡូម៉ែត្រដើម្បីប្រកាសពីជ័យជម្នះទ័ពក្រិកលើទ័ពពែរ្ស

ជិត២៤សតវត្សរ៍ក្រោយមក ពោលគឺនៅឆ្នាំ១៨៩៦ ព្រឹត្តិការណ៍កីឡាអូឡាំពិកទំនើប ត្រូវបានប្រារព្ធឡើងនៅក្រុងអាតែន។ ក្រោមគំនិតផ្តួចផ្តើមរបស់និរុត្តិវិទូបារាំង លោក Michel Breal វិញ្ញាសាម៉ារ៉ាតុង ក៏ត្រូវបានដាក់បញ្ចូលផងដែរ ដោយរក្សាក្នុងចម្ងាយ៤០គីឡូម៉ែត្រ។ ម្ចាស់ជើងឯកដំបូងបំផុត គឺលោក Spiridon Louis អ្នករត់សំបុត្រ និងជាអតីតយោធាក្រិក។

ការកំណត់ ៤២,១៩៥គីឡូម៉ែត្រ 
តាមឯកសារក្រុមប្រឹក្សា Alpha Omega តំណាងសមាគមអត្តពលកម្មក្រុមបូស្តុន (BAA) បានយកតាមលំនាំនេះ តាមរយៈការបង្កើតព្រឹត្តិការណ៍ Boston Marathon លើកដំបូងនាឆ្នាំបន្ទាប់។ ឈានដល់ឆ្នាំ១៩០៨ នាព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ ចម្ងាយរត់ម៉ារ៉ាតុង បានឡើងដល់ ៤២,១៩៥គីឡូម៉ែត្រ (២៦ម៉ាយ៍ និង៣៨៥យ៉ាត)

ប្រវែងបន្ថែមនេះ គឺជាការសម្រេចតាមព្រះទ័យរបស់រាជវង្សានុវង្សអង់គ្លេស ដោយគិតលើចម្ងាយពីវិមាន Windsor ឆ្ពោះទៅកាន់កីឡដ្ឋានដែលទើបសាងសង់ថ្មី White City Stadium នាក្រុងឡុងដ៍។ 

ទោះបីជាយ៉ាងណាក៏ដោយ ប្រវែង៤២,១៩៥គីឡូម៉ែត្រនេះ មិនទាន់មានការឯកភាពគ្នាឡើយ ហើយរហូតដល់ព្រឹត្តិការណ៍ Boston Marathon ឆ្នាំ១៩២១ ទើបសមាគមសហព័ន្ធអត្តពលកម្មអន្តរជាតិ (IAAF) សម្រេចកំណត់ជាស្តង់ដា។

Boston Marathon គឺជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងប្រចាំឆ្នាំដែលមានវ័យចំណាស់ជាងគេ ខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ឆ្នាំ១៩០៨ ត្រូវបានចងចាំជាពិសេសលើការផ្តល់កំណើតកីឡាម៉ារ៉ាតុងផ្លូវការ រហូតមកដល់សព្វថ្ងៃនេះ។



ម៉ារ៉ាតុង ក្លាយជាវិញ្ញាសាដ៏សំខាន់ក្នុងព្រឹត្តិការណ៍កីឡាធំៗ ហើយក្រៅពីបូស្តុន ព្រឹត្តិការណ៍ម៉ារ៉ាតុងនៅញូវយ៉ក ប៊ែរឡាំង ឡុងដ៍ តូក្យូ និងស៊ីហ្គាកូ ជាដើម ទាក់ទាញអ្នកចូលរួមរាប់ម៉ឺន រាប់សែននាក់ ទាំងអ្នករត់អាជីព និងសាធារណជនទូទាំងពិភពលោក។

បច្ចុប្បន្នម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោកផ្នែកបុរស គឺកីឡាករកេនយ៉ា Kelvin Kiptum ជាមួយនឹងថិរវេលា ២:០០:៣៥ និងកីឡាការិនីអេត្យូពី Tigst Assefa ក្នុងថិរវេលា ២:១១:៥២ ដែលសម្រេចបានកាលពីឆ្នាំ២០២៣ ដូចគ្នា។

ម៉ារ៉ាតុង មិនមែនជាព្រឹត្តិការណ៍ដើម្បីតែការប្រកួតប្រជែងនោះឡើយ ប៉ុន្តែក៏ត្រូវបានរៀបចំឡើងដើម្បីសកម្មភាពសប្បុរសធម៌ ការលើកកម្ពស់សុខភាព វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកចូលរួមផងដែរ។

ពាក់កណ្តាលម៉ារ៉ាតុង ២១,០៩៧៥គីឡូម៉ែត្រ
ខណៈចម្ងាយ៤២គីឡូម៉ែត្រ ហាក់កម្រិតបរិមាណនៃការចូលរួម អ្នករៀបចំព្រឹត្តិការណ៍បានរៀបចំការប្រកួតចម្ងាយផ្សេងៗទៀតទាំងការប្រកួតប្រជែង និងការរត់កម្សាន្ត (Fun Run) ដោយភាគច្រើន មានចម្ងាយ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ឬ២១គីឡូម៉ែត្រជាដើម។

ការត់ចម្ងាយ២១គីឡូម៉ែត្រ (ចម្ងាយពិតប្រាកដ ២១,០៩៧៥គីឡូម៉ែត្រ) ត្រូវបានកំណត់ ជាការប្រកួតពាក់កណ្តាលម៉ារ៉ាតុង (Half Marathon) ប៉ុន្តែចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងចម្ងាយផ្សេងទៀត មិនមែនជាការរត់ម៉ារ៉ាតុងឡើយ។

នារយៈពេលចុងក្រោយនេះ កម្មវិធីរត់ ការរត់បែបកម្សាន្តសប្បាយៗ មានច្រើនសម្បូរបែបនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ឬទៅតាមការកំណត់ត្រាអ្នករៀបចំព្រឹត្តិការណ៍ ប៉ុន្តែគេមិនអាចប្រសិទ្ធនាមថា ជាការប្រកួតម៉ារ៉ាតុងឡើយ។

នៅកម្ពុជា ព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំមានដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង Angkor Empire Marathon, ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង Angkor Wat International Half Marathon, Phnom Penh International Half Marathon និង Sihanoukville International Half Marathon។ សម្រាប់ព្រឹត្តិការណ៍ទាំងនេះ ក៏មានការរត់ក្នុងចម្ងាយផ្សេងទៀតផងដែរ។ អ្នករត់អាចនិយាយបានថា រត់ចម្ងាយ១០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង ប៉ុន្តែមិនអាចថា រត់ម៉ារ៉ាតុង១០គីឡូម៉ែត្រនោះឡើយ ព្រោះខុសពីស្មារតីដើមនៃកីឡានេះ។

អ៊ុលត្រាម៉ារ៉ាតុង (Ultramarathon) 
សម្រាប់ព្រឹត្តិការណ៍ផ្សេងទៀតដែលមានចម្ងាយលើសពី៤២គីឡូម៉ែត្រ អ្នករៀបចំដាក់ឈ្មោះព្រឹត្តិការណ៍ទៅតាមការកំណត់របស់ខ្លួន ដែលអាចជាចំនួនគីឡូម៉ែត្រនៃការរត់ ដូចជា ៥០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ ឬ១០០គីឡូម៉ែត្រ។

អ៊ុលត្រាម៉ារ៉ាតុង គឺជាការប្រកួតរត់ប្រណាំងដែលមានចម្ងាយឆ្ងាយជាងម៉ារ៉ាតុង ដោយភាគច្រើនចាប់ពី៥០គីឡូម៉ែត្រ ឡើងដល់៦៤គីឡូម៉ែត្រ និងលើស១០០គីឡូម៉ែត្រ ឬការកំណត់ក្នុងថិរវេលារង្វង់២៤ម៉ោង។
 

ការប្រកួតអ៊ុលត្រាម៉ារ៉ាតុង ប្រព្រឹត្តទៅលើផ្លូវធម្មតា ហើយជួនកាលឡើងភ្នំ ឆ្លងកាត់ព្រៃ វាលខ្សាច់ ទីរហោឋាន ជាដើម។ Angkor Ultra Trail ដែលរៀបចំប្រចាំឆ្នាំនៅតំបន់រមណីយដ្ឋានអង្គរ ក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមមួយ ដោយការរត់មានក្នុងចម្ងាយ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១០០គីឡូម៉ែត្រ។ ព្រឹត្តិការណ៍មួយចំនួនក៏មានការប្រកួតច្រើនថ្ងៃផងដែរ៕

អ្នកសរសេរអត្ថបទ

លោក អ៊ឹង ចំរើន  (Ung Chamroeun) មានកំណើតនៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប  ខ្ញុំចូល​​ប្រឡូក​ក្នុងវិស័យ​សារព័ត៌មាន​ចាប់តាំងពី​ឆ្នាំ​២០០៣មក នៅពេល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤នៅ​វិទ្យាស្ថានភាសាបរទេសផ្នែក​ភាសា​បារាំង នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញ​សារព័ត៌មាន និងទេសចរណ៍។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អុឹង ចំរើន