សម្ដេច ហ៊ុន ម៉ាណែត បកស្រាយថា សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ មិនមានខ្លឹមសារដឹងគុណវៀតណាមឡើយ
  • ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៤ នាទី ព្រឹក
សម្ដេច ហ៊ុន ម៉ាណែត បកស្រាយថា សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ មិនមានខ្លឹមសារដឹងគុណវៀតណាមឡើយ

ភ្នំពេញ៖ មតិរិះគន់ និងចម្ងល់មហាជន ជុំវិញសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ដែលមានរូបស្ដូបវិមានឈ្នះ-ឈ្នះនោះ ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត បកស្រាយបំភ្លឺ នៅក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប” នាថ្ងៃទី១៩ កុម្ភៈ។ បើតាមសម្ដេចនាយករដ្ឋមន្រ្តី សៀវភៅថ្មីនេះ មិនមានខ្លឹមសារ និងគោលបំណងដឹងគុណដល់វៀតណាមឡើយ។
TTN-Free-Banner-In-Article-PC


«សំនួរសួរថា តើរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ និងអនុកម្មការចងក្រងសៀវភៅនេះ មានគំនិតទុច្ចរិតចង់បំផ្លាញប្រវត្តិសាស្រ្តខ្មែរ ឱ្យទៅដឹងគុណពីណា តាមរយៈសៀវភៅប្រវត្តិថ្នាក់ទី៦នេះទេ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា សៀវភៅប្រវត្តិថ្នាក់ទី៦ថ្មីនេះ គឺជាសៀវភៅបំពេញបន្ថែមរបស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា ថ្នាក់ទី៤ និងទី៥ នៃកម្រិតមធ្យមសិក្សាប៉ុណ្ណោះ។ 

ដើម្បីឱ្យមហាជនយល់កាន់តែច្បាស់នោះ សម្ដេច ហ៊ុន ម៉ាណែត បានព្យាយាមបកស្រាយទៀតថា សៀវភៅនេះ គឺនិយាយអំពីប្រវត្តិសាស្រ្តខ្មែរ តាមដំណាក់កាលដែលបានកើតឡើង នាសម័យនីមួយៗ។ ក្នុងនោះសៀវភៅប្រវត្តិថ្នាក់ទី៤ បាននិយាយពីដំណាក់កាល ចាប់ពីសម័យបុរេប្រវត្តិ មកដល់ចក្រភពអង្គរ និងគំនិតច្នៃប្រឌិត ដោយក្របសៀភៅនេះ មានរូបប្រាសាទអង្គរវត្ត។ ចំណែកសៀវភៅប្រវត្តិថ្នាក់ទី៥ រៀបរាប់ពីដំណាក់កាលខ្មែរ និងដំណើរការឆ្ពោះទៅក្រោមអាណានិគមបារាំង ដែលនិយាយពីសម័យចតុមុខ រហូតដល់អណានិគមបារាំង និងបម្រែបម្រួលនៅកម្ពុជា ហើយលើក្រប មានរូបពលរដ្ឋជិះរទេះគោ។ ចំណែកសៀវភៅប្រវត្តិថ្នាក់ទី៦ បកស្រាយពីដំណាក់កាល សង្គមរាស្រ្តនិយម មកដល់ព្រះរាជាណាចក្រទី២ និងបច្ចុប្បន្ន ដោយមានរូបសិស្ស និងស្តូបវិមានឈ្នះ-ឈ្នះ លើក្របសៀវភៅ។

ប៉ុន្តែសៀវភៅប្រវត្តិថ្នាក់ទី៦នេះ មានភាពចម្រូងចម្រាស់ជាងគេ។ បញ្ហាចោទ និងយល់ច្រឡំ រហូតដល់មានក្តីបារម្ភ និងបញ្ចេញមតិតាមអនឡាញនេះ ភាគច្រើនដោយសារពួកគេ មិនទាន់បានកាន់សៀវភៅ និងអានសៀវភៅប្រវត្តិថ្នាក់ទី៦។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។

សម្ដេចនាយករដ្ឋមន្រ្តី បាននិយាយដូច្នេះ៖«ឱ្យតែមានរូបវិមានឈ្នះ-ឈ្នះ ម្នាក់ៗ តែងតែគិតថា វាជាស្តូបវៀតណាម។ ហេតុនេះ បានជាគេយល់ថា សៀវភៅនេះ ដើម្បី(បង្រៀន)ដឹងគុណទៅដល់វៀតណាម ព្រោះគ្រាន់តែក្របសៀវភៅនេះ ក៏ដាក់រូបមានស្ដូបវៀតណាមដែរ»។

ដោយសារមើលឃើញពីបញ្ហានេះ ទើបសម្ដេច ហ៊ុន ម៉ាណែត ត្រូវចេញមកបកស្រាយប្រាប់មហាជនថា សៀវភៅថ្មីនេះ មិនមែនជំនួសសៀវភៅប្រវត្តិសាស្រ្តខ្មែរចាស់នោះទេ ហើយក៏គ្មានកែប្រែខ្លឹមសារថ្មីនោះដែរ។ បើតាមប្រមុខរដ្ឋាភិបាល សៀវភៅថ្មីនេះ គ្រាន់តែមានរូបគំនូ ឬគូសរូបថ្មីបន្ថែម ដើម្បីឱ្យសិស្សងាយយល់ប៉ុណ្ណោះ ដែលគេហៅថា «ទំនើបកម្ម នៃការបង្រៀន»។ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើយកសៀវភៅចាស់ មកធៀបសៀវភៅថ្មីនេះ គឺមានខ្លឹមសារដូចគ្នា តែខុសត្រង់តែមានរូប និងពណ៌សៀវភៅថ្មីប៉ុណ្ណោះ។ 

«វិធីសាស្រ្តដើម្បីឱ្យមនុស្សរៀនឆាប់ចេះ។ ហើយរឿងនេះ មិនមែនតែនៅកម្ពុជាទេ នៅប្រទេសផ្សេងទៀត ក៏បានធ្វើបែបនេះដែរ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា នៅប្រទេសសិង្ហបុរី និងប្រទេសនានា ក៏តែងតែប្រើវិធីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ត ដោយប្រើបច្ចេកទេសរូបភាព និងវីដេអូ 3D ជំនួសឱ្យសំណេរដែរ ព្រោះងាយស្រួលឱ្យមនុស្សឆាប់យល់ជាងមុន។

ជាមួយគ្នានេះ សម្ដេច ក៏បានស្នើឱ្យពលរដ្ឋ និងបញ្ញវន្ត ត្រូវមានឯករាជ្យ ក្នុងការគិតពិចារណា ចៀសវាងការស្ដាប់យោបល់នរណាម្នាក់ ដោយខ្វះការស្រាវជ្រាវ ហើយបញ្ចេញមតិរិះគន់តាមគ្នា។ «រឿងជាតិនិយម ការស្រលាញ់ជាតិ និងស្រលាញ់វប្បធម៌របស់ជាតិ ត្រូវតែមានគ្រប់គ្នាទាំងអស់។ បងប្អូនដែលបញ្ចេញមតិបារម្ភពីរឿងនេះ គឺអត់ខុសទេ។ ប៉ុន្តែអ្វីដែលសំខាន់ ការបារម្ភបញ្ចេញមតិតាមអនឡាញ ភាគច្រើនអត់បានកាន់សៀវភៅនេះ និងអត់បានបើកមើលសៀវភៅនេះទេ»។ ប្រមុខរដ្ឋាភិបាល បន្ថែម។

កាលពីថ្ងៃទី៣ កុម្ភៈ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបកស្រាយក្នុងឃ្លីបវីដេអូមួយថា សៀវភៅប្រវត្តិវិទ្យាថ្មីនេះ បានរក្សាខ្លឹមសារចាស់ដដែល ដោយគ្រាន់តែបន្ថែមពីតួនាទីរណសិរ្សសង្រ្គោះជាតិកម្ពុជា នយោបាយឈ្នះ-ឈ្នះ និងការទប់ស្កាត់ខ្មែរក្រហមរបស់សម្ដេច ហ៊ុន សែន ប៉ុណ្ណោះ។

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ