សម្ដេច ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នកនយោបាយខ្មែរ និងថៃ កុំទាញប្រយោជន៍ពីបញ្ហាព្រំដែន
  • ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
សម្ដេច ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នកនយោបាយខ្មែរ និងថៃ កុំទាញប្រយោជន៍ពីបញ្ហាព្រំដែន

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើសារទៅអ្នកនយោបាយខ្មែរ និងថៃ កុំរុញបញ្ហាព្រំដែនឱ្យឡើងកម្ដៅ ខណៈក្រុមបច្ចេកទេស កំពុងព្យាយាមដោះស្រាយដោយសន្តិវិធី។ សម្ដេច ផ្ដាំទៅអ្នកនយោបាយទាំងនោះ មិនត្រូវយកបញ្ហាព្រំដែន ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួននោះទេ។
TTN-Free-Banner-In-Article-PC


នៅពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩កុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត បានលើកពីបញ្ហាព្រំដែន ដែលជាបញ្ហាចម្រូងចម្រាស់មួយ ត្រូវប្រើពេលវែងឆ្ងាយ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាតិ និងអន្តរជាតិ។ បើតាមប្រមុខរដ្ឋាភិបាល ការកំណត់ព្រំដែន មិនមែនផ្អែកលើផែនទី Google ឡើយ គឺត្រូវផ្អែកតាមលិខិតតុបករណ៍ និងកិច្ចព្រមព្រៀងផ្សេងៗ ជាពិសេសផែនទីប្រវត្តិសាស្រ្ត ដែលបានកំណត់ដោយបារាំង ដែលបានដាក់អាណានិគមនៅតំបន់ឥណ្ឌូចិន។ 

សម្ដេចនាយករដ្ឋមន្ត្រី ចាត់ទុកបញ្ហាព្រំដែនជារឿងរសើប ដែលទាមទារឱ្យមានការចរចាគ្នាដោយភាពចាស់ទុំ។ ហេតុនេះ សម្ដេចបានផ្ញើសារទៅកាន់អ្នកនយោបាយខ្មែរនិងថៃថា៖ «សូមកុំយករឿងនយោបាយ ទៅលាយឡំ នឹងកិច្ចការបច្ចេកទេសឱ្យសោះ! ព្រោះអ្នកនយោបាយ​អត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្រ្តទេ ទុកឱ្យអ្នកបច្ចេកទេស ដោះស្រាយតាមការងារបច្ចេកទេស។ រឿងព្រំដែន ទាក់ទងនឹងបច្ចេកទេស ច្បាប់ជាតិ និងអន្តរជាតិ ដោយគេប្រើមូលដ្ឋានហ្នឹងដោះស្រាយ កុំទៅលោតហេលហាល នាំឱ្យវាយគ្នា»។ 

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសប្រាប់ចំៗទៅអ្នកនយោបាយនៅថៃ កុំយកបញ្ហាព្រំដែនគោក និងព្រំដែនទឹក ទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ដោយប្រើលេសក្រោមហេតុផលណាមួយឡើយ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានព្រមានពីចំណាត់ការយោធាតបតវិញដែរ ប្រសិនជាមានការឈ្លានពានណាមួយ មកលើកម្ពុជា។ 

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយហ៊ាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកឈ្លានពានកម្ពុជា»។ 

ការលើកឡើងបែបនេះ ដោយសារសម្ដេច សង្កេតឃើញបញ្ហាព្រំដែនកម្ពុជា កាន់តែឡើងកម្ដៅ ដោយសារមានអ្នកនយោបាយមួយចំនួន ទាំងភាគីកម្ពុជានិងថៃ បានរុញបញ្ហានេះឱ្យកាន់តែរសើប ខណៈមន្ត្រីរដ្ឋាភិបាលទាំងពីរ កំពុងដោះស្រាយតាមនីតិវិធីចរចា៕ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី