សម្ដេច ហ៊ុន សែន ស្នើកុំឱ្យថែមអំបិល ប្រហុកនិងទឹកត្រី លើករណីលោក សុខ ទូច និងមន្រ្តីនគរបាល
- ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:២៣ នាទី រសៀល

ភ្នំពេញ៖ មិនត្រូវចាក់សាំងលើភ្លើងថែមទៀត លើករណីប៉ះទង្គិចគ្នារវាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា និងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យគ្រឿងស្រវឹងឡើយ។ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរបែបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩ កុម្ភៈ។

«ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន»។ នេះជាការយល់ឃើញរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិល-ប្រហុក ដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ដោយឡែក អ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រីនិងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរ។
ប្រធានបក្សកាន់រូបនេះ បានចោទជាសំនួរវិញថា តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?បើតាមសម្ដេច ហ៊ុន សែន ករណីនេះ គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា ។
សម្លមួយឆ្នាំង ប្រសិនជាយើងដាក់អំបិល ប្រហុក និងទឹកត្រីច្រើនពេក ប្រាកដណាស់វានឹងធ្វើឱ្យសម្លនោះ មានរសជាតិប្រៃជាក់ជាមិនខាន។ ប៉ុន្តែបើយើងបង់ប៊ីចេងច្រើនពេក សម្លមួយឆ្នាំងនោះ ក៏គ្មានឱជារសដែរ។ ងាកមកករណីលោក សុខ ទូច និងមន្ត្រីនគរបាលចរាចរណ៍វិញ សម្ដេច ហ៊ុន សែន មិនចង់ឱ្យយកមកបាចសាច និងជះទឹកដាក់គ្នានៅតាមបណ្ដាញសង្គមឡើយ ខណៈភាគីទាំងសងខាង សុទ្ធតែជាអ្នកបំពេញការងារបម្រើប្រយោជន៍ជាតិដូចគ្នា។
«ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថា អ្នកថែមអំបិលប្រហុកទឹកត្រី ប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អ ព្រោះខ្ញុំបានមើលរួចហើយ»។ នេះបើតាមអតីតនាយករដ្ឋមន្រ្តីកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com