អត្តពលិកល្បីៗជាប់បម្រាម ពាក់ព័ន្ធសារធាតុហាមឃាត់ «ដូប៉ា»
  • ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
អត្តពលិកល្បីៗជាប់បម្រាម ពាក់ព័ន្ធសារធាតុហាមឃាត់ «ដូប៉ា»

Jannik Sinner កីឡាករវាយកូនបាល់លេខ១ពិភពលោក និងកីឡាការិនីជិះស្គីលើទឹកកក Laura Barquero សុទ្ធតែរងបម្រាម ក្រោយមានជាប់ពាក់ព័ន្ធសារធាតុហាមឃាត់ «ដូប៉ា»។ កំពូលកីឡាការិនីហែលទឹកចិន Tang Qianting ស្ថិតក្នុងការតាមដាន។ កំពូលកីឡាករវាយកូនបាល់ Novak Djokovic លើកឡើងថា ការធ្វើតេស្តសារធាតុហាមឃាត់ ពេលខ្លះធ្វើឱ្យអត្តពលិកគិតថាពួកគេរងភាពអយុត្តិធម៌។
TTN-Free-Banner-In-Article-PC


ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រកាសពីការដាក់បម្រាមកីឡាករវាយកូនបាល់សញ្ជាតិអ៊ីតាលី រយៈពេល ៣ខែ ស្របពេលកីឡាការិនីជិះស្គីលើទឹកកកសញ្ជាតិអេស្ប៉ាញ Laura Barquero ជាប់បម្រាម ៦ឆ្នាំ ក្រោយធ្វើតេស្តរកឃើញមានវិជ្ជមានសារធាតុហាមឃាត់។ អ្នកទាំងពីរ សុទ្ធតែតេស្តរកឃើញសារធាតុ Clostebol ដូចគ្នា ប៉ុន្តែការដាក់ពិន័យខុសគ្នា។

ការដាក់បម្រាមលើកកិឡាការិនី Barquero ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាង WADA រួមជាមួយ សហភាពជិះស្គីអន្តរជាតិ (ISU) និងសមីខ្លួនផ្ទាល់។ យោងតាមកាសែតអេស្ប៉ាញ AS ករណីរបស់កីឡាការិនីវ័យ២៣ឆ្នាំ កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ដូចទៅនឹងកីឡាករវាយកូនបាល់ Sinner ដែរ។

អត្តពលិកទាំងពីរនាក់ សុទ្ធតែបានប៉ះពាល់នឹងសារធាតុ clostebol ដោយអចេតនា។ ករណីរបស់ Barquero ដែលជាតារាជិះស្គីដ៏ល្បីរបស់អេស្ប៉ាញ កើតឡើងដោយសារនាងបានប្រើក្រែម Trofodermin ដែលស្រដៀងគ្នាទៅនឹងថ្នាំដែល Sinner ប្រើសម្រាប់ជំនួយក្នុងការព្យាបាល។



ជុំវិញការដាក់បម្រាមខាងលើ លើអត្តពលិកទាំងពី Novak Djokovic ម្ចាស់ Grand Slam ២៤សម័យ បង្ហាញការមិនពេញចិត្តនោះឡើយ។ កីឡាករវាយកូនបាល់សញ្ជាតិស៊ៃប៊ី វ័យ៣៧ឆ្នាំ ចាត់ទុកថាដំណើរការលើការធ្វើតេស្តរបស់ WADA ពេលខ្លះធ្វើឱ្យអត្តពលិកទទួលបានភាពអយុត្តិធម៌។

Djokovic បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងកីឡាវាយកូនបាល់ឱ្យរៀបចំឡើងវិញជាបន្ទាន់នូវប្រព័ន្ធប្រឆាំងនឹងសារធាតុញៀនរបស់កីឡា។

«នេះមិនមែនជារូបភាពល្អសម្រាប់កីឡារបស់យើងទេ។ អត្តពលិកភាគច្រើនបង្ហាញការមិនពេញចិត្ត ហើយពួកគេគិតថាពូកគេរងភាពអយុត្តិធម៌ ជុំវិញការធ្វើតេស្តរកសារធាតុហាមឃាត់»។ Djokovic បន្ថែម។



កាលពីឆ្នាំមុន ម្ចាស់ជើងឯក Grand Slam ៥សម័យ Iga Swiatek ក៏រងបម្រាមរយៈពេលមួយខែផងដែរ បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះថ្នាំបេះដូង Trimetazidine។

ក្រៅពីនេះ អត្តពលិកហែលទឹកចិនច្រើនរូបក៏ស្ថិតក្រោមការដាក់ពិន័យផងដែរ។ ទិន្នន័យ​របស់ World Aquatics បង្ហាញ​ថា កីឡាការិនី​ហែល​ទឹក​​ចិន Tang Qianting ​​ស្ថិតក្នុង​បញ្ជី​អត្តពលិក​ដែល​ត្រូវ​ទទួលការ​ធ្វើតេស្ត​សារធាតុ​ញៀន​ច្រើនដង​បំផុត​ក្នុង​ឆ្នាំ ២០២៤។ Qianting បានឆ្លងកាត់ការធ្វើតេស្ត ៣៨ដង ដែលធ្វើឱ្យនាងក្លាយជាអ្នកហែលទឹកធ្វើតេស្តញឹកញាប់បំផុតប្រចាំឆ្នាំ។

កំពូលកីឡាករហែលទឹកចិន Sun Yang ដែលជាម្ចាស់កំណត់ត្រាអូឡាំពិក សុទ្ធតែញាំញីដោយសារការធ្វើតេស្តសារធាតុឃាត់ធ្ងន់ធ្ងរ។ កាសែតចិន South China Morning Post ផ្សាយថា ការធ្វើតេស្តលើកីឡាករហែលទឹកចិនរូបនេះមានភាពម៉ត់ចត់ជាងអត្តពលិកមកពីប្រទេសដទៃទៀត៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ