ជម្លោះពាក្យសម្តី! លោកត្រាំ ហៅ លោកហ្សេលេនស្គី មេដឹកនាំផ្តាច់ការគ្មានការបោះឆ្នោត
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:៣៩ នាទី ព្រឹក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (ស្តាំ) និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP និងX_Volodymyr Zelenskyy : Володимир Зеленський
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែកុម្ភៈ បានប៉ះពាក្យសម្តីជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រោយការលើកឡើងពីលទ្ធភាពបោះឆ្នោតនៅអ៊ុយក្រែន ដែលកំពុងតែមានសង្រ្គាម។ បើតាមលោក ត្រាំ លោក ហ្សេលេនស្គី ជាមេដឹកនាំផ្តាច់ការគ្មានការបោះឆ្នោត ខណៈលោក ហ្សេលេនស្គី ថា លោក ត្រាំ រស់នៅតែក្នុងបរិស្ថានព័ត៌មានមិនពិត ដែលបង្កើតដោយរុស្ស៊ី។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៨ ខែកុម្ភៈ បានជំរុញអ៊ុយក្រែនរៀបចំការបោះឆ្នោតឡើងវិញក្រោមហេតុផលប្រជាប្រិយភាពរបស់លោក ហ្សេលេនស្គី បានធ្លាក់មកក្រោម ៤ភាគរយ បើទោះការស្រង់មតិនៅពេលកន្លងទៅ បានបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែន នៅតែទទួលបានការគាំទ្រលើសពី ៥០ភាគរយក៏ដោយ។
ក្នុងថ្ងៃដដែល លោក ត្រាំ ក៏បានលើកឡើងថា លោក ហ្សេលេនស្គី មិនគួរចាប់ផ្តើមសង្រ្គាម ដ្បិតមន្រ្តីអ៊ុយក្រែន ធ្លាប់ជួបមន្រ្តីរុស្ស៊ីនៅ ៣ឆ្នាំមុខ។ លោក ត្រាំ ចង់ឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតឡើងវិញ ឱ្យស្របនឹងបំណងរបស់រុស្ស៊ី ដែលចាត់ទុកលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមេដឹកនាំខុសច្បាប់ មុននឹងអាចចូលតុកិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ក្រោយការលើកឡើងរបស់លោក ត្រាំ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានប្រតិកម្មយ៉ាងខ្លាំង ហើយចោទថា ប្រធានាធិបតីអាម៉េរិក រស់នៅតែក្នុងបរិស្ថានព័ត៌មានមិនពិត ដែលបង្កើតដោយរុស្ស៊ី។ បើតាមមេដឹកនាំអ៊ុយក្រែន លោកមានភស្តុតាងថា រុស្ស៊ី បានផ្សព្វផ្សាយព័ត៌មានមិនពិតពីការគាំទ្ររបស់ខ្លួន ហើយព័ត៌មានទាំងនេះ ក៏ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរវាងមន្រ្តីអាម៉េរិក និងរុស្ស៊ី នៅទឹកដីអារ៉ាប៊ីសាអូឌីតផងដែរ។
ត្រង់ចំណុចនេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែន នឹងមិនលក់ប្រទេស ដើម្បីជាថ្នូរសម្រាប់ការធានាសន្តិសុខ ដែលផ្តល់ឱ្យអាម៉េរិកនូវធនធានរ៉ែក្នុងទំហំដ៏ច្រើនឡើយ។ មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា សង្រ្គាម ដែលបានផ្តើមឡើងនៅក្នុងឆ្នាំ២០២២ បានចំណាយរហូតដល់ ៣២០ពាន់លានដុល្លារ ដោយ ២០០ពាន់លានដុល្លារ បានពីអាម៉េរិក និងសហភាពអឺរ៉ុប។
ក្រោយប្រតិបត្តិកម្មបែបនេះ លោក ត្រាំ បានហៅលោក ហ្សេលេនស្គី ជាមេដឹកនាំផ្តាច់ការ ដែលគ្មានការបោះឆ្នោត។
«មេដឹកនាំផ្តាច់ការគ្មានការបោះឆ្នោត លោក ហ្សេលេនស្គី គួរតែបោះជំហានឱ្យបានរហ័ស ឬគ្មានសូម្បីតែប្រទេសដែលនៅសល់»។ លោក ត្រាំ បានសរសេរបែបនេះលើបណ្តាញសង្គម Truth Social នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយបន្តថា មានតែលោកប៉ុណ្ណោះ អាចបញ្ចប់សង្រ្គាមនេះបាន ដ្បិតរដ្ឋបាលលោក បៃឌិន មិនធ្លាប់សាកល្បង ខណៈអឺរ៉ុបបរាជ័យក្នុងការនាំសន្តិសុខ។
ត្រង់ចំណុចនេះ លោក ត្រាំបានអះអាងថា លោក ពិតជាស្រលាញ់អ៊ុយក្រែន ផ្ទុយទៅវិញ លោក ហ្សេលេនស្គី មិនបានបំពេញការងារដ៏ល្អឡើយ ហើយបានធ្វើឱ្យប្រទេសខ្ទេចខ្ទី និងមនុស្សជាច្រើន បានស្លាប់។
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី១៨ ខែកុម្ភៈ បានអះអាងថា មេដឹកនាំរុស្ស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការចរចាដោយផ្ទាល់ជាមួយដឹកនាំអ៊ុយក្រែន ប៉ុន្តែភាពស្របច្បាប់របស់លោក ហ្សេលេនស្គី ត្រូវតែពិចារណាជាមុន។
កន្លងមក រុស្ស៊ី តែចោទមេដឹកនាំអ៊ុយក្រែនកាន់តំណែងមិនស្របច្បាប់ ដ្បិតអាណត្តិទីមួយរបស់លោក ហ្សេលេនស្គី បានផុតនៅក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ យ៉ាងណាមិញ មេធាវីផ្នែករដ្ឋធម្មនុញ្ញអ៊ុយក្រែនម្នាក់ បានការពារថា ការបន្តការកាន់តំណែងរបស់លោក ហ្សេលេនស្គី មិនខុសនឹងរដ្ឋធម្មនុញ្ញឡើយ ដ្បិតប្រទេសស្ថិតក្នុងសង្រ្គាម ហើយច្បាប់អ៊ុយក្រែនអនុញ្ញាត។
ក្រោយការប៉ះពាល់រវាងលោក ហ្សេលេនស្គី និងលោក ត្រាំ មេដឹកនាំអង់គ្លេស និងកាណាដាជាដើម បានប្រកាសគាំទ្រ និងឈរនៅជាមួយអ៊ុយក្រែន៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: