ស្នងការភ្នំពេញ ព្រមានដាក់ពិន័យដល់មន្ត្រីនគរបាល ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១:០៩ នាទី រសៀល

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។រូបពីហ្វេសប៊ុកស្នងការនគរបាលក្រុង
ភ្នំពេញ ៖ មន្ត្រីនគរបាលរូបណា ដែលបំពេញតួនាទីមិនបានល្អ ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងរងពិន័យតាមច្បាប់។ នេះជាការព្រមានរបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ កុម្ភៈ។

លោក ជួន ណារិន្ទ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅទាំងអស់ បន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រង់សម្តីលោក ជួន ណារិន្ទ មកផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការដូច្នេះ៖«សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត»។
ទន្ទឹមនឹងនេះស្នងការនគរបាលជាតិ ក៏បានព្រមានចំពោះមន្ត្រីមួយចំនួនតូចណា ដែលអនុវត្តការងារ ដោយគ្មានវិន័យ ហើយខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាត ដោយមិនលើកលែងនោះទេ។
ដោយឡែកចំពោះករណីចុះត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាពប៉ះទង្គិចគ្នារវាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យ និងមន្ត្រីជំនាញវិញ ត្រូវបានក្រុមការងារការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងស៊ើបអង្គេតលើមន្ត្រី និងបុគ្គលពាក់ព័ន្ធ ជិតចប់នីតិវិធីហើយ។
«ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត»។ នេះបើតាមស្នងការនគរបាលជាតិ ដែលបានស្នើឱ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: