និរន្តរភាពសិស្សពូកែទូទាំងប្រទេស! ក្រសួងអប់រំ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៧ នាទី រសៀល
និរន្តរភាពសិស្សពូកែទូទាំងប្រទេស! ក្រសួងអប់រំ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ
សិស្សពូកែទូទាំងប្រទេសដែលជាប់ជ័យលាភី កន្លងមក។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា។

ភ្នំពេញ៖ ដើម្បីឱ្យការប្រឡងសិស្សពូកែទូទាំងប្រទេស ប្រព្រឹត្តទៅដោយរលូន និងនិរន្តរភាពនោះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជនឱ្យជួយឧបត្ថម្ភ ជាថវិកា និងសម្ភារនានា សម្រាប់ជារង្វាន់លើកទឹកចិត្តដល់បេក្ខជនជ័យលាភី។
TTN-Free-Banner-In-Article-PC


ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា ធនធានថវិកា និងសម្ភារពីសប្បុរសជន សម្រាប់លើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងគណៈកម្មការរៀបចំការប្រឡង នឹងជួយជំរុញចលនាប្រឡងសិស្សពូកែនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នាឆ្នាំក្រោយៗទៀត។

«ក្រសួង មានជំនឿចិត្តយ៉ាងមុតមាំថា នឹងទទួលបានការជួយឧបត្ថម្ភគាំទ្រពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដោយទឹកចិត្តសប្បុរស»។ នេះជាការអំពាវនាវរបស់ក្រសួងអប់រំ ដែលបានបន្ថែមថា សប្បុរសជន នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបិទ និងប្រគល់ជ័យលាភីដល់បេក្ខជនទៀតផង។

កាលពីថ្ងៃទី២៧មករា ២០២៥ ក្រសួងអប់រំ ធ្លាប់បានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយពុំបានពន្យល់ពីមូលហេតុលម្អិតឡើយ។ ការសម្រេចនេះ នាំឱ្យមហាជន អ្នកតាមដានសង្គម ពិសេស សិស្ស មិនគាំទ្រ និងខកបំណងចំពោះក្រសួង។ 

ប៉ុន្តែមួយសប្ដាហ៍ក្រោយមក ក្រសួងអប់រំ ក៏បានប្រកាសពីការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឡើងវិញ បន្ទាប់ពីឃើញមហាជនរិះគន់ និងមិនពេញចិត្ត។ ដំណើការប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំនេះ ចាប់ពីថ្ងៃទី២២ មេសា នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ចំណែកពិធីបើកការប្រឡង នៅថ្ងៃទី២១ មេសា និងពិធិបិទប្រគល់ជ័យលាភី នៅថ្ងៃទី២៥ មេសា នៅទីតាំងវិទ្យាល័យដដែលនេះ។ សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងអប់រំ កំណត់យកជ័យលាភីឆ្នើមទូទាំងប្រទេស តែ៥រូបប៉ុណ្ណោះ។

ក្រសួងអប់រំ បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៦មក លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងទី១២។ គោលបំណងនៃការប្រឡងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ