ស្នងការក្រុងភ្នំពេញ សម្រេចបញ្ឈរជើងអធិការរងខណ្ឌសែនសុខ និងមន្រីអន្តរាគមន៍ ដោយសារល្មើសវិន័យ
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៦ នាទី រសៀល
ស្នងការក្រុងភ្នំពេញ សម្រេចបញ្ឈរជើងអធិការរងខណ្ឌសែនសុខ និងមន្រីអន្តរាគមន៍ ដោយសារល្មើសវិន័យ
លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ រូបពីហ្វេសប៊ុកលោក ជួន ណារិន្ទ

ភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប ក្រោមហេតុផល«ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»។
TTN-Free-Banner-In-Article-PC


បើតាមលិខិតបង្គាប់ ដែលចុះហត្ថលេខាដោយលោក ជួន ណារិន នាថ្ងៃទី១៨ កុម្ភៈ លោកវរសេនីយ៍ទោ ហឿង វឿន អធិការរងនគរបាលខណ្ឌសែនសុខ និង លោកអនុសេនីយ៍ឯក មាស ភារម្យ មន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ត្រូវទៅបង្ហាញខ្លួន នៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាថ្មី ។

សារព័ត៌មានឌីជីថលថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការបញ្ឈរជើងមន្ត្រីទាំងពីររូបនេះបានទេ។ ប៉ុន្តែបើតាមការផ្សព្វផ្សាយនានា ការបញ្ឈរជើងមន្ត្រីទាំងពីររូបនេះ ធ្វើឡើងក្រោយពីពួកគេ បានប៉ះទង្គិចពាក្យសម្ដីជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគ្រាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យសារធាតុស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ កុម្ភៈ។

លោក ជួន ណារិន្ទ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅទាំងអស់ បន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រង់សម្តីលោក ជួន ណារិន្ទ មកផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២០ កុម្ភៈ ដូច្នេះ៖«សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត»។

ទន្ទឹមនឹងនេះស្នងការនគរបាលជាតិ ក៏បានព្រមានចំពោះមន្ត្រីមួយចំនួនតូចណា ដែលអនុវត្តការងារ ដោយគ្មានវិន័យ ហើយខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាត ដោយមិនលើកលែងនោះទេ។ 

«ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត»។ នេះបើតាមស្នងការនគរបាលជាតិ ដែលបានស្នើឱ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត៕
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ