ក្លាយជាគ្រូមន្តអាគម តែអតីតកីឡាករគុនខ្មែរ ចៅ ចេកអាំង បើកក្លិបបង្ហាត់សិស្សក្រីក្រនៅបាត់ដំបង
  • ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ក្លាយជាគ្រូមន្តអាគម តែអតីតកីឡាករគុនខ្មែរ ចៅ ចេកអាំង បើកក្លិបបង្ហាត់សិស្សក្រីក្រនៅបាត់ដំបង
គុនខ្មែរ, ចៅ ចេកអាំង

បាត់ដំបង៖ ចាកចេញពីវិស័យប្រដាល់គុនខ្មែរតាំងពីឆ្នាំ ២០០៣ អតីតអ្នកប្រដាល់ជើងខ្លាំង ចៅ ចេកអាំង វិលត្រឡប់មកធ្វើជាគ្រូបង្វឹកកូនសិស្សក្មេងៗដែលស្រឡាញ់គុនបុរាណខ្មែរនៅទឹកដីបាត់ដំបង។ បើកដំណើរការមិនទាន់បានមួយខែនៅឡើយ ក្លិបប្រដាល់ «ប្រជុំមិត្តកីឡា» របស់ចៅចេក ទទួលសិស្សបណ្តោះអាសន្នតែជាង១០នាក់ប៉ុណ្ណោះដោយសារទីតាំងតូចចង្អៀត ខណៈក្មេងៗច្រើនរូបទៀតស្នើសុំចូលបន្តបន្ទាប់។ បើកក្លិបប្រដាល់ ដោយសារគ្រូមន្តអាគមខ្មែររូបនេះចង់ចូលរួមជួយក្មេងក្រីក្រតាមភូមិឱ្យមានអាជីពច្បាស់លាស់ និងមើលឃើញពីកំណើននៃការគាំទ្រវិស័យគុនខ្មែរ។
TTN-Free-Banner-In-Article-PC


ក្លិបប្រដាល់ ប្រជុំមិត្តកីឡា របស់លោក ចៅ ចេកអាំង មានទីតាំងនៅ ភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្លិបដែលមិនទាន់មានដំបូល និងសម្ភារហ្វឹកហាត់ត្រឹមត្រូវ អាចដំណើរការបានដោយមានការជំរុញពីមេឃុំ និងមេភូមិ ដ្បិតមិនចង់ឱ្យលោកគ្រូចៅចេកទុកចោលចំណេះជំនាញកីឡាប្រដាល់គុនខ្មែរ។ ដោយសារមានក្តីស្រឡាញ់ រួមទាំងចង់បង្ហាត់បង្រៀន និងលត់ដុំក្មេងៗក្រីក្រក្នុងភូមិផង អតីតកីឡាករជើងខ្លាំងកម្ពុជា អំឡុងទសវត្សរ៍ឆ្នាំ២០០០ ក៏សម្រេចបើកក្លិបនេះតែម្តងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥។

អតីតកីឡាករជើងខ្លាំងកម្ពុជា ចៅ ចេកអាំង ធ្លាប់បង្ហាញភាពល្បីល្បាញលើសង្វៀនប្រដាល់ ពីអំឡុងឆ្នាំ ១៩៩៨ មុនបញ្ចប់អាជីពនៅឆ្នាំ ២០០៣។ អតីតកីឡាករមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការព្យូរស្រោមដៃរបស់ខ្លួនដោយសារមានបញ្ហារបួសស្មាឆ្វេងធ្ងន់ធ្ងរ បន្ទាប់ពីប្រកួតជាមួយកីឡាករថៃ។

សព្វថ្ងៃ មានរបរជាគ្រូមន្តអាគមខ្មែរមួយរូបផង ចៅចេក នឹងពង្រីកទីតាំងហ្វឹកហាត់ដែលមានត្រឹមទំហំ៣០ម៉ែត្រការ៉េ ដើម្បីទទួលសិស្សក្មេងៗឱ្យបានច្រើន។ ទទួលសិស្សមកហ្វឹកហាត់ដោយមិនយកកម្រៃ ប៉ុន្តែបុរសវ័យ៤៧ឆ្នាំរូបនេះបានដាក់កំហិត និងវិន័យតឹងរឹង ក្រោមការដឹកនាំរបស់ខ្លួន។ ត្រង់ចំណុចនេះ លោកគ្រូចៅ ចេកអាំង ចង់ឱ្យក្មេងៗក្នុងភូមិ ទទួលបានការអប់រំល្អ មានសីលធម៌ ចៀងផុតអំពើអបាយមុខ និងមានអាជីពជាអ្នកប្រដាល់ពិតប្រាកដ៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

មុំ ពិទូរ្យ