អតីតកីឡាករគុនខ្មែរ ចៅ ចេកអាំង ជឿលើអាគមខ្មែរ ក្រោយសច្ចំព្យាបាលរបួសដៃខ្លួនជា
- ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព៖-ហ្វេសប៊ុកលោកគ្រូ-ចៅ-ចេកអាំង
អតីតអ្នកប្រដាល់ជើងខ្លាំង ចៅ ចេកអាំង បោះបង់អាជីពគុនខ្មែរ ដោយសារបញ្ហារបួសដៃធ្ងន់ធ្ងរ។ របួសដៃ (ស្មាឆ្វេង) ដែលកើតឡើងដោយសារការឡើងប្រដាល់ទល់កីឡាករថៃ រហូតកើតជាមហារីក ស្ទើរតែធ្វើឱ្យ ចៅចេក វិះនឹងត្រូវកាត់ដៃម្ខាង។ អ្នកសច្ចំ បានព្យាបាលរបួសដៃជាសះស្បើយ ទើបធ្វើឱ្យចៅ ចេកអាំង មានជំនឿលើវេទមន្តអាគមខ្មែរ និងរៀនសូត្រជំនាញនេះដល់សព្វថ្ងៃ។

លោក ចៅ ចេកអាំង សព្វថ្ងៃជាម្ចាស់ក្លិបប្រដាល់ «ប្រជុំមិត្តកីឡា» និងជាគ្រូមន្តអាគមខ្មែររូបដែលមានទីតាំងស្ថិតនៅ ភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ អតីតកីឡាករប្រដាល់ជើងខ្លាំងកម្ពុជា ដែលធ្លាប់បង្ហាញភាពល្បីល្បាញលើសង្វៀន ពីអំឡុងឆ្នាំ ១៩៩៨ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការបញ្ចប់អាជីពប្រដាល់របស់ខ្លួននៅឆ្នាំ ២០០៣ ដោយសារមានបញ្ហារបួសស្មាឆ្វេងធ្ងន់ធ្ងរ បន្ទាប់ពីប្រកួតជាមួយកីឡាករថៃ។
របួសស្មាឆ្វេងរបស់ ចៅ ចេក រហូតវិវត្តន៍ទៅជាមហារីក ដែលពិបាកនឹងព្យាបាល ប្រឈមកាត់ដៃម្ខាងហើយនៅតែមិនប្រាកដថាអាចសះស្បើយទៀតផង។ យ៉ាងណាក៏ដោយ អតីតកីឡាករគុនបុរាណខ្មែរ វ័យ៤៧ឆ្នាំ មានភ័ព្វនិស្ស័យជួបសច្ចំម្នាក់ អាចព្យាបាល់មហារីកស្មារបស់ខ្លួនបានជោគជ័យ។

សះស្បើយ ដោយការប្រើប្រាស់ថ្នាំខ្មែរ និងស្តោះផ្លុំ របស់គ្រូសច្ចំ បានធ្វើឱ្យ ចៅ ចេកអាំង មានជំនឿលើមន្តអាគមខ្មែរ និងបានរៀងសូត្រជំនាញនេះពីគ្រូជាច្រើនរូប។ អតីតកីឡាករប្រដាល់ មានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ រៀនចេះមន្តអាគមខ្មែរ និងប្រកបរបស់នេះជាង២០ឆ្នាំមកហើយ ពោលគឺចាប់ពីលោក បញ្ចប់អាជីពជាកីឡាករប្រដាល់។
ទោះបី ចាកចេញពីវិស័យប្រដាល់គុនខ្មែរតាំងពីឆ្នាំ ២០០៣ និងមានរបរជាគ្រូថ្នាំខ្មែរ និងគ្រូអាគម ប៉ុន្តែ ចៅ ចេកអាំង នៅតែមិនចោលចំណេះជំនាញក្បាច់គុនដូនតាខ្មែររបស់ខ្លួន។ ចៅ ចេក បានសម្រេចបើកក្លិបប្រដាល់ «ប្រជុំមិត្តកីឡា» នៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណង ចង់ឱ្យក្មេងៗក្នុងភូមិ ទទួលបានការអប់រំល្អ មានសីលធម៌ ចៀងផុតអំពើអបាយមុខ និងចូលរួមជួយក្មេងក្រីក្រមានអាជីពជាអ្នកប្រដាល់ច្បាស់លាស់ដើម្បីជាទុននាពេលអនាគត៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: