- ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:៤០ នាទី យប់

ភ្នំពេញ៖ ក្រៅពីឧបករណ៍សោតទស្សន៍ ភាជន៍ ជញ្ជីង បាវ និងបំពង់ទឹករក្សាកម្តៅបុរាណ នៅជាន់ក្រោម និងជាន់លើ នៃហាងកាហ្វេ TEMPLE ដែលស្ថិតនៅវិថីឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គេដាក់តាំងលម្អកេសឈើចាស់ៗ ៨គ្រឿង។ កេសទំហំធំប្រភេទនេះមិនខ្វះទេ ទូទាំងប្រទេស។ វាមកពីធ្លាប់មានសង្គ្រាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨។ ពីព្រោះកាលពីមុន កេសបុរាណទាំងអស់នោះ គេប្រើដើម្បីដឹកគ្រាប់កាំភ្លើងប្រភេទទទឹង ៤០មីលីម៉ែត្រ។ គឺជាគ្រាប់វែង សម្រាប់កាំភ្លើងដាក់លើស្មា។ ឧបករណ៍ដើម្បីដឹកធាតុផ្ទុះត្រូវការរឹងមាំ។ កេសទាំងអស់នោះ មានដែកខ្លះៗដូចជាលើគែមត្រចៀកដើម្បីយួរ និងគន្លឹះ។ ភាគច្រើន មានប្រវែងជិត១ម៉ែត្រ និងទទឹង៣០សង់ទីម៉ែត្រ។ មានទម្ងន់ ៣៨គីឡូក្រាម ជាមួយគ្រាប់ខាងក្នុង។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ហាង TEMPLE ជាអាហារដ្ឋាន ហាងកាហ្វេ និងឌីស្កូទែក ដែលតុបតែងជាមួយវត្ថុបុរាណ។ Temple គឺជាពាក្យបារាំង ដែលបកប្រែជាភាសាខ្មែរថា ប្រាសាទ។ ពីដំបូងត្រូវបានបង្កើតយីហោនេះ នៅក្រុងសៀមរាប ពីព្រោះវត្ថុបុរាណសមនឹងប្រាសាទបុរាណ ដែលមានចំនួន២០០ នៅឯអង្គរ។ ហើយតាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើង ក៏មានហាង TEMPLE នៅរាជធានីភ្នំពេញដែរ៕