- ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:២០ នាទី ព្រឹក

លោក រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជាចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ណាល់ ខ្លាក នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក ម៉ៅ សុផាន់ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរ នឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល នេះជាលើកទី២ ដែលមេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក ធ្វើទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយ លោក វ៉ីនសេន ប៊ុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចរបស់ លោករ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួបលើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំង២ កម្ពុជា-អាមេរិក៕
អ្នកសរសេរអត្ថបទ
