អាជ្ញាកណ្តាលម៉ិកស៊ិក Ortiz រង​ពិន័យ​ ដោយសារ​សុំ​អាវ Messi
  • ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤០ នាទី រសៀល
អាជ្ញាកណ្តាលម៉ិកស៊ិក Ortiz រង​ពិន័យ​ ដោយសារ​សុំ​អាវ Messi

អាជ្ញាកណ្តាលម៉ិកស៊ិកលោក Marco Antonio Ortiz Nava រងពិន័យដោយសារសុំអាវ Lionel Messi ក្រោយបញ្ចប់ជំនួបរវាង Inter Miami និង Kansas City ក្នុងការប្រកួត ពានរង្វាន់ CONCACAF Champions Cup នៅថ្ងៃទី២០ ខែកុម្ភៈ។

TTN-Free-Banner-In-Article-PC

ក្រោយរកបាន១គ្រាប់ជួយ Miami ឈ្នះ Kansas City ១-០ នៅកីឡដ្ឋាន Sporting Park ក្នុងរដ្ឋ​ Kansas សហរដ្ឋអាម៉េរិក Messi បានស្វាគមន៍ទាំងកីឡាករគូប្រជែង និងក្រុមអាជ្ញាកណ្តាល បន្ទាប់ប្រកួតចប់។ ភ្លាមនោះលោកអាជ្ញាកណ្តាល Marco Antonio Ortiz Nava បានដើរចូលទៅជិតហើយចាប់ដៃ Messi និងបានស្នើសុំអាវតែម្តង។ ប្រធានក្រុមអាហ្សង់ទីន ងក់ក្បាល​ជាការបង្ហាញការយល់​ព្រម ហើយអាវនោះបានប្រគល់ឱ្យ Ortiz ដោយ​មាន​ចុះ​ហត្ថលេខាផង។

បើតាមការផ្សាយរបស់ ESPN សហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការាអ៊ីប (CONCACAF) ចោទសកម្មភាពរបស់ Ortiz ថាបានរំលោភលើក្រមសីលធម៌ក្នុងនាមជាមន្ត្រីអាជ្ញាកណ្តាលការប្រកួត ចំពោះការហាមឃាត់ការស្នើសុំប័ណ្ណសម្គាល់ ឬវត្ថុអនុស្សាវរីយ៍ពីកីឡាករ។

ក្រោយមានការចោទនេះ ស្ថាប័ន CONCACAF អះអាងថាអាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិក វ័យ៣៧ឆ្នាំ រូបនេះ បានសារភាពកំហុសរបស់ខ្លួន និងសុំទោសផង ព្រមទាំងទទួលយកការផាកពិន័យដោយមិនប្រកែកមួយម៉ាត់។ យ៉ាងណាក៏ដោយ ការដាក់ពិន័យយ៉ាងណានោះ CONCACAF មិនបានបង្ហាញទេ។

លោកអាជ្ញាកណ្តាល Ortiz ក៏ធ្លាប់បានដឹកនាំការប្រកួតរបស់ Miami ម្តងមកហើយកាលពីរដូវកាលមុនក្នុងអំឡុងពេលការប្រកួត CONCACAF Champions Cup ទល់នឹងក្រុម Nashville។

Messi នឹងត្រូវដឹកនាំ Miami ទទួលភ្ញៀវ Kansas City សម្រាប់ជំនួបជើងទី២ ដែល​នឹងធ្វើ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ក្នុង​រដ្ឋ Florida សហរដ្ឋអាម៉េរិក៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ