ស្នងការខេត្តកំពង់ធំ៖ ការហៅពលរដ្ឋដែលសួររឿងសៀវភៅគ្រួសារ មកធ្វើកិច្ចសន្យា ជា​កំហុស​របស់សមត្ថកិច្ច
  • ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:៤០ នាទី ល្ងាច
ស្នងការខេត្តកំពង់ធំ៖ ការហៅពលរដ្ឋដែលសួររឿងសៀវភៅគ្រួសារ មកធ្វើកិច្ចសន្យា ជា​កំហុស​របស់សមត្ថកិច្ច
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ទុក ការហៅពលរដ្ឋ​ម្នាក់ ឱ្យធ្វើកិច្ច​សន្យា ព្រោះបានសួរនាំរឿង​រយៈ​ពេលធ្វើ​សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ គឺ​ជា​ទង្វើ​ខុស​ឆ្គងរបស់សមត្ថកិច្ច ចំពោះ​ពលរដ្ឋ។

TTN-Free-Banner-In-Article-PC

អ្នកនាំពាក្យ ស្នងការនគរបាលខេត្តកំពង់ធំ ក៏បានសុំឱ្យពលរដ្ឋអធ្យាស្រ័យ​ចំពោះទង្វើ​ធ្វេសប្រហែស​របស់អធិការស្រុកសណ្តាន់នេះផង​ដែរ។ តាមរយៈទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អ្នកនាំពាក្យ បាន​សរសេរដូច្នេះ៖ «ក្នុងនាមអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សុំការ​អធ្យា​ស្រ័យ ​និង​កែ​តម្រូវឡើងវិញ នូវការធ្វេសប្រហែស របស់អធិការដ្ឋាននគរបាលស្រុក​សណ្តាន់ ដែល​បានអញ្ជើញឈ្មោះ(អ្នកខមមិន)មកធ្វើកិច្ចសន្យា។»។

អ្នកនាំពាក្យស្នងការខេត្តកំពង់ធំ ក៏បានកែតម្រូវករណីនេះ មិនមែនជាការធ្វើកិច្ចសន្យាទេ តែ​ជា​ការបំភ្លឺ ពាក់ព័ន្ធនឹងការខ្វះឯកសារ របស់បុគ្គល(ពលរដ្ឋដែលខមមិន)នេះវិញ។

សូមរំឭកថា ​អធិការស្រុកសណ្ដាន់ បាន​ហៅពលរដ្ឋ​ម្នាក់មកធ្វើកិច្ចសន្យាសុំទោស មិនឱ្យ បញ្ចេញមតិ លើទំព័រហ្វេសប៊ុកស្នងការខេត្តទៀត បន្ទាប់ពីរូបគេ បាន​បញ្ចេញមតិ​ក្នុងទំព័រ​ហ្វេស​ប៊ុក ស្នងការនគរបាលខេត្តកំពង់ធំ សួរនាំពីរយៈពេលនៃការធ្វើសៀវភៅគ្រួសារ និង​សៀវ​ភៅស្នាក់នៅ ដ្បិតអីរូបគេ មិនទាន់ទទួលបានឯកសារទាំងនេះ ដែល​បានទៅធ្វើ​តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០២៤មកម្ល៉េះ។ នៅក្នុងកិច្ចសន្យានោះ អាជ្ញាធរស្រុកសណ្តាន់ ក៏បានបំភ្លឺដែរថា​ ការយឺត​យ៉ាវ​នៃសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅនេះ មកពីពលរដ្ឋរូបនោះខ្វះ​ឯក​សារ ​គឺសំបុត្រអាពាហ៍ពិពាហ៍។ 

ទោះយ៉ាងណា ការហៅពលរដ្ឋមកធ្វើកិច្ចសន្យាបែបនេះ បានរងការរិះគន់ យ៉ាងពីពលរដ្ឋ ពិសេសអ្នកប្រើប្រាស់​បណ្តាញសង្គម៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី