- ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:០០ នាទី យប់

អាល្លឺម៉ង់កំពុងរៀបចំបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃអាទិត្យទី២៣កុម្ភៈ២០២៥នេះ ដែលនឹងជំរុញឱ្យមានការប្តូរផ្លាស់រដ្ឋាភិបាល។ គណបក្សអភិរក្សនិយម ដែលជាគណបក្សប្រឆាំងហាក់មានប្រៀបខ្លាំងជាងគេ។ គណបក្សអ្នកជាតិនិយមជ្រុល នឹងក្លាយជាចរន្តនយោបាយទីពីរ ដោយអាចដណ្តើមបានសំឡេងគាំទ្រខ្ពស់មិនធ្លាប់មាន។ ចំណែកគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រីផុតអាណត្តិអូឡាហ្វ ស្ហុល៍ ទំនងត្រូវចាញ់ ហើយធ្លាក់មកនៅលំដាប់ទីបី ក្នុងសម័យបោះឆ្នោតនេះ។
ប្រព្រឹត្តទៅតែមួយថ្ងៃមុនខួបបីឆ្នាំនៃសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ការបោះឆ្នោតសភានៅអាល្លឺម៉ង់ដែលជាមហាអំណាចទីមួយនៅអឺរ៉ុប បានទទួលការតាមដានកំរិតពិភពលោក និងក្លាយជាប្រធានបទអន្តរជាតិ ដោយមានការបំផុសបំផុលពីសំណាក់មហាសេដ្ឋីអេឡិនមឺស្ក៍ និងក្រុមត្រាំនិយមទៀត។
ប៉ុន្តែការបោះឆ្នោតនេះ បាននិងកំពុងសបញ្ជាក់ឱ្យឃើញពីភាពក្រឡាប់ចាក់នៃគំរូរុងរឿងរបស់អាល្លឺម៉ង់ក្នុងយុគសម័យក្រោយសង្គ្រាម។ ទើបចេញផុតពីវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ ហើយមិនទាន់មានកំណើនសេដ្ឋកិច្ចស្រួលបួលវិញផង ពេលនេះអាល្លឺម៉ង់ត្រូវរងការគំរាមកំហែងពាណិជ្ជកម្មពីសំណាក់អាមេរិក ដែលមកអង្រួនសម្ព័ន្ធភាពនិងក្តីរំពឹងរបស់អាល្លឺម៉ង់ក្នុងវិស័យសន្តិសុខ ឱ្យរង្គើ។ ហេតុដូច្នេះហើយបានជាប្រមុខគណបក្សអភិរក្សគ្រិស្តសាសនិកប្រជាធិបតេយ្យ (CDU) លោក ហ្វ្រេដ្រិក មែក្ស (Friedrich Merz) ដែលមានប្រជាប្រិយភាពខ្ពស់ជាងគេ បានអះអាងថា “ជោគវាសនាអាល្លឺម៉ង់ ស្ថិតនៅលើលទ្ធផលឆ្នោតថ្ងៃនេះ”។
ប្រជាពលរដ្ឋអាល្លឺម៉ង់ទាំង៥៩លាននាក់ មានពេលរហូតដល់ម៉ោង៦ល្ងាចថ្ងៃទី ២៣កុម្ភៈ ក្នុងការសម្រេចចិត្ត។ ប៉ុន្តែបើតាមការស្ទង់មតិ បក្សស្តាំអភិរក្សនិយមCDU អាចនឹងទទួលសំឡេងគាំទ្រដល់ទៅប្រមាណ៣០%។ លោក ហ្វ្រេដ្រិក មែក្ស ទំនងក្លាយជាប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ថ្មី ជំនួសលោក អូឡាហ្វ ស្ហុល៍ នៃបក្សឆ្វេងនិយមសង្គមប្រជាធិបតេយ្យ (SPD) ដែលមានប្រជាប្រិយភាពធ្លាក់ចុះ ជាមួយចេតនាចង់បោះឆ្នោតឱ្យត្រឹមតែ១៥-១៦%ប៉ុណ្ណោះ។
ផ្ទុយទៅវិញ ដូចជានៅក្នុងការបោះឆ្នោតនៃបណ្តាប្រទេសនានាដែរ ចរន្តអ្នកជាតិនិយមជ្រុលអាល្លឺម៉ង់ កំពុងឡើងសំឡេងខ្លាំង។ គណបក្សស្តាំនិយមជ្រុល “ជម្រើសអាល្លឺម៉ង់” ហៅកាត់ថា AfD ដឹកនាំដោយលោកស្រី អាលីស វ៉ាយឌែល (Alice Weidel) រំពឹងថានឹងប្រមូលបានការគាំទ្រប្រមាណ២០% ពោលគឺច្រើនខ្លាំងបំផុតមិនធ្លាប់ និងច្រើនជាងពីរដងបើប្រៀបទៅនឹងសម័យបោះឆ្នោតឆ្នាំ២០២១។ ស្និទ្ធនឹងរុស្ស៊ី មានជំហរនយោបាយប្រឆាំងអន្តោប្រវេសន៍ គណបក្សAfDអាល្លឺម៉ង់ បានទទួលការគាំទ្របន្ថែមពីក្រុមជំនិតរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ជាពិសេសក្នុងការផ្សាយតាមបណ្តាញសង្គមXរបស់លោក អេឡិន មឺស្ក៍។
តើរដ្ឋាភិបាលអាល្លឹម៉ង់ថ្មីនឹងមានទម្រង់យ៉ាងណា?
ក្រោយចេញលទ្ធផល និងតាមប្រព័ន្ធបោះឆ្នោតអាល្លឺម៉ង់ ដែលឈរលើគោលការណ៍សមមាត្រ កម្រមានបក្សណាអាចយកឈ្នះទទួលបានសំឡេងភាគច្រើនដាច់ខាត សម្រាប់បង្កើតរដ្ឋាភិបាលតែម្នាក់ឯងណាស់។ ជីវិតនយោបាយអាល្លឺម៉ង់ត្រូវយោលយោគទៅតាមការសម្រុះសម្រួលរវាងបក្សនយោបាយដែលប្រជែងគ្នាយ៉ាងខ្លាំងក្នុងពេលឃោសនា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស។ ជាធម្មតា រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីនឹងកើតចេញជារូបរាងនៅរវាងពីរខែក្រោយការបោះឆ្នោត។ កាលពីឆ្នាំ២០២១ លោកអូឡាហ្វ ស្ហុល៍ ធ្លាប់ប្រើពេលពីរខែទម្រាំចរចាចុះកិច្ចសន្យាដឹកនាំរដ្ឋាភិបាលបាន។
នៅឆ្នាំ២០២៥នេះ បើយោលតាមលទ្ធផលនៃការស្ទង់មតិ គណបក្សជាតិនិយមជ្រុលAfD ទំនងគ្មាននៅក្នុងរដ្ឋាភិបាលទេ។ គណបក្សអភិរក្សនិយមCDU ដែលនឹងក្លាយបក្សនាំមុខក្នុងអនាគតរដ្ឋាភិបាលចម្រុះ ប្រហែលត្រូវចងសម្ព័ន្ធភាពជាមួយគណបក្សសង្គមប្រជាធិបតេយ្យដូចសម័យឆ្នាំ២០០៥ ឬជាមួយបក្សបរិស្ថាន និងក្រុមឆ្វេងសេរីនិយម៕
ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)
អ្នកសរសេរអត្ថបទ
