បក្ស CDU/CSU ត្រលប់ទៅកាន់អំណាចនៅអាល្លឺម៉ង់វិញ
  • ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
បក្ស CDU/CSU ត្រលប់ទៅកាន់អំណាចនៅអាល្លឺម៉ង់វិញ
លោក Friedrich Merz ជាបេក្ខជនអធិការបតីរបស់បក្ស CDU។ រូបភាព X_Friedrich Merz

បក្សសម្ព័ន្ធស្តាំនិយមកណ្តាល CDU/CSU ត្រូវបានរំពឹងថា នឹងត្រលប់មកកាន់អំណាចវិញ ក្រោយការបោះឆ្នោតនៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ បក្សសម្ព័ន្ធ CDU/CSU កាន់អំណាចចុងក្រោយនៅឆ្នាំ ២០២១ នៅពេលការចុះចេញពីតំណែងរបស់លោកស្រី Angela Merkel។
TTN-Free-Banner-In-Article-PC


តាមលទ្ធផលរាប់សន្លឹកឆ្នោតដោយផ្អែកលើអ្នកចេញពីមណ្ឌលបោះឆ្នោត (មិនមែនលទ្ធផលផ្លូវការ) បក្ស CDU/CSU ដែលមានលោក Friedrich Merz ជាបេក្ខជនអធិការបតីកំពុងនាំមុខ នៅក្នុងការបោះឆ្នោត។ សម្ព័ន្ធនយោបាយមួយនេះទទួលបានអាសនៈប្រមាណ ២០៨ នៅក្នុងរដ្ឋសភា។

ចំណែក បក្សស្តាំនិយមជ្រុល Alternative for Germany (AfD) កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ហើយឈរនៅលំដាប់ទីពីរ ដោយទទួលបានអាសនៈប្រមាណ ១៥១។ បក្ស AfD មានលោកស្រី Alice Weidel ជាបេក្ខជនអធិការបតី និងជាបេក្ខជនក្មេងជាងគេក្នុងការបោះឆ្នោតនៅឆ្នាំ២០២៥។ 

ដោយឡែកបក្សរបស់លោក អូឡាហ្វ ស្ហូល ដែលជាបក្សឆ្វេងកណ្តាលនិយម Social Democrat ទទួលបានការគាំទ្រចំនួន ១២១អាសនៈ ហើយបក្ស Greens ទទួលបានអាសនៈ ៨៥អាសនៈ។ អាសនៈសភាសរុបមានចំនួន ៦៣០អាសនៈ។ 

បើទោះនាំមុខក្នុងការបោះឆ្នោត បក្សសម្ព័ន្ធ CDU/CSU មិនទាន់អាចបង្កើតរដ្ឋាភិបាលបានឡើយ ព្រោះត្រូវការសំឡេង ៥០ភាគរយបូកមួយ (សំឡេងភាគច្រើនដាច់ខាត)។ ត្រង់ចំណុចនេះ បក្សរបស់លោក Friedrich Merz ត្រូវរួមសម្ព័ន្ធមិត្តជាមួយបក្សផ្សេងនៅក្នុងសភា ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ 

ចំណែក លោក Friedrich Merz ដែលមានលទ្ធភាពខ្ពស់ក្នុងការក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ បានអបអរលទ្ធផលបោះឆ្នោតជាមួយសមាជិកបក្សនៅទីស្នាក់កណ្តាល ក្រោយទទួលបានសំឡេងនាំមុខក្នុងការបោះឆ្នោត។ 

ប្រសិនបើក្លាយជាអធិការអាល្លឺម៉ង់ លោក Friedrich Merz នឹងផ្តោតអាទិភាពលើការពង្រឹងអឺរ៉ុប ហើយរក្សាឯករាជ្យភាពពីអាម៉េរិក៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ