Liverpool មានភាគរយខ្ពស់លើកពាន EPL លើកទី២០ ស្មើកំណត់ត្រា Man Utd
- ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

Liverpool មានឱកាសខ្ពស់ក្នុងការក្រសោបជើងឯក Premier League រដូវកាល ២០២៤-២៥ ក្រោយឈ្នះ Manchester City ២-០ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ។ ហង្សក្រហម កើនគម្លាតនាំមុខក្រុមលេខ២ Arsenal ចំនួន១១ពិន្ទុ។ តើហង្សក្រហមអាចតាមស្មើកំណត់ត្រា Manchester United ក្នុងនាមក្រុមឈ្នះជើងឯកលីគកំពូលអង់គ្លេសច្រើនជាងគេបានដែរឬទេ?

ក្នុងជំនួបលីគសប្តាហ៍ទី២៦ នៅកីឡដ្ឋាន Etihad ខ្សែប្រយុទ្ធឆ្នើម Mohamed Salah រកបាន១គ្រាប់នៅនាទី១៤ មុនពេល Dominik Szoboszlai សម្រេចគ្រាប់ទី២ ដើម្បីជួយក្រុមភ្ញៀវ Liverpool រកបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះ Man City។
បរាជ័យក្នុងផ្ទះខ្លួនឯងលើកនេះ បានធ្វើឱ្យក្រុមលោក Pep Guardiola ស្ទើរតែអស់ឱកាសការពារតំណែងជើងឯករបស់ខ្លួនទៅហើយ ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ដល់ទៅ២០ពិន្ទុ។ ក្រុមមេឃខៀវ ស្ថិតនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ដោយរកបាន៤៤ពិន្ទុប៉ុណ្ណោះពីការប្រកួត២៦លើក។
សម្រាប់ Liverpool វិញ កំពុងតែរំកិលខ្លួនឆ្ពោះទៅរកតំណែងជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះហើយ តាមរយៈការបង្ហាញភាពខ្លាំងរបស់ខ្លួន។ យកបាន៣ពិន្ទុពី Man City ជួយក្រុមលោក Arne Slot កើន៦៤ពិន្ទុពីការប្រកួត២៧លើក ឈរកំពូលតារាង ដោយមាន១១ពិន្ទុនាំមុខ ក្រុមលេខ២ Arsenal ដែលប្រកួត២៦លើក។
មានគម្លាត ១១ពិន្ទុ ហើយស្របពេលនៅសល់តែ១១ប្រកួតនឹងចប់រដូវកាលនេះ បានផ្តល់ភាគរយខ្ពស់សម្រាប់ Liverpool ក្នុងការក្រសោបយកជើងឯកលីគកំពូលអង់គ្លេសជាលើកទី២០។ មកទល់ពេលនេះ Man Utd នៅរក្សាកំណត់ត្រាជាក្រុមគ្រងជើងឯកលីគកំពូលអង់គ្លេសចំនួន២០សម័យ តាមពីក្រោយដោយ Liverpool ចំនួន១៩សម័យ។ Arsenal នៅលេខ៣ ឈ្នះ១៣លើក និង Man City ឈ្នះ ១០លើក នៅលេខ៤។
Nottemham Forest ឈរចំណាត់ថ្នាក់លេខ៣ដដែល បើទោះចាញ់ Newcastle United ៤-៣។ Forest រកបាន៤៧ពិន្ទុ តាមពីក្រោយដោយក្រុមលេខ៤ Man City និងលេខ៥ Newcastle ដែលមាន ៤៤ពិន្ទុដូចគ្នា។
បិសាចក្រហម Man Utd ពិបាកប្រជែងកៅអីក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ បន្ទាប់ពីធ្វើមិនបានល្អដដែល ទៅដូរគ្រូថ្មី។ ក្រុមយក្សអង់គ្លេសមួយនេះ ស្ថិតនៅលេខ១៥ រកបានតែ៣០ពិន្ទុប៉ុណ្ណោះពីការប្រកួត២៦លើក។
Ipswich Town, Leicester City និង Southampton ស្ថិតនៅតំបន់ត្រូវកាត់ចោល។ ចំណោមក្រុមបាតតារាងទាំង៣ Southampton ដែលទើបរកបាន៩ពិន្ទុ មានភាគរយខ្ពស់ជាងគេធ្លាក់ទៅលីគទី២ Championship រដូវកាលក្រោយ។
គិតត្រឹមសប្តាហ៍ទី២៦ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Salah នៅតែនាំមុខអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ២៥គ្រាប់ តាមពីក្រោយដោយ Erling Haaland របស់ Man City ១៩គ្រាប់ ស្មើ Alexander Isak ខ្សែប្រយុទ្ធ Newcastle៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: