ទោះឈ្នះការបោះឆ្នោតអាល្លឺម៉ង់ លោក Friedrich Merz ប្រឈមការលំបាកបង្កើតរដ្ឋាភិបាលថ្មី
- ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

លោក Friedrich Merz បេក្ខជនអធិការបតីអាល្លឺម៉ង់របស់បក្ស CDU។ រូបភាព X_Friedrich Merz
អាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ បានរៀបចំការបោះឆ្នោតមុនពេលកំណត់ ក្រោយលោក អូឡាហ្វ ស្ហូល ត្រូវសភាដកទំនុកចិត្តនៅចុងឆ្នាំ២០២៤។ ក្នុងការបោះឆ្នោតដែលប្រជាជនជិត៦០លាននាក់ គ្រប់អាយុបោះឆ្នោត លោក Friedrich Merz ចេញពីបក្ស Christian Democratic Union ត្រូវបានមើលឃើញថា មានភាគរយខ្ពស់ក្នុងការក្លាយជាអធិការបតីថ្មីរបស់អាល្លឺម៉ង់ តែលោកប្រឈមមុខស្ថានភាពនយោបាយដែលសំឡេងមិនគ្រប់គ្រាន់។

លទ្ធភាពបក្ស Christian Democratic Union ដែលមានលោក Friedrich Merz ជាបេក្ខជនអធិការបតី ត្រលប់ទៅកាន់អំណាចវិញ មានកាន់តែខ្ពស់ ខណៈបក្សស្តាំនិយមជ្រុល Alternative for Germany (AfD) ឈរនៅលំដាប់ទីពីរ។ លោកស្រី Alice Weidel ជាបេក្ខជនអធិការបតីរបស់បក្ស AfD និងជាបេក្ខជន ក្មេងជាងគេក្នុងការបោះឆ្នោតរដ្ឋសភាអាល្លឺម៉ង់ ឬហៅថា Bundestag។
បេក្ខជនសំខាន់ៗក្នុងការបោះឆ្នោតរដ្ឋសភាអាល្លឺម៉ង់ មានដូចជា លោក Friedrich Merz របស់បក្ស CDU, លោកស្រី Alice Weidel ជាបេក្ខជនអធិការបតីរបស់បក្ស AfD, លោក លោក អូឡាហ្វ ស្ហូល បេក្ខជនរបស់បក្ស Social Democrat និងលោក Robert Habeck បេក្ខជនរបស់បក្ស Greens។
តាមលទ្ធផលរាប់សន្លឹកឆ្នោតដោយផ្អែកលើអ្នកចេញពីមណ្ឌលបោះឆ្នោត (មិនមែនលទ្ធផលផ្លូវការ) សម្ព័ន្ធភាព CDU/CSU ដែលមានលោក Friedrich Merz ជាបេក្ខជនអធិការបតីកំពុងនាំមុខ នៅក្នុងការបោះឆ្នោត ដោយទទួលបានអាសនៈ ២០៨។ ចំណែកបក្ស AfD ទទួលបានអាសនៈ ១៥២, បក្ស Social Democrat ទទួលបាន ១២០អាសនៈ និងបក្ស Greens ទទួលបាន ៨៥អាសនៈ និងបក្ស The Left ទទួលបាន ៦៤អាសនៈ។

លោក Friedrich Merz បេក្ខជនអធិការបតីអាល្លឺម៉ង់របស់បក្ស CDU។ រូបភាព X_Friedrich Merz
ការទទួលបានសំឡេងនាំមុខបែបនេះ អាចដោយសារ Friedrich Merz បានសន្យាដោះស្រាយបញ្ហាសេដ្ឋកិច្ច និងទប់ស្កាត់ជនភៀសខ្លួន ដែលជាបញ្ហាសំខាន់នៅអាល្លឺម៉ង់ និងអឺរ៉ុប។ ម្យ៉ាង បក្ស CDU ជាបក្សដ៏សំខាន់មួយនៅអាល្លឺម៉ង់។
ផ្អែកតាមលទ្ធផលនេះ សម្ព័ន្ធភាព CDU/CSU ត្រូវបានរំពឹងថា នឹងត្រលប់ទៅកាន់អំណាចវិញ ក្រោយការចុះចេញពីតំណែងរបស់លោកស្រី Angela Merkel នៅក្នុងឆ្នាំ២០២១។ លោក Friedrich Merz មានភាគរយខ្ពស់ ក្នុងការក្លាយជាអធិការបតីថ្មីរបស់អាល្លឺម៉ង់។
បើទោះនាំមុខនៅក្នុងសភា Bundestag លោក Friedrich Merz មិនទាន់ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីឡើយ។ ជុំវិញបញ្ហានេះ បក្ស CDU ត្រូវចងសម្ព័ន្ធភាពជាមួយបក្សដទៃ ដើម្បីទទួលបានសំឡេងគ្រាប់គ្រាន់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
តាមរដ្ឋធម្មនុញ្ញអាល្លឺម៉ង់មាត្រា ៦៣ រដ្ឋាភិបាលថ្មីចាំបាច់ត្រូវការសំឡេងគាំទ្រ ៥០ភាគរយបូកមួយ (សំឡេងគាំទ្រភាគច្រើនដាច់ខាត) ពីសភា ពោលគឺ ៣១៦អាសនៈ។ អាសនៈសភាសរុប Bundestag មានចំនួន សរុប ៦៣០ ប៉ុន្តែសម្ភ័ន្ធភាព CDU/CSU ទទួលបានត្រឹមតែ ២០៨អាសនៈប៉ុណ្ណោះ។
តើបក្ស CDU/CSU នឹងចង់សម្ព័ន្ធភាពជាមួយបក្សនយោបាយមួយណា?
វាមានសេណារីយ៉ូមួយចំនួន ដើម្បីបង្កើតរដ្ឋាភិបាលបាន។ បក្ស CDU/CSU អាចចងសម្ព័ន្ធភាពជាមួយបក្ស AfD។ បើបក្សទាំងពីររួមគ្នានៅក្នុងសភាមែន វាពិតជាងាយស្រួល ក្នុងការបង្កើតរដ្ឋាភិបាល ខណៈលោកស្រី Alice Weidel នៃបក្សAfD ក៏បានបើកភ្លើងបៃតងដែរ។
យ៉ាងណាមិញ សម្ព័ន្ធភាពបែបនេះ ទំនងមិនអាចកើតឡើងបាននោះទេ ព្រោះលោក Friedrich Merz ធ្លាប់បដិសេធរួចហើយលើសម្ព័ន្ធភាពនេះ ក្រោមហេតុផលគោលនយោបាយបក្សមិនត្រូវគ្នា។
ចំណែកសេណារីយ៉ូមួយទៀត គឺបក្ស CDU/CSU អាចចងសម្ព័ន្ធភាពជាមួយ Social Democrat របស់លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់។ តាមរយៈសម្ព័ន្ធនេះ ការបង្កើតរដ្ឋាភិបាល គឺទទួលបានសំឡេងគ្រប់គ្រាន់នៅក្នុងសភា ពោលគឺបានរហូតដល់ ៣២៨អាសនៈឯណោះ ដោយលើសពីចំនួនសភាត្រូវការ ៣១៦អាសនៈ។ ក្នុងសម្ព័ន្ធភាពនេះ បក្ស CDU អាចសហការជាមួយបក្ស Greens មួយទៀត ដើម្បីបង្កើតជាសម្ព័ន្ធភាពត្រីភាគី។
ប៉ុន្តែសម្ព័ន្ធភាពត្រីភាគីមានភាពស្មុគស្មាញ និងមិនងាយស្រួលឡើយ។ កន្លងមក បក្ស CSU ដែលចងសម្ព័ន្ធជាមួយបក្ស CDU បានបដិសេធការចង់សម្ព័ន្ធភាពជាមួយបក្ស Greens។
តើបក្ស CDU បានដាក់ចេញគោលនយោបាយអ្វីខ្លះ?
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បក្សស្តាំកណ្តាលនិយម CDU បានប្រកាសចេញគោលនយោបាយជាច្រើនពាក់ព័ន្ធសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន, សន្តិសុខ, គោលនយោបាយការបរទេស និងសន្តិសុខសង្គមជាដើម។
ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសអាល្លឺម៉ង់ បក្ស CDU បានប្តេជ្ញាលើកទឹកចិត្តចំពោះការវិនិយោគ, និងកាត់បន្ថយតម្លៃថាមពល។ ជុំវិញបញ្ហានេះ បក្សរបស់លោក Friedrich Merz បានសន្យាកាត់បន្ថពន្ធលើអគ្គិសនី, ពង្រីកការបង្កើតថាមពលស្អាត ហើយគាំទ្រឧស្សាហកម្មតាមរយៈប្រព័ន្ធឌីជីថល និងបញ្ហាសិប្បនិម្មិតជាដើម។
ចំណែកលើវិស័យហិរញ្ញវត្ថុ បក្សដែលឈ្នះការបោះឆ្នោតសភាមួយនេះ បានសន្យាកាត់បន្ថយពន្ធលើក្រុមហ៊ុនឱ្យដល់ត្រឹម ២៥ភាគរយ ដោយថយពី២៩,៩ភាគរយ រួមទាំងរក្សាអត្ថប្រយោជន៍ពន្ធលើគ្រួសារទើបរៀបការថ្មី និងកូនៗផងដែរ។
ដោយឡែកលើបញ្ហាអន្តោប្រវេសន៍ និងគ្រប់គ្រងព្រំដែន បក្សមួយនេះ នឹងគាំទ្រការគ្រប់គ្រងព្រំដែនឱ្យបានម៉ត់ចត់, ពន្លឿនលើសិទ្ធិជ្រកកោន និងចាប់បញ្ជូនអ្នកធ្វើដំណើរខុសច្បាប់ចេញពីប្រទេស។
សម្រាប់គោលនយោបាយការបរទេសវិញ បក្ស CDU នឹងគោរពតាមការចំណាយរបស់អង្គការណាតូឱ្យបានយ៉ាងតិចបំផុត ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយពង្រឹងកាតព្វកិច្ចយោធា។
តាមការប្រកាសរបស់បេក្ខជនអធិការបតីរបស់បក្ស លោក Friedrich Merz អាល្លឺម៉ង់ នឹងពង្រឹងសម្ព័ន្ធភាពឱ្យខ្លាំងក្លាជាមួយអាម៉េរិក ហើយបន្តកិច្ចសហប្រតិបត្តិការឡើងវិញជាមួយបារាំង និងប៉ូឡូញ។ អាល្លឺម៉ង់ នឹងបន្តគាំទ្រអ៊ុយក្រែន តាមរយៈការទូត, ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុផងដែរ។
បក្សស្តាំនិយមជ្រុលនៅតែត្រូវបក្សសំខាន់ៗទុកចោល
មុនការប្រកាសលទ្ធផលបោះឆ្នោត បក្ស AfD បានរំពឹងថា អាចនឹងទទួលបានលទ្ធផលប្រកៀកនឹងបក្ស CDU ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកឡើយ។ លើសពីនេះ បក្សសំខាន់ៗដូចជា CDU ជាដើម បានបដិសេធម្តងហើយម្តងទៀត មិនចងសម្ព័ន្ធភាពជាមួយបក្ស AfD នៅក្នុងសភា។
បេក្ខជនអធិការបតីលោក Friedrich Merz បានអះអាងថា ភាពខុសគ្នារវាងគោលនយោបាយសន្តិសុខ និងការបរទេស ជាហេតុផលសំខាន់ដែលធ្វើឱ្យបក្សទាំងពីរមិនអាចធ្វើការសហការបាន។
តាមរបាយការណ៍ចារកិច្ចរបស់អាល្លឺម៉ង់ សមាជិកបក្ស AfD មួយចំនួន ត្រូវបានចាត់ទុកជាក្រុមជ្រុលនិយមថែមទៀត ខណៈសមាជិកមួយចំនួន ត្រូវបានកាត់ទោស ក្រោយពាក្យស្លោករបស់សមាជិកក្រុមណាហ្ស៊ី ដែលមាននៅក្នុងសង្រ្គាមលោកលើកទីពីរ។
បក្ស AfD ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ បានដាក់ចេញគោលនយោបាយរឹតត្បិតខ្លាំងលើជនអន្តោប្រវេសន៍ រួមទាំងប្រកាន់យកគោលនយោបាយបញ្ចប់ជំនួយទៅអ៊ុយក្រែន, ដើរចេញសហភាពអឺរ៉ុប ហើយប្រឆាំងណាតូ (NATO) និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: