ឡៅ ស៊ីណាត៖ មានតែការប្រឹងហ្វឹកហាត់ទេ ទើបអាចឲ្យ ឡៅ ចន្ទ្រា ត្រឡប់ទៅដូចដើមវិញ
  • ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
ឡៅ ស៊ីណាត៖ មានតែការប្រឹងហ្វឹកហាត់ទេ ទើបអាចឲ្យ ឡៅ ចន្ទ្រា ត្រឡប់ទៅដូចដើមវិញ
ឡៅ ស៊ីណាត៖ កីឡាករ ឡៅ ចន្ទ្រា មិនទាន់មានសមត្ថភាពខ្លាំងដូចពីមុនទេ

លោក ឡៅ ស៊ីណាត អតីតកីឡាករប្រដាល់គុនខ្មែរ និងជាគ្រូជំនួយ ក្នុងបញ្ជាការដ្ឋានទ័ព ពិសេស បានលើកឡើងថា កីឡាករ ឡៅ ចន្ទ្រា ត្រូវការការហ្វឹកហាត់ឱ្យខ្លាំង ដើម្បីឲ្យ​សមត្ថភាពខ្លាំងដូចដើម និងដើម្បីស្ដារប្រជាប្រិយភាពឡើងវិញ។ លោក ឡៅ ស៊ីណាត លើកឡើងដូច្នេះ ដោយសារតែឃើញពីទម្រង់វាយរបស់ ឡៅ ចន្ទ្រា ជាមួយ សៃ យុគ គឺ​មិន​បាន​៥០ភាគរយ នៃសមត្ថភាពរបស់កីឡាកររូបនេះពីមុននោះទេ។
TTN-Free-Banner-In-Article-PC

 
ឡៅ ចន្ទ្រា បានប្រកួតឈ្នះ សៃ យុគ ដោយពិន្ទុ ក្នុងការដណ្ដើមខ្សែក្រវាត់គុនខ្មែរ លើ​ប្រ​ភេទទម្ងន់ ៧៨គីឡូក្រាម កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៥ នៅស្រុកបាទី​ ខេត្តតាកែវ។ តាម​រយៈការប្រកួតនេះ គេឃើញថា ឡៅ ចន្ទ្រា បង្ហាញសមត្ថភាពល្អជាងការប្រកួត​មុន​ៗ ដោយសារការវាយលឿន និងមានភាពបត់បែន​ ជាមួយដៃគូប្រកួត។ ទោះជា សៃ យុគ មានអាយុ ៣៨ឆ្នាំ ដែលជាវ័យជ្រេបន្ដិច ហើយច្រើនជាង ឡៅ ចន្ទ្រា ដល់ទៅ៨ឆ្នាំ ប៉ុន្ដែ​សមត្ថភាពកីឡាករថៃរូបនេះ នៅតែខ្លាំង។ ឆ្លងកាត់ការប្រកួតនេះ ឡៅ ចន្ទ្រា នៅតែ​មិន​ទាន់អាចស្ដារប្រជាប្រិយភាពខ្លួន បានដូចដើម។
 
ដោយឡែក លោក ឡៅ ស៊ីណាត សង្កេតឃើញថា សមត្ថភាពរបស់ ចន្ទ្រា មិនទាន់​បាន​៥០​ភាគ​រយ នៃសមត្ថភាពដើមទេ ដោយសារតែកម្លាំងស្ទុះ និងការវាយមិនទាន់រហ័ស។ គ្រូ​ជំនួយរូបនេះ យល់ថា កីឡាករកម្ពុជាវ័យ ៣០ឆ្នាំរូបនេះ ត្រូវប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បី​ឲ្យសមត្ថភាពដូចដើម។
 
គ្រូជំនួយរូបនេះ បាននិយាយថា៖«ទម្រង់វាយរបស់ ឡៅ ចន្ទ្រា ឃើញថាត្រឡប់មកវិញ​បានខ្លះហើយ ប៉ុន្ដែមិនទាន់បាន៥០ភាគរយទេ ដូចពីទម្រង់គាត់កាលពីមុនទេ។ ខ្ញុំឃើញ​គាត់ធ្វើបានល្អជាងវគ្គមុនៗ ដែលអំឡុងពេលគេរិះគន់ថាធ្លាក់ៗ តែឥឡូវ ឃើញថាអាច​យោងបាន។ គាត់ ត្រូវព្យាយាមហ្វឹកហាត់ ដើម្បីឲ្យស្រកគីឡូ ហើយសមត្ថភាពដូចមុន ហើយល្បឿនវាយចេញល្អ។ បើគាត់ប្រឹងបន្ថែមទៀត អាចមកវិញ បាន៨០ភាគរយអី។»។
 
លោក ឡៅ ស៊ី ណាត បានបន្ថែមទៀតថា មុនពេលត្រៀមប្រកួតជាមួយ សៃ យុគ ហើយ​កាលពីមួយរយៈមុន ឡៅ ចន្ទ្រា ធ្លាក់ទម្រង់ប្រកួត និងសមត្ថភាពខ្លាំង ដែលក្នុងនោះ ធ្លាក់​ទាំងកម្លាំងស្ទុះ ការវាយចេញយឺត ហើយថែមទាំងឡើងគីឡូ។
 
គ្រូជំនួយរូបនេះ បញ្ជាក់ថាការធ្លាក់នេះ គឺព្រោះកីឡាកររូបនេះ កើតជំងឺបាក់ទឹកចិត្ត ដោយ​សារការរិះគន់ពីអ្នកគាំទ្រ រួមផ្សំជាមួយនឹងការហាត់មិនបានជាប់លាប់។ លោក ឡៅ ស៊ី ណាត បញ្ជាក់ដូច្នេះ៖«គាត់​ធ្លាក់នេះ ធ្លាក់​ទាំងអស់។ គាត់ធ្លាក់ទាំងស្ទុះ ធ្លាក់ទាំងកម្លាំង ធ្លាក់ការវាយចេញ។ ហើយរាងកាយគាត់ ក៏ឡើងគីឡូធំ។ ធម្មតារបស់កីឡា ប្រសិនជា យើងហាត់ស្ទើរ គាត់ធ្លាក់ការព្យាយាមហ្វឹកហាត់ផង ហើយគាត់បាក់ទឹកចិត្ត ដោយសារការ​រិះគន់របស់អ្នកគាំទ្រ។»។
 
គួរបញ្ជាក់ផងដែរ ឡៅ ចន្ទ្រា បច្ចុប្បន្ន មានអាយុ ៣០ឆ្នាំ បានឡើងប្រកួតសរុប ១៥១ដង ក្នុងនោះឈ្នះ ១១១ ប្រកួត ស្មើ២០ និងចាញ់ ២០ប្រកួត៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា