ឆ្នាំ ២០២៤ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប ១៥៨៥ ទាំងប្រកួតក្នុង និងក្រៅប្រទេស
  • ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ឆ្នាំ ២០២៤ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប ១៥៨៥ ទាំងប្រកួតក្នុង និងក្រៅប្រទេស
រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប ១៥៨៥ ពីគ្រប់ព្រឹត្តិការណ៍ការប្រកួតទាំងក្នុង និងក្រៅប្រទេស នៅឆ្នាំ ២០២៤។ ក្នុងរបាយការណ៍ដែលបង្ហាញនៅ​ពិធី​បើក​សន្និបាត​បូក​សរុបការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្រ្តីក្រសួង​អប់រំ បន្តជំរុញចលនា «យុវជនម្នាក់ចេញលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត»។
TTN-Free-Banner-In-Article-PC


ក្នុងឆ្នាំ ២០២៤ ក្រសួង​អប់រំ យុវជន និងកីឡា បានបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតកីឡាក្រៅប្រទេស ដោយដណ្តើមបាន ២៦៩ មេដាយ ក្នុងនោះរួមមាន ២៤ មេដាយពីជើងឯកពិភពលោក (មាស ៦, ប្រាក់ ៦, សំរឹទ្ធិ ១២), ១០៥មេដាយ ពីជើងឯកអាស៊ី (មាស ២២, ប្រាក់ ២១, សំរឹទ្ធិ ៦២), ៥៦មេដាយ ពីជើងឯកអាស៊ីអាគ្នេយ៍ (មាស ១២, ប្រាក់ ១៤, សំរឹទ្ធិ ៣០), និង ៦៦ មេដាយ ពីជើងឯកបើក ទូលាយ (មាស ២៣, ប្រាក់ ២១, សំរឹទ្ធិ ២២)។ 

ដោយឡែក ការប្រកួតកីឡាអន្តរជាតិក្នុងប្រទេស កម្ពុជាដណ្តើមបាន ១ ៣១៦ មេដាយ ពី៦ប្រភេទកីឡា ក្នុងនោះមេដាយមាស ៣៨៦ ប្រាក់ ៣៩០ និង សំរឹទ្ធិ ៥៤០។ មេដាយទាំងនេះ ក៏រាប់បញ្ចូលពីការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ និងកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» លើកទី១ ផងដែរ។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ នៅថ្ងៃទី២៤ ខែកុម្ភៈ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបង្ហាញពីការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងថែមទាំង បន្តជំរុញចលនា «យុវជនម្នាក់ចេញលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» ផងដែរ។

ក្រៅពីនេះ ក្រសួងបានរៀបចំទិវាកីឡា ដើម្បីទាំងអស់គ្នា ទិវាកីឡាអាស៊ាន ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព និងទិវាជាតិអប់រំកាយ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកាយ និងលេងកីឡាក្នុងចំណោមមហាជនគ្រប់រូប និងនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស តាមរយៈមុខវិជ្ជាអប់រំកាយ និងកីឡា។ ក្រសួងអប់រំ បានជំរុញគ្រឹះស្ថានសិក្សាអនុវត្តម៉ោង អប់រំកាយនិងកីឡា រយៈពេល២ម៉ោង ក្នុងមួយសប្តាហ៍ និងបានរៀបចំការប្រកួតកីឡសិស្សបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ដើម្បីជំរុញចលនា យុវជនម្នាក់ចេញលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ