ចំខួប៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ប្រទេសជាច្រើនដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
  • ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
ចំខួប៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ប្រទេសជាច្រើនដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែកុម្ភៈ។ រូបភាព AFP

បណ្តាប្រទេសជាច្រើនដូចជាសហភាពអឺរ៉ុប នូវែលសេឡង់ និងអូស្រ្តាលី នៅថ្ងៃទី២៤ ខែកុម្ភៈ បានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ក្នុងខួប៣ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុបរាប់ចាប់ពីដៃហ្គេមសម្រាប់បញ្ជាដ្រូន (Controller) រហូតដល់វិស័យធនាគារ។
TTN-Free-Banner-In-Article-PC


ថ្ងៃទី២៤ ខែកុម្ភៈ ជាខួបរយៈពេល ៣ឆ្នាំដែលរុស្ស៊ី បានបញ្ជូនទ័ពចូលដីអ៊ុយក្រែន ដើម្បីចង់កាន់កាប់នៅតំបន់ភាគខាងកើត។ ក្នុងខួបរយៈពេល ៣ឆ្នាំ បណ្តាប្រទេសជាច្រើនដូចជាសហភាពអឺរ៉ុប នូវែលសេឡង់ និងអូស្រ្តាលី បានដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យបញ្ចប់សង្រ្គាម។ 

«ទណ្ឌកម្មចុងក្រោយនេះ មិនត្រឹមតែផ្តោតលើកងកម្លាំងស្រមោល ប៉ុន្តែលើបុគ្គលដែលគាំទ្រប្រតិបត្តិការនាវាដឹកប្រេងដ៏គ្រោះថ្នាក់, ដៃហ្គេមប្រើសម្រាប់បញ្ជាដ្រូន, ធនាគារប្រើដើម្បីគេចពីទណ្ឌកម្ម និងប្រព័ន្ធផ្សព្វផ្សាយជាដើម»។ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សម្រាប់គោលនយោបាយសន្តិសុខ និងកិច្ចការបរទេសអឺរ៉ុប បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២៤ ខែកុម្ភៈ។ 

នេះជាកញ្ចប់ទណ្ឌកម្មលើកទី១៦ ដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ទណ្ឌកម្មលើកចុងក្រោយនេះ ធ្វើឡើងស្របពេលអ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលលំបាក ដ្បិតអាម៉េរិកចង់បានធនធានរ៉ែ ដើម្បីដោះដូរជាមួយនឹងជំនួយ។ 

ក្នុងថ្ងៃដដែល អូស្រ្តាលី និងនូវែលសេឡង់ បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ ទណ្ឌកម្មនេះ បានផ្តោតលើមន្រ្តី បុគ្គល និងក្រុមហ៊ុន ដែលជួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី ពាក់ព័ន្ធនឹងសង្រ្គាម។ ទន្ទឹមនេះ​ រដ្ឋាភិបាលនូវែលសេឡង់ នឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមលើមន្រ្តីកូរ៉េខាងជើង ដែលបានជួយនៅក្នុងសង្រ្គាមអ៊ុយក្រែន។ 

តាមសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មេដឹកនាំចំនួន ១៣នាក់ នឹងចូលរួមកិច្ចប្រជុំនៅអ៊ុយក្រែនដោយផ្ទាល់ ហើយមេដឹកនាំចំនួន ២៤នាក់ នឹងចូលរួមតាមប្រព័ន្ធវីដេអូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independence។ 

ដើម្បីរម្លឹកខួប៣ឆ្នាំនៃសង្រ្គាម លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានទៅដល់អ៊ុយក្រែនហើយ ក្នុងថ្ងៃទី២៤ ខែកុម្ភៈ ដោយធ្វើដំណើរតាមរថភ្លើង។ 

ប្រធានបទការចរចា និងការធានាសន្តិសុខ អាចជាប្រធានបទសម្រាប់មេដឹកនាំអឺរ៉ុបជួបគ្នានៅអ៊ុយក្រែន ស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល ត្រាំ ស្វះស្វែងរកការដោះស្រាយសង្រ្គាមជាមួយភាគីរុស្ស៊ី៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ