របរត្បាញកន្ទេលរំចេក គាំទ្រជីវភាពស្រ្តីចំណាស់៥រូប នៅភ្នំគូលែន ខេត្តសៀមរាប
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

សៀមរាប៖ ស្រ្តីវ័យប្រហែល៦០ឆ្នាំ ៥រូប រស់នៅលើភ្នំគូលែន ក្នុងភូមិសាស្ត្រភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបកំពុងរីករាយនឹងរបរត្បាញកន្ទេល, ទ្រនាប់ចានឆ្នាំង និងវត្ថុអនុស្សាវរីយ៍នានា។ ស្តី្រចំណាស់ទាង៥រូបនេះ ពេញចិត្តនឹងកិច្ចការតម្បាញនេះ ដ្បិតវាបានផ្ដល់ចំណូលមួយសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព។ អ្នកស្រី ហេង ហោន តំណាងក្រុមត្បាញលើកឡើងបែបនេះថា៖ «ពួកខ្ញុំចាស់ហើយ អត់អាចរកការងារអ្វីធ្វើបានទៀតទេ។ ដូច្នេះបានចំណូលពីរបរត្បាញនេះ ពួកយើងក៏សប្បាយអរដែរ។»។

យ៉ាងណាក៏ដោយ ការងារនេះ ក៏មានផលលំបាកខ្លះដែរ ព្រោះស្លឹករំចេកដែលជាវត្ថុធាតុដើមដ៏សំខាន់បំផុត មិនសូវសម្បូរ។ អ្នកស្រី ហេង ហោន លើកឡើងថា កូនចៅពួកគាត់ ត្រូវទៅចូលរកកាប់រំចេក ដល់ក្នុងព្រៃជ្រៅៗនៅភ្នំគូលែន។
សូមជម្រាបថា របរត្បាញកន្ទេលស្លឹករំចេកនេះ ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង«ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃ ធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា (INRM )» និងសម្របសម្រួលពីអង្គការសុខិកាល។ អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF ក៏បានរួមចំណែកគាំទ្រការងារតម្បាញកន្លេលរំចេកនៅលើភ្នំគូលែននេះដែរ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com