ព្រឹទ្ធសភា នឹងប្រជុំពិនិត្យនិងសម្រេច «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម»
- ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:១២ នាទី យប់

ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។

របៀបវារៈទី២ ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ របៀបវារៈទី៣ ព្រឹទ្ធសភា នឹងកំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
សូមរំលឹកថា រដ្ឋសភា បានប្រជុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំ លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី១៨កុម្ភៈ ក្រោមការដឹកនាំប្រជុំរបស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។
យោងតាមការផ្សាយរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់ថ្មីនេះ មានចំនួន៧មាត្រា។ ច្បាប់នេះ ប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជា ធិបតេយ្យ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គល ទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឬអំឡុងសម័យខ្មែរក្រហម៕
© រក្សាសិទ្ធិដោយ thmeythmey.com