បារាំងប្រាប់អាម៉េរិកថា អ៊ុយក្រែនមិនអាចលើកទង់ស ដើម្បីកិច្ចព្រមព្រៀងសន្តិភាពឡើយ
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង (ឆ្វេង) ចាប់ដៃជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅសេតវិមាន ក្នុងថ្ងៃទី២៤ ខែកុម្ភៈ។ រូបភាព AFP
ការបង្កើតកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាម មិនមែនតម្រូវឱ្យអ៊ុយក្រែនលើកទង់ស និងទម្លាក់អាវុធឡើយ។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់សមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ បែបនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ។ បើតាមលោកម៉ាក្រុង កិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន ត្រូវតែគិតគូរពីការធានាសន្តិសុខ។

ក្នុងថ្ងៃអ៊ុយក្រែនប្រារព្ធខួបសង្រ្គាមរយៈពេល ៣ឆ្នាំ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើទស្សនកិច្ចទៅអាម៉េរិក ដើម្បីជួបសមភាគី លោក ដូណាល់ ត្រាំ នៅសេតវិមាន។ តាមរយៈជំនួបថ្ងៃទី២៤ ខែកុម្ភៈ លោក ម៉ាក្រុង ប្រាប់លោក ត្រាំ កុំឱ្យដាក់សម្ពាធអ៊ុយក្រែនរហូតដល់លើកទង់ស ដើម្បីដោះដូរនឹងសន្តិភាព។
«សន្តិភាពនេះ មិនមែនជាការចុះចាញ់របស់អ៊ុយក្រែនឡើយ ហើយវាក៏មិនត្រូវមានកិច្ចព្រមព្រៀងបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខដែរ»។ លោក ម៉ាក្រុង បានបញ្ជាក់បែបនេះ។
ទោះមិនបានបញ្ជាក់ពីការធានាសន្តិសុខនៅអ៊ុយក្រែន លោកប្រធានាធិបតីអាម៉េរិក បានអះអាងថា ការចំណាយថវិកាដើម្បីរក្សាសន្តិភាពនៅអ៊ុយក្រែន ត្រូវតែជាបន្ទុករបស់អឺរ៉ុប មិនមែនជាអាម៉េរិកឡើយ។ កន្លងមក អាម៉េរិក មិនគាំទ្រការបញ្ជូនទ័ពអាម៉េរិកទៅរក្សាសន្តិភាពនៅអ៊ុយក្រែននោះទេ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព ព្រោះវាជាសន្តិភាពរបស់អ៊ុយក្រែន និងអឺរ៉ុបសុទ្ធសាធ។
ពីសេតវិមាន លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពអាចកើតមានក្នុងពេលឆាប់ៗ ហើយលោក នឹងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន ថែមទៀត។
ជាជំនួបលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងរបស់លោក ត្រាំ លោក ម៉ាក្រុង បានសរសើរប្រធានាធិបតីអាម៉េរិក ដែលសន្ទនាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលថ្មីៗ ហើយបញ្ជាក់ថា វាជាហេតុផលល្អសម្រាប់លោក ត្រាំ ក្នុងការធ្វើបែបនោះ។
ក្នុងថ្ងៃខួប៣ឆ្នាំដដែលនោះ មេដឹកនាំប្រទេសលោកខាងលិច ជាច្រើននាក់ បានបំពេញទស្សនកិច្ចនៅទីក្រុងកៀវដោយផ្ទាល់ ខណៈមេដឹកនាំមួយចំនួន ចូលរួមតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីការចរចាសន្តិភាព ការធានាសន្តិសុខ និងការបន្តដាក់សម្ពាធលើរុស្ស៊ី។ លើសពីនេះ បណ្តាប្រទេសជាច្រើនដូចជា សហភាពអឺរ៉ុប អង់គ្លេស នូវែលសេឡង់ និងអូស្រ្តាលី បានបញ្ចេញទណ្ឌកម្មថ្មីៗ ដើម្បីសង្កត់កសេដ្ឋកិច្ចរុស្ស៊ី។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីស៊ី ជិនភីង ក៏បានទូរសព្ទជជែកជាមួយលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងទ្វេភាគី។ បើតាមលោកស៊ី រដ្ឋាភិបាលក្រុងប៉េកាំង រីករាយដែលបានឃើញរដ្ឋាភិបាលក្រុងមូស្គូ និងភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះប្រកបដោយកាយវិការវិជ្ជមាន។ មេដឹកនាំចិន បានប្រកាសគាំទ្រកិច្ចសន្ទនារវាងរុស្ស៊ី និងអាម៉េរិក ហើយត្រៀមខ្លួនជាស្រេច ក្នុងការជួយដោះស្រាយជម្លោះអ៊ុយក្រែនប្រកបដោយសន្តិភាព៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: