ទាហានហ្វឹកហ្វឺនបាញ់គ្រាប់ពិត អាជ្ញាធរខេត្តសៀមរាប ហាមពលរដ្ឋចូលជិតតំបន់ភ្នំខ្យង២ថ្ងៃ
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:០៩ នាទី រសៀល

ពិធីបាញ់គ្រាប់កាំភ្លើងពិត អាកា៤៧ (AK47) ដល់សិក្ខាកាមពលទាហានហ្វឹកហ្វឺន របស់កងពលធំអន្តរាគមន៍លេខ២ ភូមិសាស្ត្រភ្នំខ្យង កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានជូនដំណឹងឱ្យពលរដ្ឋកំពុងស្នាក់នៅ ឬប្រកបរបរនៅជុំវិញទីលានបាញ់គ្រាប់ពិតភ្នំខ្យង ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ហាមចូល ឬទៅជិតតំបន់នេះ ដើម្បីចៀសវាងនូវបញ្ហាគ្រោះថ្នាក់នានា ដែលអាចកើតមានឡើងជាយថាហេតុ។

ការហាមឃាត់ខាងលើនេះ គឺដោយសារទាហានហ្វឹកហ្វឺន នៃកងពលធំអន្តរាគមន៍លេខ២ ដំណើរការបាញ់គ្រាប់ពិត ត្រួតពិនិត្យលទ្ធផលរបស់សិក្ខាកាមទាហានហ្វឹកហ្វឺន។ បើតាមរដ្ឋបាលខេត្តសៀមរាប ការបាញ់គ្រាប់ពិតនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ។
រដ្ឋបាលខេត្តសរសេរបញ្ជាក់ដូច្នេះ៖ «ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរកន្លែងបាញ់គ្រាប់ពិតខាងលើបណ្ដោះអាសន្នតាមកាលបរិច្ឆេទខាងលើ ដើម្បីចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលកើតជាយថាហេតុ»។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តសៀមរាប ឱ្យស្នងការនគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, រដ្ឋបាលស្រុកស្វាយលើ, មន្ទីរ និងអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: