តម្លៃគ្រីបតូដាំក្បាលចុះ ក្រោយចោរបច្ចេកវិទ្យាកូរ៉េខាងជើងលួច ១,៥ពាន់លានដុល្លារ
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

កាសគ្រីបតូ Bitcoin។ រូបភាព Canva
តម្លៃរូបិយប័ណ្ណគ្រីបតូ (Crptocurrency) ជាច្រើន រួមទាំង Bitcoin និង Ethereum បានធ្លាក់តម្លៃយ៉ាងខ្លាំង នៅថ្ងៃទី២៥ ខែកុម្ភៈ។ ការដាំក្បាលចុះបែបនេះ កើតមានក្រោយចោរបច្ចេកវិទ្យាកូរ៉េខាងជើង បានលួចកាស Ethereum ទំហំ ១,៥ពាន់លានដុល្លារ ពីកាបូបលុយឌីជីថលរបស់ក្រុមហ៊ុន Bybit។

ជាប្រវត្តិសាស្រ្តក្នុងទីផ្សាររូបិយប័ណ្ណគ្រីតូ ក្រុមចោរបច្ចេកវិទ្យា (Hacker) បានលួចកាស Ethereum ទំហំ ១,៥ពាន់លានដុល្លារពីកាបូបលុយឌីជីថលរបស់ក្រុមហ៊ុន Bybit ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម នៅសប្តាហ៍មុន។
ក្រោយចោរកម្មដ៏ធំបំផុតនេះ តម្លៃកាសគ្រីតូជាច្រើន បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះរួមទាំងកាសធំៗដូចជា Bitcoin និង Ethereum។
គិតត្រឹមម៉ោង២ និង៣០នាទីថ្ងៃទី២៥ ខែកុម្ភៈ តម្លៃកាស Bitcoin សល់ត្រឹម៨៩១៦៨ដុល្លារ ក្នុងមួយកាស។ ចំណែក កាស Ethereum ធ្លាក់មក ២៣៤២ដុល្លារ។ តម្លៃកាស Bitcoin បានធ្លាក់នៅក្រោម ៩ម៉ឺនដុល្លារជាលើកដំបូង បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុន Bybit ជាក្រុមហ៊ុនជួញដូរគ្រីបតូទំហំធំលំដាប់ទី២លើពិភពលោក ដោយមានអ្នកប្រើប្រាស់រហូតដល់ ៤០លាននាក់ឯណោះ។
ក្រោយការលួចគ្រីបតូទំហំដ៏ច្រើននេះ នាយកប្រតិបត្តិក្រុមហ៊ុន Bybit លោក Ben Zhou បានការពារថា ក្រុមហ៊ុនមានសមត្ថភាពចេញសងលើការបាត់បង់គ្រីបតូទំហំ ១,៥ពាន់លានដុល្លារ។ លើសពីនេះ ក្រុមហ៊ុន Bybit បានប្រកាសលើកទឹកចិត្តរហូតដល់ ១០ភាគរយនៃគ្រីបតូបាត់បង់សម្រាប់អ្នកជំនាញផ្នែកសន្តិសុខ ប្រសិនបើអាចទាញយកកាសគ្រីបតូដែលមានលួចទំហំ ១,៥ពាន់លានដុល្លារនោះត្រលប់មកវិញ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: