មេទ័ពជើងគោកអាម៉េរិកប្រចាំប៉ាស៊ីហ្វិក វាយតម្លៃខ្ពស់ចំពោះបេសកកម្មកម្ពុជាលើឆាកអន្តរជាតិ
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

លោក Ronald P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ជួបពិភាក្សាការងារជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ រូបថត៖ ហ្វេសប៊ុកផេកផ្លូវការ សម្តេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) មេបញ្ជាការនៃកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC) បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងជំនួបជាបន្តបន្ទាប់ចាប់តាំងពីសមភាគីកងទ័ពជើងគោកកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិ រហូតដល់នាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍អាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក។ ជាមួយគ្នា លោក ក្លាក និងឥស្សរជនកម្ពុជា ក៏បានពិភាក្សាដោយផ្តោតសំខាន់លើទំនាក់ទំនងការពារទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសន្ទនាជាបន្តបន្ទាប់។

មធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារ សហរដ្ឋអាម៉េរិក-កម្ពុជា ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈសមយុទ្ធយោធាផ្តោតលើការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ, បេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាអស់មីន។ ទាំងនេះ ជារបៀបវារៈនៃកិច្ចពិភាក្សារវាងលោក រ៉ូណាល់ ខ្លាក ជាមួយថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា។
នាជំនួបនៅវិមានសន្តិភាពជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ ក្លាក បានលើកឡើងពីពីសារសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ភាគីកម្ពុជា។

អត្ថបទទាក់ទង
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិករូបនេះ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាបាន រួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក។
ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡើវិញលើសកម្មភាពមួយចំនួន ពិសេសការបណ្ដុះបណ្ដាលនាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលបានអរគុណរដ្ឋាភិបាលអាម៉េរិក ចំពោះការបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់។ សម្តេចបានបញ្ជាក់នៅចំពោះមុខមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក យ៉ាងដូច្នេះ៖ « ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំង ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក»។
ទាក់ទងនឹងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នេះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអះអាងថា ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងការពារទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងស្វែងរកវិធីធ្វើឱ្យសហរដ្ឋអាម៉េរិក និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសុវត្ថិភាព និងមានសន្តិសុខកាន់តែច្រើន។

ស្ថានទូតអាម៉េរិក ក៏បានលើកឡើងផងដែរពីជំនួបប្រកបដោយផ្លែផ្ការវាងមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
យោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ក៏បានស្នើទៅមេបញ្ជាការកងទ័ពជើងគោកអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឱ្យពិនិត្យពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: