ទេសាភិបាលធនាគារជាតិ ពន្យល់ពីកម្រិតអតិផរណានៅកម្ពុជាកើនដល់៦ភាគរយក្នុងខែមករា
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា
ភ្នំពេញ៖ កម្ពុជាមានអតិផរណារួមក្នុងកម្រិត៦ភាគរយ នៅក្នុងខែមករា ឆ្នាំ២០២៥។ អតិផរណាខ្ពស់នេះ គឺដោយសារតែការឡើងថ្លៃនៃម្ហូបអាហារ។ នេះជាការបញ្ជាក់របស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលកម្ពុជាមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ។ បើតាមលោកស្រី ជា សិរី ក្នុងនោះបន្លែនៅលើទីផ្សារឡើងថ្លៃ ១៥,៦ ភាគរយ ផ្លែឈើកើន ១១,៩ ភាគរយ ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧ ភាគរយ និងថ្លៃសាច់ជ្រូកកើន ៤,៩ ភាគរយ ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅ កើនឡើង ៧,៨ ភាគរយ។ ប៉ុន្តែបើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេស្ជជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧ ភាគរយប៉ុណ្ណោះ។
លោកស្រីទេសាភិបាលធនាគារជាតិ បានពន្យល់តាមរយៈសំណេររបស់ខ្លួន ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ ទី២៥ ខែកុម្ភៈយ៉ាងដូច្នេះ៖ «ពាក្យថា សន្ទស្សន៍ គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឱ្យទម្ងន់ទៅលើថ្លៃទំនិញ ណា ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថា ការឡើងថ្លៃ ៦ ភាគរយ ចំពោះគ្រប់ទំនិញនោះទេ.»។
លោកស្រី ជា សិរី បន្តរៀបរាប់ថា ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដា ទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញ គឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។ ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជា គណនាអត្រាអតិផរណា ប្រចាំខែ និងប្រចាំឆ្នាំ។

«ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះ ដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត។»។ នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី បានដោយបន្ថែមថា ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨ ភាគរយ នៃកន្ត្រកមុខទំនិញ សម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។
អត្រាអតិផរណា គឺជាសូចនាករមួយ ដែលអ្នករៀបចំគោលនយោបាយ អាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយ សមស្រប ដើម្បីរក្សាអំណាចទិញរបស់ប្រជាជន។ ការរក្សាស្ថិរភាពថ្លៃ ជាមុខងារភារកិច្ចចម្បងមួយ របស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏មានភារកិច្ចសំខាន់ដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និងជំរុញផលិតភាព សម្រាប់ប្រើប្រាស់ក្នុងស្រុក។
បើតាម ទេសាភិបាលធនាគារជាតិនៃកម្ពុជា កម្រិតអតិផរណា គឺចុះមកវិញហើយ នៅក្នុងខែកុម្ភៈនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: