ស្រ្តី ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារសម្បត្តិធម្មជាតិ ​នៅសហគមន៍ការពារធម្មជាតិសំបូរ​​ អភិវឌ្ឍន៍ ​ខេត្តព្រះវិហារ
  • ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
ស្រ្តី ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារសម្បត្តិធម្មជាតិ ​នៅសហគមន៍ការពារធម្មជាតិសំបូរ​​ អភិវឌ្ឍន៍ ​ខេត្តព្រះវិហារ

ព្រះវិហារ៖ ស្រ្តីជាច្រើន នៅសហគមន៍ពារធម្មជាតិសំបូរអភិវឌ្ឍន៍ ស្ថិតក្នុងភូមិសំបូរ ឃុំ​ស្រ​យ៉ង់ ស្រុកគូលែន ខេត្តព្រៃវិហារ កំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការងារអភិរក្ស ធន​ធានធម្មជាតិរបស់ពួកគេ។ ទោះបីធ្លាប់រងការគំកំហែងពីជនខិលខូចមួយចំនួនក៏ដោយ ប៉ុន្តែស្ត្រីទាំងនោះ នៅតែ​មោះ​មុត និងបន្តលះបង់ពេលវេលា និងសូម្បីតែថវិកាផ្ទាល់ខ្លួន សម្រាប់ការចេញល្បាត សំដៅទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
TTN-Free-Banner-In-Article-PC


អ្នកស្រី ប៊ូច នុត សមាជិក និងជាបេឡាករនៃសហគមន៍​តំបន់ការពារធម្មជាតិសំបូរ​អភិវឌ្ឍន៍ បាន​​ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការតាំងចិត្តឥតខ្លាចរអា របស់ស្ត្រី​នៅក្នុង​សហគមន៍ក្នុងកិច្ចការអភិរក្សនេះ ក៏​ដោយសារ​សហគមន៍ ចង់រក្សាព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះនានា សម្រាប់ទាញយកអនុផលព្រៃឈើ ដូចជា រកផ្សិត ស្លឹកប្រិច និងជ័រឈើ ជាពិសេស ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ម្យ៉ាងទៀត ការ​កោតសរសើរពី​ក្រសួងបរិស្ថាន និងការលើកទឹកចិត្តផ្នែកថវិកាពីអង្គការដៃគូនានា រឹតតែជំរុញឱ្យ​ប្រជា​សហគមន៍ កាន់តែសកម្ម ក្នុងការងារ​ការពារធនធានធម្មជាតិ របស់ខ្លួន។ អ្នកស្រី ប៊ូច នុត បន្ថែមដូច្នេះ។ 

សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖



សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ បង្កើតឡើង​នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១២ លើផ្ទៃដីចំនួន ១ ០៧១ហិកតា និងមានពលរដ្ឋរស់នៅ ១៧២គ្រួសារ។ ការងារសំខាន់ៗ​របស់សហគមន៍គឺ ផ្ដោតទៅលើកិច្ចការងារអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកប​ដោយ​និរន្តរភាពដើម្បីជួយជាចំណែកលើកកម្ពស់ ជីវភាពរបស់ប្រពលរដ្ឋក្នុងតំបន់។

ក្រៅពីអភិរក្ស សហគមន៍ដាច់ស្រយាលមួយនេះ ក៏បានដាំកូនឈើជាច្រើនប្រភេទ ដូចជា ក្រញូង ធ្នង់ និងត្រសេក នៅលើផ្ទៃដីជាង៦០ហិកតា បន្ថែមទៀត​ដែរ ដើម្បីស្តារឡើងវិញ​​តំបន់ព្រៃរិចរិល បង្កើនជីវចម្រុះ និងរួមចំណែក​ប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួល​អាកាសធាតុ​ជាសកល។ 

ដោយឡែក ក្រោមជំនួយគាំទ្រពីគម្រោង INRM នៅចុងឆ្នាំ២០២៤កន្លងទៅ ​សហគមន៍ បានដាំ​កូនឈើចំនួន ៣ ០០០ដើម លើផ្ទៃដី ៣ហិកតា និងគ្រោងដាំកូនឈើបន្ថែម នៅឆ្នាំ​២០២៥ ជាង ២ ០០០ដើម លើផ្ទៃដីជាង២ហិកតាទៀត៕

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា