«សត្វស្លាប» លើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ព្រៃសហគមន៍ចង្រ្កានរយ ខេត្តសៀមរាប
- ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

សៀមរាប៖ ការទស្សនា និងថតសត្វស្លាប គឺជាផលិតផលទេសចរដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋច្រើនគ្រួសារនៅ «សហគមន៍អេកូទេសចរណ៍ធម្មជាតិចង្រ្កានរយ» ស្ថិតក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

សហគមន៍អេកូទេសចរណ៍ ដែលមានភូមិសាស្រ្តជាប់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នេះ ត្រូវបានគេចាត់ទុកថាជាតំបន់លំហែបៃតង និងផ្សងព្រេង។ នៅទីនោះ សម្បូរទៅដោយព្រៃឈើ ទឹកធ្លាក់ ផ្ទាំងថ្មធំៗ និងសត្វព្រៃសម្បូរបែប។
កាន់តែពិសេសជាងនេះទៀត គឺទេសចរអាចទស្សនា និងផ្ដិតយករូបភាពសត្វស្លាបរាប់រយ ប្រភេទដោយផ្ទាល់។ ការចូលមើល និងថតសត្វស្លាបនេះ ជាផលិតផលទេសចរណ៍ដ៏សំ ខាន់ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ និងគាំទ្រដល់ការងារអភិរក្សក្នុងតំបន់។
អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ចង្ក្រានរយ បានអះអាងថា សមិទ្ធ ផលដែលកំពុងទាក់ទាញភ្ញៀវ មកទស្សនាឥតដាច់នៅពេលនេះ បានមកពីការខិតខំប្រឹង ប្រែងរបស់សហគមន៍ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ក្នុងនោះ សហគមន៍ តែងតែ ពន្យល់ និងណែនាំដល់សមាជិក និងពលរដ្ឋជុំវិញ ឱ្យយល់ពីសារៈសំខាន់ក្នុងការថែរក្សា ព្រៃឈើ និងចូលរួមដាំស្តារព្រៃឈើបន្ថែម ដើម្បីទាញប្រយោជន៍សម្បូរបែបពីធម្មជាតិ ជា ជាងកាប់បំផ្លាញព្រៃឈើ។
សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លើទំហំផ្ទៃដីចំនួន ៩ ១០៤ហិកតា និងមានពលរដ្ឋរស់នៅប្រមាណ ៣ ៨៨៣គ្រួសារ។
ឆ្នាំ២០២៤ កន្លងទៅ សហគមន៍ បានដាំស្តារព្រៃ ៣៦ហិកតា តាមរយៈគម្រោងរបស់ក្រសួង បរិស្ថាន ដែលមានឈ្មោះថា «INRM» ដែលគាំទ្រមូលនិធីពី GEF។
គម្រោង បានចូលរួមថែរក្សា និងដាំស្តារព្រៃឈើឡើងវិញ ព្រមទាំងគិតគូរ ដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដោយធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថាន និង ជីវភាពរបស់សមាជិកសហគមន៍៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: