ស្ត្រីទីមួយស្នើសិល្បករ អ្នក​ច្នៃម៉ូត និងអ្នកសម្អាងឱ្យគិតគូរខ្ពស់​ដល់ទម្រង់ដើមនៃសម្លៀកបំពាក់
  • ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ស្ត្រីទីមួយស្នើសិល្បករ អ្នក​ច្នៃម៉ូត និងអ្នកសម្អាងឱ្យគិតគូរខ្ពស់​ដល់ទម្រង់ដើមនៃសម្លៀកបំពាក់

លោកស្រី ពេជ ច័ន្ទមុនី បាន​ផ្តល់យោបល់​ដល់សិល្បករ អ្នក​ច្នៃម៉ូត និងអ្នក​សម្អាងការទាំងអស់ ពិនិត្យឱ្យបានល្អិតល្អន់​នូវការ​ច្នៃប្រឌិត​ថ្មី ដើម្បីកុំឱ្យ​ប្រាសចាកខ្លាំងពេក​ពីលំនាំ​ដើម​នៃសម្លៀក​បំពាក់ខ្មែរ។ ស្ត្រីទីមួយ បានលើកឡើងពី​ចំណុចនេះ នាពិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ ដែល​រៀបចំដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅសាលសន្និសីទចមុតមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC


«កុំតម្រូវខ្លាំង​ជ្រុល​តាមតម្រូវការរបស់ទីផ្សារ​ ដែលនឹងនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់យើង»។ ភរិយាប្រមុខរដ្ឋាភិបាល បាន​ស្នើបែបនេះទៅកាន់សិល្បករ អ្នក​ច្នៃម៉ូត និងអ្នក​សម្អាងការ។ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនហាមឃាត់ការច្នៃ​ម៉ូតថ្មីនោះឡើយ ប៉ុន្តែរាល់ការច្នៃម៉ូតថ្មីទាំងអស់​ ត្រូវគិត​គូទៅតាមទម្រង់ ទៅតាមសម័យកាល ទៅតាម​ខ្នាត ទៅតាមអត្តសញ្ញាណ ភាពលម្អិតនៃការដេរប៉ាក់ក្បាច់​ក្បូរ ស្បៃ ផាហ៊ុម​ ហើយនឹងប្រភេទដែលប្រើប្រាស់​ ក៏ដូចជាតម្បាញសម្រាប់ការគោរពបូជាព្រះពុទ្ធសាសនាផងដែរ​។

បើតាមលោកស្រី ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ការគោរពបានលក្ខណៈដើមនៃសម្លៀកបំពាក់ខ្មែរ គឺជាការចូលរួមដ៏សំខាន់ដល់កិច្ចការអភិរក្សអត្តសញ្ញាណខ្មែរ តាមរយៈសម្លៀកបំពាក់ដែលដូនតា បានបង្កើតតាមទស្សនៈយកធម្មជាតិ មកធ្វើជាក្រណាត់ ជាមួយនឹងក្បាច់រចនា ហើយយកក្រណាត់ដែលមានក្បាច់រចនាមក​គ្របដណ្តប់លម្អ​រាងកាយ​។



លោកស្រីបាន​គូសបញ្ជាក់ថា៖ «ក្នុងនាមយើងទាំងអស់ជាជនជាតិខ្មែរ យើងមិនចង់ឱ្យ​កូនចៅរបស់យើងជំនាន់ក្រោយ ក្លាយទៅជាជន​ជាតិដែលគ្មានវប្បធម៌ គ្មាន​ប្រពៃណី ហើយនិងគ្មាន​សម្លៀកបំពាក់ប្រចាំជាតិសាសន៍របស់ខ្លួនឯងនោះទេ»។

ជាមួយគ្នានេះ ស្ត្រីទីមួយ បាន​អំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវជន​ ឱ្យ​បន្តចូលរួមស្វែងយល់ ប្រើប្រាស់ និងផ្សព្វផ្សាយ​នូវសម្លៀកបំពាក់ប្រពៃណី ដែលជាសម្បត្តិបេតិកភណ្ឌអរូបី បង្កប់នូវរូប​ភាពច្រើនម៉ូត ច្រើនទម្រង់ ក្បាច់រចនាប្រណីត ចម្រុះពណ៌ ​សមរម្យថ្លៃថ្នូរ សុភាព ទន់ភ្លន់ ស្រស់ស្អាត និងលើកទម្រង់ និងលើកសម្រស់។



«រាត្រីសមោរសំពត់បត់ខ្មែរ​លើកទី២» ក៏ជាការរៀបចំដើម្បីរំលឹកចងចាំទៅដល់ថ្ងៃដែលសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ ផងដែរ​។

ក្រៅពីការ​ដើរម៉ូត និងទស្សនីយភាពសិល្បៈនានា កម្មវិធីនេះ ក៏មាន​ការ​​ចាក់វីដេអូឯកសារ និង​ការបង្ហាញ​ម៉ូតសម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ ចាប់តាំងពីដើម​សម័យឧដុង្គ ដល់​សម័យ​កាលបច្ចុប្បន្ន។ កម្ម​វិធីលើកទី១ បាន​ប្រព្រឹត្តកាលពីដើមឆ្នាំ២០២៤ ក្រោមអធីបតភាពសម្តេច ម៉ែន សំអន ​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម