នាយករដ្ឋមន្រ្តីអង់គ្លេស​ ប្រកាសដំឡើងថវិកាការពារជាតិ មុនទស្សនកិច្ចនៅអាម៉េរិក
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
នាយករដ្ឋមន្រ្តីអង់គ្លេស​ ប្រកាសដំឡើងថវិកាការពារជាតិ មុនទស្សនកិច្ចនៅអាម៉េរិក
ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក Keir Starmer។ រូបភាព X_Keir Starmer

ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក Keir Starmer នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសដំឡើងថវិកាការពារជាតិ ដល់ ២,៥ភាគរយ ចាប់ពីឆ្នាំ២០២៧ តាមរយៈការកាត់បន្ថយជំនួយអន្តរជាតិ។ ការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេស ធ្វើឡើងមុនដំណើរទស្សនកិច្ចទៅអាម៉េរិក ដើម្បីជួបលោកប្រធានាធិបតី ដូណាល់​ ត្រាំ។
TTN-Free-Banner-In-Article-PC


នៅចំពោះមុខសមាជិកសភា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានប្រកាសដំឡើងការចំណាយសម្រាប់វិស័យការពារជាតិដល់ ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ចាប់ពីឆ្នាំ២០២៧។ 

«ចាប់ពីថ្ងៃនេះ ខ្ញុំអាចប្រកាសថា រដ្ឋាភិបាលអង់គ្លេស នឹងចាប់ផ្តើមការបង្កើនថវិកាក្នុងវិស័យការពារជាតិដ៏ធំ និងប្រកបដោយចីរភាព ចាប់តាំងពីបញ្ចប់សង្រ្គាមត្រជាក់»។ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ។ បើតាមលោក Starmer ការដំឡើងថវិកាការពារជាតិនេះ ធ្វើឡើងតាមរយៈការកាត់បន្ថយជំនួយអន្តរជាតិ ៤០ភាគរយ ដ្បិតវាចាំបាច់ក្នុងការគាំទ្រអឺរ៉ុប និងអ៊ុយក្រែន ក្នុងសម័យថ្មី។ 

ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានប្តេជ្ញាដំឡើងថវិកាការពារជាតិរហូតដល់ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅអាណត្តិបន្ទាប់ ដែលចាប់ផ្តើមនៅឆ្នាំ២០២៩។ ថវិកាការពារជាតិរបស់អង់គ្លេស នៅក្នុងឆ្នាំ២០២៤ មានចំនួន ៦៨,២ពាន់លានដុល្លារ។ 

ការបង្កើនថវិកាការពារជាតិចំនួន ២,៥ភាគរយ នឹងធ្វើឱ្យអង់គ្លេសចាក់បញ្ចូលថវិកាចំនួន ១៧ពាន់លានដុល្លារបន្ថែម ចូលទៅក្នុងវិស័យមួយនេះ។ 

កន្លងមក លោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសសមាជិកណាតូ (NATO) បង្កើនថវិកាការពារជាតិរហូតដល់ ៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ លោក Starmer ធ្វើទស្សនកិច្ចនៅអាម៉េរិក ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ៕

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ