កសិករដាំមៀនប៉ៃលិនត្អូញខាត ដោយសារក្រុមហ៊ុននាំចេញខ្វះកម្លាំងបេះ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
កសិករដាំមៀនប៉ៃលិនត្អូញខាត ដោយសារក្រុមហ៊ុននាំចេញខ្វះកម្លាំងបេះ
កសិកររែកផ្លែមៀនប៉ៃលិន។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តប៉ៃលិន

«មៀនប៉ៃលិន» នៅសល់លើដើមច្រើន ធ្វើឱ្យកសិករខ្លះក្នុងខេត្តប៉ៃលិន និងបាត់ដំបង បង្ខំ ចិត្តទុកចោល និងខ្លះបានលក់ទៅឱ្យឈ្មួញក្នុងស្រុក ដែលមានតម្លៃទាប។ លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី និងប្រធានទីផ្សារ នៃ សហគមន៍កសិកម្មមៀនប៉ៃលិន បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជលថ្មីៗថា បញ្ហានេះ បណ្ដាលមកពីទំហំ និងគុណភាពមៀនប៉ៃលិន របស់កសិករមិនត្រូវស្តង់ដា។ ម្យ៉ាងទៀត ក្នុងពេលដែលមៀនសម្បូរ ក្រុមហ៊ុន គ្មានកម្លាំងពលកម្មបេះគ្រប់គ្រាន់។
TTN-Free-Banner-In-Article-PC


លោក បុត ធឿន ម្ចាស់ចម្ការមៀនប៉ៃលិនមួយកន្លែងនៅខេត្តបាត់ដំបង បានឱ្យដឹងថា មៀនប៉ៃលិនឆ្នាំនេះ មានតម្លៃសមរម្យ ប៉ុន្តែជួបបញ្ហាទីផ្សារ ដោយសារក្រុមហ៊ុននាំចេញ បញ្ជា ទិញមិនអស់។ ការណ៍នេះ ធ្វើឱ្យមៀនរបស់ លោកនៅសល់លើដើមចន្លោះពី៤០ ទៅ៥០ ភាគរយ។ ចំពោះមុខ លោក និងកសិករផ្សេងទៀត បានរងការខាតបង់រួចទៅហើយ ដ្បិត គ្មានជម្រើស ក្រៅពីទុកឱ្យជ្រុះចោល និងលក់ទៅឱ្យឈ្មួញខ្មែរក្នុងតម្លៃទាបបំផុត។

បច្ចុប្បន្ន ក្រុមហ៊ុននាំចេញបានដាក់តម្លៃទិញមៀនប៉ៃលិន៣៥០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងឈ្មួញក្នុងស្រុក ដែលឱ្យតម្លៃត្រឹមតែ៤០០ ទៅ១ ០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ 

លោក បុត ធឿន អះអាងដូច្នេះថា៖ «តម្លៃមៀនប៉ៃលិនឆ្នាំនេះធម្មតា ដូចតែឆ្នាំមុនៗដែរ ប៉ុន្តែ ការបេះនៅសល់ច្រើនៗពេក។ ភាគច្រើនគេ (ក្រុមហ៊ុននាំចេញ) បេះតែពាក់ៗ កណ្ដាលនៃដើមប៉ុណ្ណោះ។ ដូច្នេះ ប្រជាជនដែលជាអ្នកដាំមៀនហ្នឹង ត្រូវតែលក់ទៅឱ្យ ឈ្មួញខ្មែរក្នុងតម្លៃថោកៗ ហើយឈ្មួញខ្មែរហ្នឹងក៏ទិញមិនទាន់ទៀត ធ្វើមៀនរបស់ពួកយើង ជ្រុះចោលពេញដី។ បើនិយាយទៅឆ្នាំនេះម្នាក់ៗ ខាតច្រើនដែរ។»។

ចំណែក លោក ងួន ពេញលាប កសិករដាំមៀនប៉ៃលិន ស្ថិតក្នុងខេត្តប៉ៃលិន បានលើក ឡើងថា ក្រុមហ៊ុននាំចេញ បានកក់ប្រាក់លើការទិញមៀនពីចម្ការរបស់លោករួចរាល់ហើយ ប៉ុន្តែ ចុងបញ្ចប់គឺពួកគេ សម្រេចបេះក្នុងចំនួនប្រាក់ដែលបានកក់តែប៉ុណ្ណោះ។ ករណីនេះ ធ្វើឱ្យមៀនរបស់លោក នៅសល់លើដើមស្ទើរតែ៥០ភាគរយ។

កសិករូបនេះ បានត្អូញត្អែរពីការខាតបង់ក្នុងរដូវប្រមូលផលដំបូងនេះ។ យ៉ាងណាក៏ដោយ លោក ងួន ពេញលាប សង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ មៀនប៉ៃលិន នឹងមានទីផ្សារល្អឡើងវិញ ព្រោះចម្ការនីមួយៗអាចស្បើយទិន្នផល។ 

លោក ប្រាប់ដូច្នេះថា ៖ «ក្រុមហ៊ុនគេកក់លុយហើយ តែគេបេះត្រឹមតែចំនួនលុយកក់ហ្នឹង ទើបធ្វើឱ្យខ្ញុំ និងកសិករផ្សេងទៀត ត្រូវទុកចោលគរពេញចម្ការ។ ចង់ មិនចង់ យើងត្រូវតែលក់ឱ្យឈ្មួញក្នុងតម្លៃថោក គឺ ១ ០០០រៀល ក្នុងមួយគីឡូក្រាម។ ដូច្នេះ តម្លៃនេះមិន បានចំណេញនោះទេ។»។ 

ចំណែក លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី និងប្រធានទីផ្សារនៃសហគមន៍កសិកម្មមៀនប៉ៃលិនថា ពិតជាមានករណីមៀនប៉ៃលិន សល់លើដើមច្រើនមែន ប៉ុន្តែបញ្ហានេះបានធូរស្រាលហើយ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ។ 

ក្នុងនាមប្រធានទីផ្សារនៃសហគមន៍កសិកម្មមៀនប៉ៃលិន លោកបញ្ជាក់ថា បញ្ហានេះ បណ្ដាលមកពីក្រុមហ៊ុនពុំមានកម្លាំងបេះ និងកន្លែងវេចខ្ចប់គ្រប់គ្រាន់ ស្របពេល ទិន្នផលមៀន កើនឡើងគំហុក។ មួយវិញទៀត មៀនរបស់កសិករខ្លះមិនត្រូវស្ដង់ដា សម្រាប់ការនាំចេញនោះទេ ហើយកាន់តែពិបាកជាងនេះទៀត គឺកសិករមិនមែនផែនការផលិត ឬប្រឹក្សាជាមួយសហគមន៍ជាមុន។ 

លោក សុផាន់បូរី ប្រាប់ដូច្នេះថា៖«ពិតជាកសិករលើកឡើងមែន ប៉ុន្តែបញ្ហនេះ មកពីពួកគេ ធ្វើអត់មានផែនការផលិត។ ដូច្នេះធ្វើឱ្យកំណើនទិន្នផលហ្នឹងចាល់មួយវគ្គ។ ក្នុងពេលនោះ ដែរ កន្លែងវេចខ្ចប់យើងមានដែនកំណត់ ហើយទី២ កម្លាំងពលកម្មដែលយើងប្រើប្រាស់ ក្នុងខែដែលអត់មៀនបេះ គឺពួកគាត់អត់ការងារធ្វើ ដូច្នេះ ពួកគាត់(កម្លាំងពលកម្ម) ត្រូវ សម្រាក។ រហូតដល់ មៀនសម្បូរវិញ យើងពិបាករកម្លាំងបេះវិញ។»។ 

ជាមួយគ្នានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗដែរថា ករណីមៀនប៉ៃលិន នៅសល់លើដើមនេះធ្លាប់កើតមាន។ បញ្ហានេះមកពីមៀនកសិករខ្លះស្អុយ ឬខូច ហើយខ្លះមិនមានទំហំ និងគុណភាពសម្រាប់ការនាំចេញ។ 

លោក ប្រាប់ដោយខ្លីបែបនេះថា៖«ករណីទាំងអស់នេះ (មៀនសល់លើដើម) យើងធ្លាប់ ឃើញកើតមាន។ វាមកពីមៀនរបស់កសិករខូច តូច មិនត្រូវស្តង់ដា ដែលគេទិញ»។

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៤កន្លងទៅ កម្ពុជានាំចេញផ្លែមៀនស្រស់ បានប្រមាណ ១៤ ៨១៧លានតោន កើនដល់១២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា