លោកត្រាំ មិនធានាសន្តិសុខអ៊ុយក្រែន ទោះអាចគ្រប់គ្រងធនធានរ៉ែអ៊ុយក្រែន
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
លោកត្រាំ មិនធានាសន្តិសុខអ៊ុយក្រែន ទោះអាចគ្រប់គ្រងធនធានរ៉ែអ៊ុយក្រែន
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអាម៉េរិកលើកដំបូង ក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ រូបភាព X_POTUS

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកុម្ភៈ បានច្រានចោលការធានាសន្តិសុខជាផ្លូវការសម្រាប់អ៊ុយក្រែន និងមិនអនុញ្ញាតឱ្យចូលសម្ព័ន្ធយោធាណាតូ (NATO) ទោះអាចទទួលសិទ្ធិគ្រប់គ្រងធនធានរ៉ែប្រទេសមួយនេះ ក្នុងទំហំដ៏ច្រើនក៏ដោយ។ ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែន នៅអាម៉េរិក ក្នុងថ្ងៃទី២៨ ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC


ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីស្បថចូលកាន់តំណែងនៅខែមករា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានលើកឡើងពីប្រធានបទអ៊ុយក្រែន ដែលកំពុងតែក្តៅគគុកនៅលើឆាកអន្តរជាតិ។ បើតាមលោក ត្រាំ គ្មានឡើយការធានាសន្តិសុខផ្លូវការរបស់អាម៉េរិកសម្រាប់អ៊ុយក្រែន នៅពេលមានកិច្ចព្រមព្រៀងសន្តិភាព ស្របពេលអាម៉េរិកអាចកាន់កាប់ធនធានរ៉ែជាច្រើន។ 

«វាជាកិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់អ៊ុយក្រែនផងដែរ ដោយសារតែពួកគេមានវត្តមានយើងនៅទីនោះ»។ លោក ត្រាំ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ដោយមិនបានបកស្រាយឱ្យបានច្បាស់លាស់ឡើយ។ 

នៅចំពោះមុខមន្រ្តីរបស់ខ្លួន លោកប្រធានាធិបតីបន្ថែមថា អាម៉េរិកនឹងបង្ហាញវត្តមាននៅអ៊ុយក្រែន ដោយនោះហើយជាសន្តិសុខស្វ័យប្រវត្តិដែលអាម៉េរិកផ្តល់ឱ្យអ៊ុយក្រែន និងគ្មាននរណាហ៊ានប៉ះប្រជាជនអាម៉េរិក។ តាមការប្រកាសរបស់លោក ត្រាំ នៅពេលកន្លងមក អាម៉េរិក អាចបញ្ជូនទ័ពទៅការពារធនធានរ៉ែនៅអ៊ុយក្រែន តែមិនមែនជាកម្លាំងការពារសន្តិភាពឡើយ។ 

ដ្បិតចាត់ទុកសង្រ្គាមនៅអ៊ុយក្រែន ជាបញ្ហាជាប់របងរបស់សហភាពអឺរ៉ុប លោក ត្រាំ ចង់ឱ្យប្រទេសអឺរ៉ុប ត្រូវតែទទួលខុសត្រូវ និងធានាសន្តិសុខជំនួស។ កន្លងមក មេដឹកនាំបណ្តាប្រទេសនៅតំបន់អឺរ៉ុប បានបើកកិច្ចប្រជុំ និងគាំទ្រពីការបញ្ជូនកម្លាំងការពារសន្តិភាពទៅអ៊ុយក្រែនហើយ នៅក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីកើតមាន។ 

ក្រៅពីការធានាសន្តិសុខ លោក ត្រាំ បានជំទាស់ជាថ្មីចំពោះរដ្ឋាភិបាលក្រុងកៀវ ដែលស្នើសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានអះអាងថា សង្រ្គាមនៅក្បែរខាងសហភាពអឺរ៉ុប ទំនងកើតមានដោយសារហេតុផលអ៊ុយក្រែនចង់ចូលណាតូ ព្រោះរុស្ស៊ីធ្លាប់លើកឡើងពីហេតុផលនេះ។ 

ក្នុងអាណត្តិទីពីរ លោក ត្រាំ បានលើកឡើងមិនដាច់ពីមាត់ចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានឈានចូលឆ្នាំទី៤។ មកទល់ពេលនេះ មេដឹកនាំអាម៉េរិក មិនទាន់បញ្ចេញផែនការឱ្យបានច្បាស់លាស់ឡើយ ដោយបានត្រឹមតែសង្កត់កអ៊ុយក្រែន ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាញយកធនធានរ៉ែក្នុងចំនួនដ៏ច្រើនប៉ុណ្ណោះ។

ប្រសិនគ្មានការប្រែប្រួលទេ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងបំពេញទស្សនកិច្ចនៅអាម៉េរិក ក្នុងថ្ងៃទី២៨ ខែកុម្ភៈ។ មេដឹកនាំអាម៉េរិក និងអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាញយកធនធានរ៉ែ និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ស្របពេលសង្រ្គាមនៅអ៊ុយក្រែនកំពុងបន្ត៕

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ