គ្រូជាប់កិច្ចសន្យា នឹងមានឱកាសក្លាយជាគ្រូក្របខណ្ឌ នៅពេលបំពេញគ្រប់លក្ខខណ្ឌ
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:០៨ នាទី រសៀល

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាពពីMoEYS
ភ្នំពេញ៖ គ្រូជាប់កិច្ចសន្យានៅថ្នាក់បឋមសិក្សា នឹងមានឱកាសក្លាយជាគ្រូក្របខណ្ឌ ក្រោយបំពេញលក្ខខណ្ឌគ្រប់គ្រាន់។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ គិតគូរលើលក្ខខណ្ឌ បញ្ចូលគ្រូបឋមជាប់កិច្ចសន្យា ទៅជាគ្រូក្របខណ្ឌ។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ នៅថ្ងៃទី២៦ ខែកុម្ភៈ សម្ដេច នាយករដ្ឋម បានបញ្ជាឱ្យក្រសួងអប់រំ សហការជាមួយក្រសួងមុខងារសាធារណៈដើម្បីពិនិត្យលទ្ធភាពផ្ដល់ក្របខណ្ឌដល់គ្រូបឋមសិក្សាជាប់កិច្ចសន្យា ជាមួយលក្ខខណ្ឌដែលត្រូវកំណត់។
ជានាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៧ សម្ដេច ហ៊ុន ម៉ាណែត តែងចុះតាមសាលារៀន ដើម្បីពិនិត្យមើលការបង្រៀន និងរៀនរបស់សិស្ស។ ក្នុងដំណើរចុះពិនិត្យសម្ដេច ហ៊ុន ម៉ាណែត បានឃើញពីសកម្មភាពបង្រៀនរបស់គ្រូជាប់កិច្ចសន្យា ដែលមិនទាន់ក្លាយជាគ្រូក្របខណ្ឌ។ ចំពោះបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យមានការគិតគូរ ដល់គ្រូជាប់កិច្ចសន្យា ដែលបង្រៀននៅតាមមូលដ្ឋាននានា។
បើតាម សម្ដេច ហ៊ុន ម៉ាណែត គ្រូជាប់កិច្ចសន្យាដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ អាចពិនិត្យរៀបចំបញ្ចូលជាក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ ដោយរៀបចំការធ្វើតេស្ត និងបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញ ឬបច្ចេកទេស ២ឆ្នាំ ឬ១៨ខែ។ លើសពីនេះ នាយករដ្ឋមន្រ្តី ក៏ឱ្យកែសម្រួលរយៈពេលនៃការធ្វើកិច្ចសន្យា ជាមួយគ្រូជាប់កិច្ចសន្យាថ្នាក់បឋមសិក្សា ដោយកែសម្រួលពី១ឆ្នាំម្តង ទៅ ២ឆ្នាំម្តង។
ការបញ្ចូលគ្រូបឋមជាប់កិច្ចសន្យា ទៅជាគ្រូក្របខណ្ឌនេះ ដោយសារសម្ដេច ហ៊ុន ម៉ាណែត សង្កេតឃើញថា គ្រូដែលបានប្រឡងជាប់ ពិបាកបញ្ជូនទៅ ដូច្នេះសម្ដេចចង់ឱ្យបញ្ចូលគ្រូជាប់កិច្ចសន្យានៅទីនោះតែម្ដង។ មួយវិញទៀតសម្ដេច យល់ថាគ្រូជាប់កិច្ចសន្យា ដែលមានបទពិសោធបង្រៀនច្រើនឆ្នាំ អាចដឹងពីវិធីសាស្រ្តជាងគ្រូទើបរៀនចប់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ រៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យ បឋម អនុវិទ្យាល័យ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ប្រមាណ ២ ០៨៨ នាក់ ដើម្បីបម្រើការងារនៅតាមសាលា រៀន ដែលមានតម្រូវការនៅទូទាំងប្រទេសផងដែរ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: