FBI ចោទ កូរ៉េខាងជើង នៅពីក្រោយការលួចគ្រីបតូទំហំ ១,៥ពាន់លានដុល្លារ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
FBI ចោទ កូរ៉េខាងជើង នៅពីក្រោយការលួចគ្រីបតូទំហំ ១,៥ពាន់លានដុល្លារ
លោក Kash Patel នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) (ឆ្វេង) និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA និងX_FBI

កូរ៉េខាងជើង ជាអ្នកនៅពីក្រោយការលួចរូបិយប័ណ្ណគ្រីបតូ Ethereum ទំហំ ១,៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Bybit កាលពីសប្តាហ៍មុន។ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) នៅថ្ងៃទី២៦ ខែកុម្ភៈ បានបញ្ជាក់បែបនេះ។ ការលួចគ្រីបតូលើក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួមនេះ ជាករណីលួចលុយឌីជីថលដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត។
TTN-Free-Banner-In-Article-PC


នៅសប្តាហ៍មុន ចោរបច្ចេកវិទ្យា (Hacker) បានលួចកាសគ្រីបតូ Ethereum ទំហំ ១,៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Bybit ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។ ក្នុងករណីលួចកាសពីកាបូបលុយឌីជីថលរបស់ក្រុមហ៊ុន Bybit នេះ ត្រូវបាន ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) ចោទថា កូរ៉េខាងជើងនៅពីក្រោយ។

«កូរ៉េខាងជើង មានចំណែកក្នុងការទទួលខុសត្រូវសម្រាប់ការលួចរូបិយប័ណ្ណគ្រីបតូដែលទំហំប្រមាណ ១,៥ពាន់លានដុល្លារពីក្រុងហ៊ុនទិញដូរ Bybit»។ ការិយាល័យ FBI បានប្រកាសបែបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ដោយបន្ថែមថា​ ក្រុម TraderTraitor ដែលស្គាល់ថា Lazarus Group គឺនៅពីក្រោយអំពើចោរកម្មនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 

ក្រោយក្រុមចោរបច្ចេកវិទ្យាលួចបាន គ្រីបតូមួយចំនួន ត្រូវបានប្តូរជាកាស Bitcoin ហើយបានផ្ញើទៅគណនីផ្សេងៗដែលមាននៅក្នុងប្លុកឆេនជាច្រើន។ ការិយាល័យ FBI ជឿថា នៅពេលក្រោយ ក្រុមចោរបច្ចេកវិទ្យា នឹងលាងរូបិយប័ណ្ណគ្រីបតូដែលបានលួចនោះ ហើយប្តូរទៅជាលុយ។ 

ក្រោយការលួចគ្រីបតូទំហំដ៏ច្រើននេះ នាយកប្រតិបត្តិក្រុមហ៊ុន Bybit លោក Ben Zhou បានការពារថា ក្រុមហ៊ុនមានសមត្ថភាពចេញសងលើការបាត់បង់គ្រីបតូទំហំ ១,៥ពាន់លានដុល្លារ។ លើសពីនេះ ក្រុមហ៊ុន Bybit បានប្រកាសលើកទឹកចិត្តរហូតដល់ ១០ភាគរយនៃគ្រីបតូបាត់បង់សម្រាប់អ្នកជំនាញផ្នែកសន្តិសុខ ប្រសិនបើអាចទាញយកកាសគ្រីបតូដែលមានលួចទំហំ ១,៥ពាន់លានដុល្លារនោះត្រលប់មកវិញ។

Lazarus Group ជាក្រុមបច្ចេកវិទ្យាដ៏ល្បីឈ្មោះមួយរបស់កូរ៉េខាងជើង ហើយធ្លាប់វាយប្រហារលើក្រុមហ៊ុន Sony Pictures ថែមទៀត បន្ទាប់ពីចេញផ្សាយភាពយន្ត The Interview និយាយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ក្រុមបច្ចេកវិទ្យាកូរ៉េខាងជើងមួយនេះ ត្រូវបានចោទពាក់ព័ន្ធនឹងបទល្មើសលួចកាសគ្រីបតូជាច្រើនលើក។ 

ក្រុម Lazarus Group ត្រូវបានចោទថា នៅពីក្រោយការលួចកាសគ្រីបតូ Ethereum និង USD Coin ទំហំ ៦២០លានដុល្លារថែមទៀត នៅក្នុងឆ្នាំ២០២២ ពីប្លុកឆេន Ronin Network។ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ អាម៉េរិក និងជប៉ុន បានចោទក្រុមកូរ៉េខាងជើង ជាអ្នកនៅពីក្រោយការលួយកាសគ្រីតូទំហំ ៣០០លានដុល្លារ ពីក្រុមហ៊ុន DMM Bitcoin ថែមទៀត៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ